អូស្ត្រាលី​បង្កើត​កងកម្លាំង​ប្រឆាំង​ចារកម្ម ចំពេល​មានការ​បារម្ភ​អំពី​ចារកម្ម​ចិន​

158
ចែករម្លែក

អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​ទី​១​ធ្នូ​នេះ​បាន​បើក​ដំណើរការ​ក្រុមការងារ​ស៊ើបការណ៍​សម្ងាត់​កម្រិត​ខ្ពស់​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អ្វីដែល​ក្រុមមន្ត្រី​និយាយថា​ជាការ​ជ្រៀតជ្រែក​ពី​បរទេស​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​នេះ និង​បន្ទាប់ពី​មានការ​អះអាង​អំពី​ប្រតិបត្តិការ​ចារកម្ម​របស់​ចិន​យ៉ាង​គឃ្លើន ហៅថា Down Under​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន បាន​និយាយថា កងកម្លាំង​ថ្មី​នេះ​នឹងចូលរួម​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កំពូល​ទាំងអស់​របស់​ប្រទេស​ដើម្បី “​រំខាន​និង​រារាំង​អ្នក​ដែល​ប៉ុនប៉ង​ធ្វើឱ្យ​អន្តរាយ​ដល់​ផលប្រយោជន៍​ជាតិ​របស់​យើង​”​។​

​កងកម្លាំង​ថ្មី​នេះ​នឹង​តម្រូវឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ទាំងអស់ ដែលមាន​ភារកិច្ច​មើល​ការខុសត្រូវ​លើ​ការគំរាមកំហែង​ពី​បរទេស ធ្វើការ​សម្របសម្រួល​ជាមួយ​ប៉ូលិស​សហព័ន្ធ​ដើម្បី​កំណត់​អត្តសញ្ញាណ​និង​កាត់ទោស​ឬ​បណ្តេញ​ភ្នាក់ងារ​ចារកម្ម​បរទេស​។​

​លោក​ម៉ូ​រី​សុន​និយាយ​នៅក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង​កង់​បេ​រ៉ា​ថា “​យើង​នឹង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ថ្មី​ទាំងពី​សមត្ថភាព​ស៊ើបអង្កេត​ក៏ដូចជា​សមត្ថភាព​បន្ត​ការស៊ើបអង្កេត​និង​នាំយក​សមត្ថភាព​ទាំងនោះ​ទៅ​រំខាន​សកម្មភាព​ចារកម្ម​ឬ​តាមដាន​និង​យកមក​កាត់ទោស​។ ក្រុមការងារ​ប្រឆាំង​ការជ្រៀតជ្រែក​ពី​បរទេស​នេះ​គឺ​បង្កើតឡើង​ដើម្បី​កំណត់​អត្តសញ្ញាណ រំខាន និង កាត់ទោស​”​។​

​លោក​ម៉ូ​រី​សុន​មិនបាន​និយាយ​ចំៗ​ឈ្មោះ​ចិន​នោះទេ ដោយ​និយាយថា “​ការជ្រៀតជ្រែក​ពី​បរទេស​គឺ​ចេញ​មកពី​ប្រភព​ជាច្រើន​ខុសៗ​គ្នា និង​ជាការ​គំរាមកំហែង​ដែល​កំពុង​វិ​វត្ត​”​។​

​ប៉ុន្តែ​ការប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មានការ​លាតត្រដាង​ថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ការអះអាង​ដ៏​កក្រើក​ដោយ​លោក​វ៉ាង លី​ឈាង ដែល​ប្រហែលជា​ជន​រត់ចោលស្រុក​ជនជាតិ​ចិន អំពី​ចារកម្ម​របស់​ចិន​និង​ប្រតិ​ប​តិ្ត​ការ​លាក់កំបាំង​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​ការប្រកាស​នេះ​ក៏​កើតឡើង​ផងដែរ​បន្ទាប់ពី​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សន្តិសុខ​អូស្ត្រាលី​ចូលនិវត្តន៍​លោក ដាន់​ខេន ឡេ​វី​ស បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ចិន​ចង់ “​គ្រប់គ្រង​ប្រព័ន្ធ​នយោបាយ​របស់​អូស្ត្រាលី ជាមួយ​យុទ្ធនាការ​ចារកម្ម​ជា​ប្រព័ន្ធ​និង​បោក​បញ្ឆោត និង​ការ​ខ្ចីដៃ​អ្នកមានអំណាច​ក្នុងស្រុក​”​។​

​អាជ្ញាធរ​អូស្ត្រាលី​ក៏​កំពុង​ស៊ើបអង្កេត​ផងដែរ​នូវ​ការ​អះអាងថា ចិន​ព្យាយាម​ជ្រើសរើស​អ្នកជំនួញ​នៅ​ក្រុង​មែ​ល​ប៊​ន​ម្នាក់ និង​ធ្វើឱ្យ​គាត់​ជាប់ឆ្នោត​ជា​សមាជិកសភា​។​

​លោក បូ “​និ​ច​” ចាវ (Bo “Nick” Zhao) អាយុ ៣២ ឆ្នាំ ជា​អ្នកលក់​រថយន្ត​ប្រណីត ដែលជា​សមាជិក​នៃ​គណបក្ស​សេរីនិយម​របស់លោក​ម៉ូ​រី​សុន ទំនងជា​បាន​បដិសេធ​ការផ្តល់ជូន​របស់​ចិន ហើយ​ត្រូវគេ​រកឃើញ​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កាលពី​ខែមីនា​។​

​លោក​ម៉ូ​រី​សបាន​ពណ៌នា​ការចោទប្រកាន់​នេះ​ថា “​គួរឱ្យ​រំខាន​ខ្លាំង​”​។​

​ចិន​បានចាត់ទុក​ការអះអាង​នេះ​ថា​ជា “​ការ​ភូតកុហក​” ដោយ​ចោទប្រកាន់ “​អ្នកនយោបាយ អង្គការ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ក្នុងប្រទេស​អូស្ត្រាលី​ថា​ប្រឌិត​ឡើង​នូវ​អ្វីដែល​គេ​ហៅថា ករណី​ចារកម្ម​ចិន​”៕ ដោយ៖កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្កុ​ត ម៉ូ​រី​សុន