អូស្ត្រាលី​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ច្រើន​គ្រឿង​ទៅ​ហ្វីលីពីន ភាគខាងត្បូង​

879
ចែករម្លែក

​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយថា យន្តហោះ​ស៊ើបការណ៍​យោធា​ច្រើន​គ្រឿង​របស់​អូស្ត្រាលី​នឹង​ចាប់ផ្តើម​ហោះហើរ​ក្នុង​បេសកកម្ម​នៅលើ​ប្រទេស​ហ្វីលីពីន​ភាគខាងត្បូង ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ ដែល​បង្ក​ការភ័យខ្លាច​នៅ​តំបន់​នោះ​។​

​ក្រុម​យុទ្ធជន ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម (​ក្រុម​ISIS) បាន​កំពុង​វាយ​ប្រយុទ្ធ​លើ​កងទ័ព​រដ្ឋាភិបាល​អ​ស់​រយៈពេល​១​ខែ​មកហើយ នៅ​ជុំវិញ​ទីក្រុង​ម៉ា​រ៉ាវី នៅ​តំបន់​មិន​ដា​ណាវ ប្រទេស​ហ្វីលីពីន នៅក្នុង​ជម្លោះ​មួយ ដែល​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់​។​

​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា បាន​និយាយថា យន្តហោះ​អូស្ត្រាលី AP-3C Orion ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់​ចំនួន​២​គ្រឿង នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ការ​ស៊ើបការណ៍​ដល់​កងទ័ពរ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​។​

​លោកស្រី ម៉ា​រី​សេ ផេ​ណេ រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី បាន​និយាយថា “​ការគំរាមកំហែង​ក្នុង​តំបន់​ពី​ក្រុម​ភេរវកម្ម​ជាពិសេស​ក្រុម ISIS និង ក្រុម​យុទ្ធជន​សកម្មប្រយុទ្ធ​បរទេស​គឺជា​ការ​គំរាម​កំ​ហែល​ផ្ទាល់​ដល់​អូស្ត្រាលី​និង​ផលប្រយោជន៍​របស់​យើង​។ អូស្ត្រាលី នឹង​បន្តធ្វើ​ការងារ​ជាមួយ​ដៃគូ​របស់​យើង​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ISIS “​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានប្រកាស​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ទូទាំង​តំបន់​មិន​ដា​ណាវ​ដែលមាន​ប្រជាជន​២០​លាន​នាក់​រស់​នេះ កាលពី​ថ្ងៃទី​២៣​ខែឧសភា បន្ទាប់ពី​ក្រុម​ជន​សកម្មប្រយុទ្ធ ដែល​ធ្វើការ​ប្រយុទ្ធ​ក្រោម​ទង់​រដ្ឋ​អ៊ីស្លាម​នោះ បាន​វាយ​សម្រុកចូល​ទីក្រុង​ម៉ា​រ៉ាវី​៕

យន្តហោះ​អូស្ត្រាលី AP-3C Orion ២​គ្រឿង នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​ការ​ស៊ើបការណ៍​ដល់​កងទ័ពរ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ​