អូ​លី​វើ ហ្ស៊ី​រូ សារភាពថា ខ្លួន​អាច​នឹង​បង្ខំចិត្ត​ចាកចេញ​ពី​ឆេ​ល​ស៊ី​នៅ​ខែមករា​

132
ចែករម្លែក

​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud) សារភាពថា ខ្លួន​ប្រហែល​ត្រូវ​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ​។ ហ្ស៊ី​រូ រកបាន​២​គ្រាប់​សម្រាប់​ជម្រើសជាតិ​ក្រុម​បារាំង អំឡុងពេល​ប្រកួត​ជម្រុះ​ក្នុង​ក្របខណ្ឌ Euro 2020 ប៉ុន្តែ​យល់ឃើញថា ឱកាស​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ហាក់ដូចជា​ពិបាក​នឹង​រកបាន បន្ទាប់ពី​កីឡាករ ថា​មមី អា​ប្រា​ហាំ (Tammy Abraham) បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​អា​ប្រា​ហាំ ជា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រកបាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​នេះ ស្របពេល ហ្ស៊ី​រូ បានបង្ហាញ​មុខ​ត្រឹម​១​លើក​គត់​ក្នុង​ក្រុម​ជម្រើស​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard)​។ បន្ទាប់ពី​រក បាន​គ្រាប់​បាល់ ជួយ​ឲ្យ​ក្រុម​បារាំង​ស្មើ ១-១ ជាមួយ​ក្រុម​តួ​ក​គី​កាលពី​ថ្ងៃ​ច័ន្ទ ហ្ស៊ី​រូ ប្តេជ្ញា​ថា នឹង​បន្ត​ប្រជែង​យក​កៅអី​នៅ​ក្លឹប​ឆេ​ល​ស៊ី ប៉ុន្តែ​ដឹងថា ខ្លួន​ប្រហែលជា​សម្រេចចិត្ត​នៅ​ខែម​ករានេះ​។​

​ហ្ស៊ី​រូ បាន​និយាយថា “​ខ្ញុំ​នឹង​ប្រជែង​យក​កៅអី​ក្នុង​ក្រុម​ជម្រើស​របស់​ឆេ​ល​ស៊ី​។ គ្រូបង្វឹក​ដឹង​រឿងនេះ​។ ហើយ​យើង​នឹងធ្វើ​ការសម្រេចចិត្ត​នៅ​ខែមករា​”​។ ហ្ស៊ី​រូ បាន​ផ្ទេរ​ពី​ក្លឹប Arsenal មក​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​កាលពី​ខែមករា​ឆ្នាំ​២០១៨ ហើយ​បាន​និយាយថា ខ្លួន​មិន​ខ្លាច​នឹង​ផ្ទេរចេញ​ជាថ្មីទៀត​នោះទេ​។ ហ្ស៊ី​រូ បាន​និយាយទៀតថា “​ខ្ញុំ​ចង់​សប្បាយ ហើយ​ចង់​លេង​ច្រើន​ប្រកួត​។ ឆេ​ល​ស៊ី​គឺជា​អាទិភាព​របស់ខ្ញុំ ប៉ុន្តែ​ថា តើ​ទីបំផុត​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ជ្រើសរើស​ឬ​យ៉ាងណា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Olivier Giroud)