អូស្ត្រាលី​បញ្ជាក់​រកឃើញ​អ្នក​ឆ្លង​វីរុស​ទី​៥​លើ​ស្ត្រី​អ្នកដំណើរ​មក​ពី​ចិន​

129
ចែករម្លែក

​អូស្ត្រាលី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​ខែ​មករា​អំពី​ការរកឃើញ​ករណី​ទី​៥​នៃ​អ្នក​ឆ្លង​វីរុស​ថ្មី​នេះ​ដោយ​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយថា​ករណី​នេះ​ពាក់ព័ន្ធ​​នឹង​ស្ត្រី​អាយុ​២១ ឆ្នាំ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​តាម​ជើងហោះហើរ​ចុង​ក្រោយ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​មក​កាន់​ទីក្រុង​ស៊ីដនី នៅ​មុន​ពេល​ប្រទេស​ចិន​​បាន​ដាក់​បម្រាម​ធ្វើដំណើរ​។​

​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​ដែល​ត្រូវបាន​គេ​ជឿ​ថា​មាន​ប្រភព​ដើម​នៅក្នុង​ទីផ្សារ​លក់​សត្វព្រៃ​មួយ​នៅ​ទីក្រុង​វូ​ហាន​នេះ បាន​សម្លាប់​មនុស្ស​៨០ នាក់ ដែល​ពួកគេ​ទាំង​​អស់​នេះ​នៅក្នុង​ប្រទេស​ចិន​និង​ចម្លង​មនុស្ស​ជាង​២.៧០០ នាក់​ដែល​ភាគច្រើន​បំផុត​គឺ​នៅ​ប្រទេស​ចិន​។​

​លោក​ឃឺ​រី ចាន់ ប្រធាន​ផ្នែក​សុខាភិបាល​នៅ​រដ្ឋ​ញូ​វ សោត​វេល​ស៍​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ស្ត្រី​នេះ​បាន​ធ្វើដំណើរ​តាម​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ទីក្រុង​​ស៊ីដ​នី​ពី​ទីក្រុង​វូ​ហាន​ហើយ​រោគសញ្ញា​របស់គាត់ មាន​ការវិវត្តន៍​រយៈ​ពេល​២៤ ម៉ោង​ហើយ​បាន​ទៅ​មន្ទីរពេទ្យ​ជា​ទី​ដែល​ត្រូវបាន​ដាក់​ព្យាបាល​ដាច់ដោយឡែក​ពី​​គេ​”​។​

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកគេ​កំពុង​ធ្វើការ​ជាមួយ​ក្រុម​មន្ត្រី​ចិន​អំពី​ថា​តើ​ត្រូវ​ជម្លៀស​ពលរដ្ឋ​អូស្ត្រាលី​ជិត​១០០​នាក់​ពី​ទីក្រុង​វូ​ហាន យ៉ាងណា​នោះ​៕​ប្រែ​សម្រួល​៖​សុខា​

គ្រួសារ​មួយ មកដល់​អាកាសយានដ្ឋាន​ក្រុង​ស៊ីដ​នី បន្ទាប់ពី​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចេញពី​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃទី​២៣​ខែ​មករា​នេះ​