អូ​បា​ម៉ា និង មី​ឆែ​ល ចុះ​កិច្ចព្រមព្រៀង​ផលិតភាព​យន្ត​ជាមួយ Netflix

927
ចែករម្លែក

​បា​រ៉ា​ក់ អូ​បា​ម៉ា និង មី​ឆែ​ល អូ​បា​ម៉ា បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​ផលិត​ខ្សែភាពយន្ត​និង​រឿង​ភាគ​ជាមួយ​ក្រុមហ៊ុន Netflix ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​សេវាកម្ម​កម្សាន្ត​តាម​អ៊ី​ន​ធឺ​ណេ​ត​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ឧសភា​។​

​អតីត​គូ​ស្វាមីភរិយា​មេដឹកនាំ​អាមេរិក​នេះ​បានចាប់ផ្តើម​បើក​ផលិតកម្ម​ឈ្មោះ Higher Ground Productions ដើម្បី​បង្កើត​ភាពយន្ត​ចម្រុះ​សម្រាប់​សេវាកម្ម​វីដេអូ​លើ​អ៊ី​ន​ធឺ​ណេ​ត​នេះ ដែល​រួមបញ្ចូល​រឿង​ភាគ ភាពយន្ត​ឯកសារ និង បទ​យកការណ៍​ពិសេសៗ​។​

​លោក​អូ​បា​ម៉ា ដែល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​២​អាណត្តិ​នោះ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​ភាពសប្បាយ​រីករាយ​ដ៏​សាមញ្ញ​នៃ​ពេលវេលា​របស់​យើង​ក្នុង​ការងារ​សាធារណៈ​គឺ​ការជួប​មនុស្ស​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​មកពី​គ្រប់​ស្រទាប់វណ្ណៈ និង​ជួយ​ពួកគេ​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​”​។​

“​ហេតុដូច្នេះ​ហើយ​ទើប មី​ឆែ​ល​និង​ខ្ញុំ​មាន​ក្តីរំភើប​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Netflix​។ យើង​សង្ឃឹមថានឹង​សាបព្រោះ និង​អភិរក្ស​សំឡេង​ដែលមាន​ទេពកោសល្យ ពោរពេញ​ដោយ​ការ​បំផុសគំនិត និង​ការច្នៃប្រឌិត ដែល​អាច​លើកកម្ពស់​ការយល់​ចិត្ត​គ្នា​និង​ការយល់ដឹង​កាន់តែច្រើន​រវាង​ប្រជាជន និង​ជួយ​ពួកគេ​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​ជាមួយ​ពិភពលោក​ទាំងមូល​”​។​

​គ្រួសារ​អូ​បា​ម៉ា​មាន​វត្តមាន​ធំ​នៅលើ​បណ្តាញ​សង្គម​រួចទៅហើយ ដោយមាន​អ្នកគាំទ្រ​សរុប ១៥០ លាន​នាក់​នៅលើ Twitter និង Instagram ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​នឹង​ឃើញ​ឥទ្ធិពល​របស់​ពួកគេ​កាន់តែ​កើនឡើង​យ៉ាងខ្លាំង ដោយសារ​អតិថិជន​របស់​ក្រុមហ៊ុន Netflix មាន​ចំនួន​ដល់​ទៅ ១២៥ លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន ១៩០៕ ដោយ៖ កញ្ញាដាលីស

អតីត​មេដឹកនាំ​អាមេរិក លោក​អូ​បា​ម៉ា និង លោកស្រី មី​ឆែ​ល