អូស្ត្រាលី​ប្តឹង​ឥណ្ឌា​ទៅដល់​អង្គការ WTO ជុំវិញ​ការឧបត្ថម្ភ​ធន​ស្ករអំពៅ​

690
ចែករម្លែក
  • 35
    Shares

​អូស្ត្រាលី​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​វិច្ឆិកា​ថា ខ្លួន​កំពុង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ប្រទេស​ឥណ្ឌា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជុំវិញ​ការឧបត្ថម្ភ​ធន​ស្ករអំពៅ ដែល​ខ្លួន​និយាយថា​បណ្តាលឱ្យ “​ធ្លាក់ចុះ​យ៉ាងគំហុក​” នូវ​តម្លៃ​ស្ករអំពៅ​លើ​ពិភពលោក និង​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក​។​

​ឥណ្ឌា​ដែលជា​អ្នក​ផលិត​ស្ករអំពៅ​ធំជាងគេ​ទី ២ នៅលើ​ពិភពលោក បាន​ឧបត្ថម្ភ​ធន​ដល់​ពួក​អ្នក​ដាំ​អំពៅ ដែល​បាន​កត់ត្រា​នូវ​ផលិតកម្ម​ស្ករអំពៅ​ច្រើន​បំផុត​កាលពី​រដូវ​ដាំ​ដុះ​ឆ្នាំមុន​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី លោក​សាយ​ម៉ុ​ន បឺ​មីង​ហ៊ែ​ម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​នឹង​គាំទ្រ​សិ​ទិ្ធ​ឧស្សាហកម្ម​ស្ករ​របស់​យើង​ដើម្បី​ប្រកួតប្រជែង​លើ​លក្ខខណ្ឌ​ស្មើភាព​គ្នា ហើយនឹង​ប្រើប្រាស់​នូវ​ច្បាប់ពាណិជ្ជកម្ម​សកល​ដែលមាន​ស្រាប់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កសិក​រ​របស់​យើង​”​។​

​លោក​បឺ​មីង​ហ៊ែ​ម​និយាយថា អូស្ត្រាលី​ដែលជា​ប្រទេស​នាំចេញ​ស្ករ​ធំ​លំដាប់​ទី​៣​នៅលើ​ពិភពលោក បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ទៅ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឥណ្ឌា ហើយ “​ខកចិត្ត​ខ្លាំង ដែល​ក្តីបារម្ភ​របស់​យើង​មិន​ត្រូវបាន​ដោះស្រាយ​”​។​

​លោក​និយាយទៀតថា “​ខណៈដែល​យើង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ប​ណ្តា​ប្រទេស​នានា​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​កសិកម្ម​រប​ស់​ពួកគេ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវតែ​ស្របទៅតាម​កាតព្វកិច្ចរ​បស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ត្រូវអនុវត្ត​តាមរបៀប​ដែល​មិន​ធ្វើឱ្យ​ខូច​ដល់​ពាណិជ្ជកម្ម​ពិភពលោក​”​។​

​រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹងចូលរួម​ការពិភាក្សា​ផ្លូវការ​ជាមួយ​ឥណ្ឌា​និង​សមាជិក WTO ដទៃទៀត​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​កសិកម្ម​នៅ​ចុងខែ​វិច្ឆិកា​នេះ​។​

​ប្រទេស​ផលិត​ស្ករ​សំខាន់ៗ​ដទៃទៀត ដូចជា ប្រេ​ស៊ី​ល​ដែលជា​ប្រទេស​ផលិត​ស្ករ​ធំ​បំផុត​លើ​ពិភពលោក ថៃ​និង​អូស្ត្រាលី ក៏បាន​បន្ទោស​ប្រទេស​ឥណ្ឌា​ផងដែរ ចំពោះ​ការរួមចំណែក​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​ស្ករអំពៅ​នៅលើ​ទីផ្សារ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​ត្រូវបាន​ស្តីបន្ទោស​ដោយ​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ផលិត​ដទៃទៀត​ចំពោះ​ការ​ទាញ​តម្លៃ​ស្ករអំពៅ​ឱ្យ​ធ្លាក់ចុះ