អូ​បា​ម៉ា វាយប្រហារ​លើ​ត្រាំ​និង​ពួក​សាធារណរដ្ឋ តែ​ត្រាំ​តប​វិញ​ថា ស្តាប់​សម្តី​របស់​អូ​បា​ម៉ា “​ចង់​ងងុយដេក​”

2875
ចែករម្លែក

អតីតប្រធានាធិបតី អាមេរិកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃសុក្រទី៧កញ្ញា បានវាយប្រហាររិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ និងពួកសាធារណរដ្ឋ ដោយទទូចដល់ពួកសាធារណរដ្ឋអោយត្រួតពិនិត្យលើ”ការរំលោភអំណាច”របស់រដ្ឋការបច្ចុប្បន្ននិងស្នើអោយស្តារភាពត្រឹមត្រូវនៃវិចារណញ្ញាណនយោបាយនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។

នៅក្នុងការវាយប្រហារមិនធម្មតាមួយលើអ្នកស្នងតំណែងពីលោក លោកអូបាម៉ាបាននិយាយថា ពលរដ្ឋអាមេរិកកំពុងរស់នៅក្នុងពេលដ៏គ្រោះថ្នាក់ និងបានចោទប្រកាន់ពួកសាធារណរដ្ឋថាគំរាមលទ្ធិប្រជាធិបតេយ្យ ធ្វើអោយបែកបាក់ប្រទេស បំផ្លាញសម្ពន្ធភាពសកលនិងស្និទ្ធស្នាលជាមួយរុស្ស៊ី។

នៅក្នុងថ្លែងសុន្ទរកថាមួនៅសកលវិទ្យាល័យអ៊ីលីណយ លោកបាននិយាយថា” ក្នុងរយៈពេល២ខែខាងមុខនេះ យើងមានឱកាស គឺមិនមែនភាពជឿជាក់តែជាឱកាសស្តារភាពត្រឹមត្រូវនៃវិចារណញ្ញាណដល់នយោបាយរបស់យើង។មានការត្រួតពិនិត្យតែមួយគត់លើគោលនយោបាយអាក្រក់និងការរំលោភអំណាចនោះគឺអ្នកនិងសន្លឹកឆ្នោតរបស់អ្នក”។

សូមបញ្ជាក់ថា គណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋកំពុងអំពាវនាវអោយអ្នកគាំទ្រចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃ៦វិច្ឆិកានៅពេលគណបក្សប្រជាធិបតេយ្យត្រូវការឈ្នះ២៣កៅអីនៅសភាថ្នាក់ទាបនិង២កៅអីនៅព្រឹទ្ធសភាដើម្បីទទួលបានសម្លេងភាគច្រើននៅក្នុងសភា និងទប់ហ្រ្វាំងលើរបៀបវារៈរបស់ត្រាំ។

អូបាម៉ា ដែលមិនចេញមុខមាត់ចាប់តាំងពីចាកចេញពីតំណែងនៅខែមករាឆ្នាំ២០១៧ បានចោទប្រកាន់ពួកសាធារណរដ្ឋថាមិនមានបំណងការពារលទ្ធិប្រជាធិបតេយ្យឬអោយមានការត្រួតពិនិត្យលើគោលនយោបាយរបស់ត្រាំ ។

ទោះជាយ៉ាងណា ត្រាំបានទាត់ចោលការចោទប្រកាន់របស់អ្នកកាន់តំណែងមុនលោក ដោយបាននិយាយថា”សុំទោស ខ្ញុំបានមើលវាដែរតែខ្ញុំចង់ងងុយដេក។ខ្ញុំមានអារម្មណ៍ថា ស្តាប់ទៅវាចង់អោយដេកណាស់”។

ការបោះឆ្នោតនៅខែវិច្ឆិកា ត្រូវបានគេមើលឃើញថាជាការបោះប្រជាមតិមួយសំរាប់ត្រាំ ដែលក្នុងពេលឃោសនាបានសន្យាកាត់បន្ថយពន្ធនិងច្បាប់ទម្លាប់ តែប្រឈមការស៊ើបអង្កេតជុំវិញការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតដែលនាំអោយលោកឈ្នះកាលពីឆ្នាំ២០១៦និងកំណើននៃសំណួរអំពីថាតើលោកស័ក្តិសមកាន់តំណែងនេះដែរឬអត់ សូម្បីតែក្នុងមជ្ឈដ្ឋានរដ្ឋការរបស់លោក។

បើពួកប្រជាធិបតេយ្យឈ្នះការបោះឆ្នោតនៅសភាទាំង២នៅខែវិច្ឆិកា ពួកគេមិនត្រឹមតែអារារាំងរបៀបវារៈរបស់ត្រាំ តែអាចធ្វើការស៊ើបអង្កេតរដ្ឋការរបស់ត្រាំថែមទៀត៕ដោយ៖វាសនា

ត្រាំនិយាយថា លោកងងុយដេកពេលស្តាប់សម្តីរបស់អូបាម៉ា