អូស្មាន ហាស្សាន់ៈ សូម​សាធារណជន និង បងប្អូន អ៊ិ​ស្លាម កុំ​ប្រកាន់​រើសអើង​គ្នា​

73
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​សំណូមពរ​យ៉ាងទទូច​ដ​ល់​សាធារណជន​នៅ​កម្ពុជា​ថា សូមមេត្តា​កុំ​គិតថា បងប្អូន អ៊ិ​ស្លាម ជា​អ្នក​ទៅ​ចម្លង​មេរោគ ខូ​វីដ ១៩ មក​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​ផ្សេងៗ​លើក​ពិភពលោក ដែល​មិនមែនជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ក៏​ឆ្លង​មិន​រើសមុខ រើស​សាសនា​ដែរ ហើយ​នៅ​កម្ពុជា ក៏​ធ្លាប់មាន​អ្នក​ដែល​មិនមែនជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ថែមទាំង​មិនមែនជា​ជនជាតិខ្មែរ​ផង ត្រូវបាន​រកឃើញថា មាន​ជំងឺ ខូ​វីដ ១៩ ហើយ​ចូលមក​កម្ពុជា ហើយ​យើង​មិន​ទាំង​ប្រកាន់​រើសអើង​ពួកគាត់​ផង ។ ដូច្នេះ​សូមកុំ​ប្រកាន់​រើសអើង ចំពោះ​អ្នក​កាន់សាសនា អ៊ិ​ស្លាម ព្រោះ​អាច​នាំឱ្យមាន​ពាក្យសម្តី ឬ សតិអារម្មណ៍​មិនល្អ​ចំពោះ​គ្នា អ្នក​កាន់សាសនា អ៊ិ​ស្លាម ក៏​ជា​ខ្មែរ ពោលគឺ​យើង​សុទ្ធតែជា​ខ្មែរ​ដូចគ្នា ខុសគ្នា​តែ​សាសនា​ប៉ុណ្ណោះ ! ។​

លោ អូស្មាន ហាស្សាន់ ( កណ្តាល ) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន (​រូបៈ មេសា​)


​លោក អូស្មាន ហាស្សាន់ សំណូមពរ យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា រសៀល ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០២០​នេះ ទាក់ទង​នឹង​ផលប៉ះពាល់​របស់ COVID-19 មកលើ​សហគមន៍ អ៊ិ​ស្លាម នៅ​កម្ពុជា ។​


​គប្បី​រំឭកថា ប្រមាណ​ជា ២ សប្តាហ៍​មកនេះ មាន​បងប្អូន​ខ្មែរ អ៊ិ​ស្លាម ៧៩ នាក់ បានមកពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស ម៉ាឡេស៊ី ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ ត្រូវបាន​រកឃើញថា​មាន​ឆ្លង​ជំងឺ ខូ​វីដ ១៩ ចំនួន ២៣ នាក់ ដែល​បច្ចុប្បន្នកំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ថែទាំ និង ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ហើយ​សុខភាព​ពួកគាត់​មាន​សភាព​ធម្មតា លើកលែងតែ​មនុស្ស ២ ឬ ៣ នាក់​ដែលមាន​វ័យ​ចំណាស់ គឺ​ពួកគាត់​មិនសូវ​មាំទាំ​ស្រាប់​ទៅហើយ ។


​ចាប់ពីពេលនោះ​មក ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ហាក់​មាន​ភាព​មិនសូវ​ស្និទ្ធស្នាល​ល្អុ​ក​ល្អឺ​ន​នៅក្នុង​សង្គម​ខ្មែរ រវាង បងប្អូន ខ្មែរ អ៊ិ​ស្លាម និង ខ្មែរ​កាន់សាសនា​ផ្សេងៗ​ទៀត គឺ​ប្រការ​នេះហើយ​ជា​អ្វីដែល​ថ្នាក់ដឹកនាំ​ខ្មែរ អ៊ិ​ស្លាម បារម្ភ​ខ្លាច​ទិដ្ឋភាព​នេះ ប្រែ​រូប​ទៅជា​កាន់តែ​មិនសូវ​សប្បាយ​ចិត្តនឹង​គ្នា​រវាង​សហគមន៍ មូស្លីម នៅក្នុង​សង្គម​ខ្មែរ ។​


​លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក ៧៩ នាក់​នោះ ត្រូវ បាន​ពិនិត្យ​ជា ៣ ត្រួត ឬ ៣ ក្រវាត់ គឺ ៖ ១. ពិនិត្យ​អ្នក​ទាំង ៧៩ នាក់​នោះ ( ដែល​បាន​ពិនិត្យ​រួចរាល់​ហើយ រកឃើញ​ឆ្លង ២៣ នាក់ ), ២. ពិនិត្យ​គ្រួសារ​របស់​ពួកគាត់ ដែលជា​អ្នកទំនាក់ទំនង​ជាមួយ​ពួកគាត់​ផ្ទាល់ ដែល​រហូតមក​ដល់ពេលនេះ ក៏បាន​ពិនិត្យ​រួចរាល់​អស់ហើយ ទាំង​ប្រពន្ធ​កូន របស់គាត់ គឺ​មិន​រកឃើញថា បាន​ឆ្លង​ពី​ពួកគាត់​ឡើយ និង ៣. គឺ​អ្នក​ទាំងឡាយណា​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគាត់ ។​


​ចំពោះ​ក្រវាត់ ឬ ជុំ​ទី ៣ នេះ លោក អូស្មាន ហាស្សាន់ អះអាងថា បាន​ស៊ើបសួរ តាមដាន និង ពិនិត្យ​រហូតមកដល់​ពេលនេះ សរុប​ប្រមាណ​ជា ៣០០ នាក់ (​ដែល​ចំនួន​នេះ គួរតែ​អស់ហើយ ) ហើយ អវិជ្ជមាន​ទាំងអស់ លើកលែងតែ ២ នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ពី​ពួកគាត់ ។​


​ដើម្បី ឱ្យ​កាន់តែ​ទូលំទូលាយ​ជាងនេះទៅទៀត លោក អូស្មាន ហាស្សាន់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុមការងារ បាន និង កំពុង​តាមដាន រក​អ្នក​ទាំងឡាយណា ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជុំ ទី ៣ នេះ​ទៀត ។​


​ក៏​សូម​រំឭក​ផងដែរ​ថា តាំងពី​រកឃើញ​ករណី ខូ​វីដ ១៩ នោះមក កម្ពុជា ជា​បន្តបន្ទាប់ ក្រសួង​ស្ថាប័ន​មួយចំនួន បាន​ផ្អាក​កម្មវិធី​ជួបជុំ ហើយ​ក្រសួងសុខាភិបាល ក៏​បានចេញ​សេចក្តីប្រកាស​ឱ្យ​ផ្អាក​ការជួបជុំ​នានា​ក្នុង​កម្មវិធី​សាសនា​ទាំងអស់ នៅ​កម្ពុជា ។​


លោក អូស្មាន ហាស្សាន់ បាន​អះអាង​បន្ថែមថា ចាប់តាំងពី​មាន​បម្រាម​នោះមក គ្មាន​វិហារ ឬ ស៊ូ​រ៉ាវ នៃ បងប្អូន​សាសនា អ៊ិ​ស្លាម ណាមួយ ប្រតិបត្តិ​កម្មវិធី​សាសនា​ជា​លក្ខណៈ​ប្រមូលផ្តុំ គឺ​ពួកគាត់​ពេញចិត្ត​នឹង​គោរព​បម្រាម របស់​រាជរដ្ឋាភិបាល ព្រោះ​ពួកគាត់​ដឹង​ច្បាស់​ថា ពួកគាត់​ក៏​ជា​ខ្មែរ​ដូច​បងប្អូន​ទូទៅ​ក្នុងប្រទេស​ដែរ ។ ម្យ៉ាង​ជា​គោលជំហរ របស់ អ៊ិ​ស្លា​សាសនិក ប្រសិនបើ​មាន​ករណី​ពិសេស​ណាមួយ​តម្រូវ​ដោយ​អាជ្ញាធរ ជាដើម​នោះ គាត់​ក៏​តែងតែ​សម្រប​តាម​នោះដែរ ។ រហូត​ម​ដល់ពេលនេះ គឺ​មានតែ​ថ្វាយបង្គុំ​នៅតាម​ផ្ទះ ដែល​ចំណុច​នេះ លោក អូស្មាន ហាស្សាន់ បាន​សរសើរ​ចំពោះ​បងប្អូន​ខ្មែរ កាន់សាសនា អ៊ិ​ស្លាម ថា​គ្រាន់​តែមាន​សរាចរ​ណ៍​ចេញមក​ភ្លាម ក៏​ឃើញថា វិហារ និង ស៊ូ​រ៉ាវ ទាំងអស់ បាន​ផ្អាក​យ៉ាង​ព្រមៗ​គ្នា​ទូទាំងប្រទេស ដែល​នេះ​បញ្ជាក់​ពី​ភាពទន់ភ្លន់ គោរព​ច្បាប់​រដ្ឋ ពី​សំណាក់​បងប្អូន​មូស្លីម​កម្ពុជា ។​


​បើតាម លោក អូស្មាន ហាស្សាន់ ការថ្វាយ​បង្គុំ​នៅតាម​ផ្ទះ​រៀងខ្លួន មិន​ខុសពី​ច្បាប់​សាសនា អ៊ិ​ស្លាម ទេ ពោលគឺ​មិនចាំបាច់​ទៅ​ថ្វាយបង្គុំ​នៅ​ព្រះវិហារ ឬ ស៊ូ​រ៉ាវ ឡើយ ខណៈ​មាស​គ្រាន​អាសន្ន​បែបនេះ ហើយ​ថា ច្បាប់​សាសនា អ៊ិ​ស្លាម ហាម​ដាច់ខាត ការ​ទៅ​កន្លែង​ដែលមាន ជំងឺ ឬ យក​ជំងឺ​ទៅ​ចម្លង​អ្នកដទៃ ។


​នៅពេល​សួរ​បញ្ជាក់ថា តើ​ប្រាកដ​ហើយ ឬ នៅ​ថា អ្នក​ទាំង ៧៩ នាក់​នោះ នឹងមិន​មាន​ឆ្លង​ជំងឺ ខូ​វីដ ១៩ ថ្មី​ទៀត លោក អូស្មាន ហាស្សាន់ ឆ្លើយ​តាមបែប​សាសនា ( អ៊ិ​ស្លាម និង គ្រិស្ត ) ថា “ មានតែ​ព្រះ​ទេ​ទើប​ដឹង ! ប៉ុន្តែ បន្ទាប់ពី​បាន​ពិនិត្យ​រួចហើយ យើង​ជឿជាក់ថា មិនមាន​អ្វី​រីក​ធំ​ទៀត​ទេ ព្រោះ​រយៈពេល​នេះ ជាង ១០ ថ្ងៃ​ហើយ “ ។​
​លោ អូស្មាន ហាស្សាន់ ក៏បាន​ឱ្យដឹង​ផងដែរ​ថា តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រុមការងា​របស់គាត់ ( អូស្មាន ហាស្សាន់ ) កំពុង​ជ្រើសរើស​គ្រូពេទ្យ​ស្ម័គ្រចិត្ត មូស្លីម ៣០ នាក់​សម្រាប់​ចូលរួម​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កម្ពុជា ។​


​មុននឹង​បញ្ចប់ លោ អូស្មាន ហាស្សាន់ បាន​រំឭក​ឡើងវិញ​ថា បងប្អូន​ខ្មែរ កាន់សាសនា អ៊ិ​ស្លាម ក៏​ជា​ខ្មែរ ដូច​បងប្អូន​កាន់សាសនា​ផ្សេង​ឯទៀត​ដែរ គឺ​ពួកយើង​គឺជា​ខ្មែរ​ដូចគ្នា ។ ដូច្នេះ​សូមកុំ​ប្រកាន់ និង សូមកុំ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជាដើម​ដែល អាច​នាំឱ្យមាន​សតិអារម្មណ៍​រកាំរកូស​នឹង​គ្នា ។ ចំណែក​បងប្អូន​ខ្មែរ អ៊ិ​ស្លាម ប្រសិនបើ​ដំណាក់កាល​នេះ បាន​ជួប​អាកប្ប​ក​រិ​យា ឬ ពាក្យសម្តី ឬ ការ​បង្ហោះ​សារ​ណា មិនសូវ​ដូច​ពីមុន ក៏​សូមមេត្តា​អត់ធ្មត់​បន្តិច​សិន ស្ថានភាព​នេះ នឹង​រសាត់​បាត់ទៅ​ក្នុង​ពេល​មិនយូរ​ឡើយ ! សូម​អត់ធ្មត់​ទាំងអស់គ្នា ដើម្បី ឆ្លង​ដំណាក់កាល​ដ៏​លំបាក​នេះ​ឱ្យ​រួច​ជាមួយគ្នា ដើម្បី ប្រទេស​ខ្មែរ​យើងទាំងអស់គ្នា ! ៕ Kh