អូស្ត្រាលី អាមេរិក និង​ជប៉ុន នឹង​វិនិយោគ​រួមគ្នា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​

671
ចែករម្លែក

​ក្រុមមន្ត្រី​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​កក្កដា​នេះ​ថា អូស្ត្រាលី សហរដ្ឋអាមេរិក និង​ជប៉ុន​នឹង​វិនិយោគ​រួមគ្នា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​បំណង​ទប់​ទល់នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ដើម្បី​ដាក់​ឥទ្ធិពល​នៅក្នុង​តំបន់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានផ្តល់​ប្រាក់កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ “​ក្រវាត់​និង​ផ្លូវ​” របស់ខ្លួន ដែល​រួមមាន​ទាំង​បណ្តា​ប្រទេស​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ជា​តំបន់​ដែល​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ចាត់ទុកជា​ភូមិ​ផង​ក្បែរ​របង​ផ្ទះ​របស់ខ្លួន​។​

​រដ្ឋាភិបាល​អូស្ត្រាលី​បានលើកឡើង​ពី​ការព្រួយបារម្ភ​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ថា បណ្តា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​មួយចំនួន​អាច​នឹង​ជាប់គាំង​ជាមួយនឹង​បំណុល​គ្មាន​និរន្តរភាព ជាហេតុ​ប្រគល់​ឥទ្ធិពល​ឱ្យទៅ​ប៉េកាំង​តែម្តង​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី លោកស្រី ជូ​លី បាយ​សប បាន​និយាយថា ភាពជា​ដៃគូ​ត្រីភាគី​នេះ​នឹង “​កៀរគរ​ការវិនិយោគ​លើ​គម្រោង​នានា ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ឱកាស និង​ជំរុញ​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​លក្ខណៈ​សេរី បើកទូលាយ មានការ​ចូលរួម និង​មាន​វិបុលភាព​”​។​

​លោកស្រី​បន្តថា “​យើង​មានការ​ជឿជាក់​ដូចគ្នា​ថា​ការវិនិយោគ​ល្អ​គឺ​កើតចេញពី​តម្លាភាព ការប្រកួតប្រជែង​ដោយ​បើកទូលាយ និរន្តរភាព ការប្រកាន់​ខ្ជាប់​ស្តង់ដា​រ​ពិភពលោក​ដ៏​រឹងមាំ ការជួល​ពលករ​ក្នុង​មូលដ្ឋាន និង​ការបញ្ចៀស​នូវ​បំណុល​គ្មាន​និរន្តរភាព​”​។​

​លោកស្រី​បាន​និយាយថា ក្រសួងការបរទេស​អូស្ត្រាលី (DFAT) ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគឯកជន​ក្រៅប្រទេស​របស់​អាមេរិក (OPIC) និង​ធនាគារ​ជប៉ុន​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កំពុង​រៀបចំ​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​។​

​លោកស្រី​បាយ​សប​មិនបាន​និយាយ​ចំឈ្មោះ​ប្រទេស​ចិន​នៅក្នុង​ការប្រកាស​របស់​គាត់​នោះទេ​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​បាន​រិះគន់​ការជំរុញ​ខាង​ផ្នែក “​ការទូត​ទន់ភ្លន់​” របស់​ចិន​មកលើ​តំបន់​ប៉ាស៊ីហ្វិក និង​បាន​ផ្ដោត​ជាថ្មី​លើ​កម្មវិធី​ជំនួយ​របស់ខ្លួន​ដើម្បី​យកឈ្នះ​ចិត្ត​និង​បេះដូង​របស់​បណ្តា​ប្រទេស​កោះ​ទាំងនេះ​ឡើងវិញ​។​

​អូស្ត្រាលី​កាលពី​ខែ​មុន​បាន​និយាយថា ខ្លួន​នឹង​ចរចា​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ប្រទេស​វ៉ា​នូ​អា​ទូ ហើយនឹង​ផ្តល់​មូលនិធិ​និង​បង្កើត​ខ្សែកាប​គមនាគមន៍​ក្រោម​សមុទ្រ​មួយ​ទៅកាន់​ប្រទេស​កោះ​សូ​ឡូ​ម៉ុង និង ប៉ា​ពួ​នូ​វែ​ល​អាស៊ី​ហ្គី​ណេ​។​

​តួនាទី​របស់​ចិន​នៅក្នុង​តំបន់​នេះ​នឹង​ស្ថិតនៅលើ​របៀបវារៈ​កំពូល​នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន ១៨ នៅ​ប្រទេស​កោះ​ណូ​រូ ក្នុង​ខែកញ្ញា​ខាងមុខ​។​

​កាលពី​ដើមខែ​នេះ ចិន​បានប្រកាសថា ខ្លួន​នឹង​រៀបចំ​ផែនការ​កិច្ចប្រជុំ​កំពូល​ដំបូង​បំផុត​រវាង​ប្រធានាធិបតី​ស៊ី​ជីន​ពីង​និង​មេដឹកនាំ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក នៅមុន​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ឆ្នាំនេះ នៅ​ប្រទេស​ប៉ា​ពួ​នូ​វែ​ល​អាស៊ី​ហ្គី​ណេ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី លោកស្រី ជូ​លី បាយ​សប