អូឡាំពិក​ក្រុង​តូ​ក្យូ​អាច​នឹង​ក្លាយជា “​អូឡាំពិក​រ៉ូ​បូត​”

123
ចែករម្លែក
  • 9
    Shares

​ការប្រកួត​អូឡាំពិក​ទីក្រុង​តូ​ក្យូ​អាច​នឹង​ត្រូវគេ​ស្គាល់​ថា “​អូឡាំពិក​រ៉ូ​បូត​”​។​

​ក្រុម​អ្នករៀបចំ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​បានបង្ហាញ​មនុស្ស​យន្ត​រ៉ូ​បូត​ជាច្រើន​គ្រឿង ដែល​នឹង​ប្រើ​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​ដើម្បី​ផ្តល់ជំនួយ​ដល់​អ្នកគាំទ្រ​ដោយ​ប្រើ​កៅអី​រុញ​។​

​មន្ត្រី​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​លោក​ម៉ាសា​អាគី កូ​មី​យ៉ា បានចង្អុលបង្ហាញ​ថា​ប្រទេស​ជប៉ុន​ល្បីល្បាញ​ខាង​បច្ចេកវិជ្ជា​រ៉ូ​បូត ហើយ​ការប្រកួត​អូឡាំពិក​រដូវក្តៅ​ឆ្នាំ ២០២០ គឺជា​កន្លែង​ដ៏​ល្អ​ដើម្បី​បង្ហាញ​បច្ចេកវិជ្ជា​នេះ​។​

​លោក​កូ​មី​យ៉ា អគ្គនាយករង​នៃ​អូឡាំពិក​ក្រុង​តូ​ក្យូ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​មនុស្ស​យន្ត​មិនគួរ​មានការ​ថ្នាំងថ្នាក់​ជាមួយ​មនុស្ស​ទេ​។ មនុស្ស​យន្ត​គឺជា​អ្វីមួយ​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​និង​អាច​ធ្វើការ​ជាមួយគ្នា​បាន​។ នោះ​ហើយ​ជា​ប្រភេទ​មនុស្ស​យន្ត​ដែល​យើង​មើលឃើញ​”​។​

​រ៉ូ​បូត​ទាំងអស់នេះ​គឺ​ផលិត​ដោយ​អ្នក​ឧបត្ថម្ភ​ធំ​ដល់​អូឡាំពិក​គឺ​ក្រុមហ៊ុន Toyota Motor Corp.​។ ក្រុមមន្ត្រី Toyota និយាយថា មនុស្ស​យន្ត​សម្រាប់​ជួយ​ដល់​មនុស្ស​ចំនួន ១៦ គ្រឿង​នឹងត្រូវ​ប្រើប្រាស់​នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយ​មនុស្ស​យន្ត​ជំនួយ​ដល់​ការដឹកជញ្ជូន​ចំនួន ៥ ទៀត​ក៏​អាច​រកបាន​ផងដែរ​។​

​ក្រុមហ៊ុន Panasonic Corp ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​ដែរ​របស់​អូឡាំពិក​បានបង្ហាញ “​ឈុត​សម្លៀកបំពាក់​ជំនួយ​ថាមពល​” របស់ខ្លួន​។ នៅពេល​ពាក់​ឈុត​នេះ វា​ផ្តល់នូវ​ការ​ម៉ាស្សា​ដល់​តំបន់​ខ្នង​និង​ត្រគាក​និង​អនុញ្ញាតឱ្យ​លើកដាក់​វត្ថុ​ធ្ងន់ៗ​ដោយ​មិនសូវ​ប្រើ​កម្លាំងបាយ​។ ក្រុមហ៊ុន Panasonic បាន​និយាយថា ឈុត​ចំនួន​២០​នឹងត្រូវ​បាន​ប្រើ​នៅឯ​ព្រឹត្តិការណ៍​អូឡាំពិក​ហើយ​អាចជួយ​ភ្ញៀវ​ជាមួយនឹង​អីវ៉ាន់​របស់​ពួកគេ​និង​ជាមួយ​ការងារ​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

អូឡាំពិក​ក្រុង​តូ​ក្យូ​២០២០ អ្វីៗ​នឹងត្រូវ​ប្រើ​មនុស្ស​យន្ត​មកជួយ