អូស្ត្រាលី​និង​នូ​វែ​ល​សេ​ឡង់​បញ្ជូន​យន្តហោះ​ទៅ​ជប៉ុន​ដើម្បី​ជួយ​ពង្រឹង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​

2896
ចែករម្លែក

អូស្ត្រាលីនិងនូវែលសេឡង់បាននិយាយកាលពីថ្ងៃសុក្រទី៧កញ្ញាថារដ្ឋាភិបាលរបស់ពួកគេបានបញ្ជូនយន្តហោះល្បាតសមុទ្រ៣គ្រឿងទៅកាន់ប្រទេសជប៉ុនដើម្បីជួយកិច្ចប្រឹងប្រែងដើម្បីពង្រឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង។

លោក Christopher Pyne រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ អូស្ត្រាលីនឹងបន្ថែមយន្តហោះ ល្បាតសមុទ្រ AP-3C Orion ចំនួន២គ្រឿងទៀតទៅលើចំនួនយន្តហោះមានស្រាប់ ដែលបានបញ្ជូនទៅកាលពីដើមឆ្នាំនេះ ដើម្បីធ្វើការឃ្លាំមើលដែនសមុទ្រ។

លោក Winston Peters ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានកំពុងបញ្ជូនយន្តហោះP-3K2 ចំនួន១គ្រឿងដើម្បីធ្វើការល្បាតនៅសមុទ្រអន្តរជាតិនៅអាស៊ីភាគខាងជើងដើម្បីតាមឃ្លាំមើលនាវាដែលធ្វើសកម្មភាពរំលោភបំពានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង ដោយរួមទាំងការឃ្លាំមើលការផ្ទេរទំនិញពីនាវាមួយទៅនាវាមួយទៀត។

លោក Winston Peters បាននិយាយថា ” យើងស្វាគមន៍ជំនួបចរចាកាលពីពេលថ្មីៗនេះ ដែលកូរ៉េខាងជើងបានធ្វើជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងហើយ រហូតមកដល់ពេលនេះកូរ៉េខាងជើងនៅតែគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយអនុវត្តពេញលេញនៃសេក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ” ។

លោកបន្ថែមថា យន្តហោះទាំងនេះ នឹងត្រូវបានដាក់ឱ្យស្ថិតនៅមូលដ្ឋានកងទ័ពអាកាសKadena នៅប្រទេសជប៉ុន។

សហរដ្ឋអាមេរិកបានដាក់សម្ពាធលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្មដើម្បីឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកាលពីខែសីហា បានដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ីចំនួន២និងនាវាចំនួន៦ ដែលខ្លួនបាននិយាយថាបានពាក់ព័ន្ធនៅក្នុងការផ្ទេរផលិតផលប្រេងចម្រាញ់រួចទៅឱ្យនាវាកូរ៉េខាងជើងច្រើនគ្រឿងដែលរំលោភលើការរឹតត្បិតរបស់អង្គការសហប្រជាជាតិ៕ដោយ:សុខា/SN

យន្តហោះល្បាតAP-3C Orion របស់អូស្រ្តាលី

#