អូស្ត្រាលី​ជួយ​ស្រីលង្កា​ដើម្បី​ទប់ស្កាត់​ជំងឺគ្រុនឈាម​បន្ទាប់ពី​មនុស្ស​២៥០​នាក់​ស្លាប់​

357

​កាលពី​ថ្ងៃ​ពុធ ទី​១៩​កក្កដា អូស្ត្រាលី​បានប្រកាស​ជួយ​ទប់​ស្តា​ត់​ជំងឺគ្រុនឈាម នៅ​ប្រទេស​ស្រីលង្កា ជាទី​ដែល​ជំងឺគ្រុនឈាម​ដែល​បង្កឡើង​ដោយ​មូស​ខាំ​នេះ បានសម្លាប់​មនុស្ស​ជិត​២៥០​នាក់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​កម្មវិធី​សុខភាព​រយៈពេល​ខ្លី​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក នឹង​ជួយ​កាត់បន្ថយ​ការកើត​រាលដាល​នៃ​ជំងឺគ្រុនឈាម​នេះ ដោយ​កាត់បន្ថយ​ការ​រាលដាល​ជំងឺ​នេះ​បាន​ជាង​៥០​ភាគរយ​ក្នុង​រយៈពេល​ពី​៤​ទៅ​៦​សប្តាហ៍​។​

​កម្មវិធី​សុខភាព​រយៈពេល​វែង នឹង​ប្រើប្រាស់​មេរោគ Wolbachia ដែល​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នៃ​ជំងឺ ដែល​បង្កឡើង​ពីស​ត្វ​មូស​ដើម្បី​បញ្ឈប់​ការឆ្លង​ទៅ​មនុស្ស​។ យុទ្ធនាការ​ស្រដៀង​គ្នា​ទាំងនេះ កំពុង​ធ្វើ​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង កូ​ឡុំ​ប៊ី ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នៃ​វីរុស​ជំងឺគ្រុនឈាម​និង​វីរុស​ហ្ស៊ី​កា​។​

​កម្មវិធី​សុខភាព​ទាំង​២​នេះ ត្រូវបាន​ប្រកាស​ដោយ លោកស្រី ជូ​លី ប៊ី​សប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​។

​រដ្ឋាភិបាល​ស្រីលង្កា​កំពុង​ខំប្រឹងប្រែង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺគ្រុនឈាម​។ មនុស្ស​ជិត​១០០.០០០​នាក់ បាន​ឆ្លង​វីរុស​ជំងឺគ្រុនឈាម ហើយ​ចំនួន​ករណី​ឆ្លង​នេះ បាន​កើនឡើង​ឆាប់រហ័ស ចាប់តាំងពី​មាន​ទឹកជំនន់​កាលពី​ពាក់កណ្តាល​ខែឧសភា​៕ ដោយ៖​សុខា

​បុគ្គលិក​សុខ​ភិ​បាល បាញ់ថ្នាំ​សម្លាប់សត្វ​មូស​នៅ​សង្កាត់​មួយ​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា