អូ​គី​ណា​វ៉ា បោះឆ្នោត​អំពី​ការ​រើមូលដ្ឋានទ័ព​អាមេរិក​

571
ចែករម្លែក
  • 32
    Shares

​ពួក​អ្នកស្រុក​អូ​គី​ណា​វ៉ា ជប៉ុន​បាន​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​កុម្ភៈ​នៅ​ក្នុង​ការបោះ​ប្រជាមតិ​មួយ​ស្តីពី​ការ​រើ​មូលដ្ឋាន​យោធា​អាមេរិក​មួយ​ទៅកាន់​ចុង​ដាច់ស្រយាល​របស់​​កោះ​។​

​ការបោះឆ្នោត​ដែល​ត្រូវបាន​មើលឃើញថា​គ្រាន់តែ​ជា​និមិត្តរូប​មួយ​និង​មិន​តំរូវ​អោយ​អនុវត្ត​តាម​អោយ​ខាន​តែ​បាន​នោះ បង្ក​អោយ​មាន​សំណួរ​អំពី​ផល​របស់​វា ទោះជា​មាន​​ការប្រឆាំង​ជំទាស់​នឹង​ចំណាត់ការ​នេះ​។​

​សន្លឹកឆ្នោត​សួរ​អ្នកស្រុក​ថា​តើ​ពួក​គេ​គាំទ្រ​ផែនការ​ចាក់​ដី​នៅ​ឆ្នេរ​ដាច់ស្រយាល​មួយ​សំរាប់​រើ​មូលដ្ឋាន​យោធា​Futenma ពី​ទីតាំង​បច្ចុប្បន្ន​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​លើ​​កោះ​អូ​គី​ណា​វ៉ា​នេះដែរ​ឬ​អត់​។​

​ការបោះឆ្នោត​បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយ​អ្នក​កោះ​អូ​គី​ណា​វ៉ា​១,១៥​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត​។​

​ការ​រើ​មូលដ្ឋាន​Futenma ទៅ​កាន់​តំបន់​ណា​ហ្គ្រោ ត្រូវ​បាន​ព្រមព្រៀង​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ខណៈ​អាមេរិក​ស្វះស្វែង​បន្ថយ​កំហឹង​ប្រជាជន​មូលដ្ឋាន ក្រោយ​ទាហាន​អាមេរិក​ម្នាក់់​​ចាប់​ក្មេងស្រី​សិស្សសាលា​ម្នាក់​រំលោភ​។​តែ​ផែនការ​នេះ​ត្រូវ​រាំងស្ទះ ដោយសារ​តែ​ប្រជាជន​មូលដ្ឋាន​ជំទាស់​នឹង​ការ​រើ​ទីតាំង​មក​កាន់​កន្លែង​ពួកគេ​។​

​សូមបញ្ជាក់​ថា មូលដ្ឋាន​Futenma​នេះ​បាន​បង្ក​កំហឹង​ជាមួយ​អ្នកស្រុក​ដោយសារ​តែ​បញ្ហា​មាន​ចាប់តាំងពី​សម្លេង​រហូត​ដល់​ឧបទ្ទវហេតុ​យោធា​និង​បទឧក្រិដ្ឋ​បង្កឡើង​ដោយ​យោ​​ធា​អាមេរិក​ចំពោះ​ប្រជាជន​មូលដ្ឋាន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន និយាយថា​ការ​រើ​ទី​ទាំងនេះ​នឹង​ដោះស្រាយ​បាន​ការព្រួយបារម្ភ​របស់​ប្រជាជន​មូលដ្ឋាន តែ​មនុស្ស​ជាច្រើន​នៅ​អូ​គី​ណា​វ៉ា​ចង់អោយ​រើ​វា​ទៅកាន់​កន្លែង​ផ្សេង​​នៅ​ជប៉ុន​។​

​អូ​គី​ណា​វ៉ា មាន​ដីគោក​ប្រមាណ​តែ​ជាង​១​ភាគរយ​នៃ​ដីគោក​ជប៉ុន​សរុប តែ​វា​ទទួល​តាំង​ទាហាន​អាមេរិក​ជាង​ពាក់កណ្តាល​(៤៧.០០០​នាក់​)​ក្នុងចំណោម​ទាហាន​អាមេរិក​ឈរជើង​​នៅ​ជប៉ុន​៕​ដោយ​៖​វាសនា​