អូ​រ៉េ​លី​អូ ដឺ ឡូ​រិ​នទី​ស ផ្តល់​ភ្លើង​ខៀវ​ដល់​ក្លិប​ឆេ​ល​ស៊ី ដើម្បី​ទាក់ទង​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី​

790
ចែករម្លែក

លោក អូ​រ៉េ​លី​អូ ដឺ ឡូ​រិ​នទី​ស (Aurelio De Laurentiss) ប្រធាន​ក្លឹប Napoli បាន​អះអាងថា ការចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​លោក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី (Maurizio Sarri) បាន​បរាជ័យ​។
​ ​
​លោក សៀ​រី វ័យ​៥៩ ជា​គោលដៅ​របស់​ឆេ​ល​ស៊ី​ត្រូវគេ​រំពឹងថា នឹង​បន្តការងារ​តទៅទៀត បន្ទាប់ពី Napoli ចាប់ផ្តើម​ចរចា ដើម្បី​រារាំង​លោក​មិន​ឲ្យ​ចាក​ចេញពី​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ​។​
​ ​
​ប៉ុន្តែ ដឺ ឡូ​រិ​នទី​ស បានដាក់​ការសង្ស័យ​លើ​អនាគត​របស់លោក សៀ​រី ដែល​អាច​ផ្តល់​ភ្លើង​ខៀវ ដល់​ក្លឹប​ឆេ​ល​ស៊ី ទាក់ទាញ​គ្រូបង្វឹក​រូបនេះ​មក​ជំនួស​កៅអី​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។​
​ ​
​ដឺ ឡូ​រិ​នទី​ស បាន​អះអាងថា Napoli ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការរង់ចាំ ហើយ​បាន​និយាយថា “​គ្មាន​ពេលវេលា​ច្រើន​ទេ​សម្រាប់​លោក សៀ​រី ។ គាត់​មិន​ឆ្លើយតប​ទេ​”​។​
​ ​
​លោក ឡូ​រិ​នទី​ស បន្តថា “​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​។ នៅពេល​មួយ​នោះ​យើង​ត្រូវ​បោះជំហាន ទៅមុខ​។ ខ្ញុំ​មិន​និយាយថា គាត់​នឹង​ចាកចេញ​នោះទេ​។ មាន​លក្ខខណ្ឌ​នៅក្នុង​កិច្ចសន្យា​។ យើង​មើលឃើញថា នឹងមាន​អ្វី​កើតឡើង​”​។​
​ ​
​ក្រុម​របស់លោក សៀ​រី បានបញ្ចប់​រដូវ​កាល​ដោយមាន​៩១​ពិន្ទុ គឺ​ចាញ់​ក្រុម​ជើងឯក Juventus ៤​ពិន្ទុ ។ បើទោះបីជា​លោក អែន​តូ​នី​ញ៉ូ កុន​តេ លើក​ពាន FA Cup លោក​អាច​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Stamford Bridge ស្របពេល​លោក សៀ​រី និង​លោក ល្វី​ស អែន​រិ​ក (Luis Enrique) ជា​បេក្ខភាព​នាំមុខគេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ម៉ូ​រី​ស៊ី​យ៉ូ សៀ​រី (Maurizio Sarri)