អូស្ត្រាលី​ស្វះស្វែង​សុំ​សិទ្ធិ​ចូលទៅ​ជួប​សកម្មជន​ជាប់ឃុំ​នៅ​វៀតណាម​

546
ចែករម្លែក

​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​មករា​បាន​និយាយថា​ខ្លួន​កំពុង​ស្វះស្វែង​សុំ​សិទ្ធិ​ចូលទៅ​ជួប​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​សញ្ជាតិ​អូស្ត្រាលី​ដើមកំណើត​វៀតណាម​ម្នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​នៅពេល​វិលត្រឡប់​ទៅ​ទីក្រុង​ហូជីមិញ​វិញ​។​

​សហសេវិក​របស់លោក​ចូ​វ វ៉ាន់​ខាំ (Chau Van Kham) នៅ​អូស្ត្រាលី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​ជឿថា​លោក​ខាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ១៣ មករា​។​

​ក្រសួងការបរទេស​អូស្ត្រាលី​បានបញ្ជាក់​ថា​ខ្លួន​បាន “​ស្វែងរក​សិទ្ធិ​ចូលទៅ​ជួប​បុរស​អូស្ត្រាលី​ម្នាក់​ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ប្រទេស​វៀតណាម​” ដើម្បី​ឆ្លើយតប​នឹង​សំណួរ​អំពី​វ៉ាន់​ខាំ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា “​សម្រាប់​ហេតុផល​ឯកជន យើង​មិនអាច​ផ្តល់ព័ត៌មាន​លម្អិត​បាន​ទេ​”​។​

​ការឃុំ​ឃាំង​វ៉ាន់​ខាំ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អ្នកសរសេរ​ប្លុក​និង​ជា​អ្នកនិពន្ធ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ចិន​។​

​លោក​ខាំ ដែលជា​អ្នកជំនួញ​ចូលនិវត្តន៍ កំពុង​ស្ថិតនៅលើ​បេសកកម្ម “​ស្វែងរក​ការពិត​” បាន​ចូល​តាមរយៈ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សហសេវិក​របស់លោក​ឈ្មោះ ផុង ង្វៀន (Phong Nguyen)​។​

​បុរស​ទាំងពីរ​នាក់​នេះ​គឺជា​សមាជិក​នៃ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ឈ្មោះថា Viet Tan ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ចាត់ទុកជា​អង្គការ​ភេរវកម្ម​។​

​អាជ្ញាធរ​វៀតណាម​បាន​ចោទប្រកាន់​ក្រុម Viet Tan ថា “​ញុះញង់​ឱ្យមាន​អំពើហិង្សា​” ដែលជា​ការចោទប្រកាន់​មួយ​ត្រូវបាន​ក្រុម​នេះ​បដិសេធ​។​

​ក្រុម​សហសេវិក​របស់លោក​វ៉ាន់​ខាំ​បាន​និយាយថា ពួកគេ​មិនបាន​ដឹងថា​តើ​លោ​កចូវ​ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​ណា​នោះទេ​។ ប្រពន្ធ​និង​ក្រុមគ្រួសារ​របស់គាត់​កំពុង​រស់នៅ​ទីក្រុង​ស៊ីដនី​៕ ដោយ៖ កញ្ញាដាលីស

លោ​កចូវ វ៉ាន់​ខាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ហូជីមិញ​កាលពី​ថ្ងៃទី ១៣ មករា