អេឡុន ម៉ាសនិយាយថា ក្រុមហ៊ុន SpaceX អាចនឹងបញ្ជូនមនុស្ស១លាននាក់ទៅភពព្រះអង្គារត្រឹមឆ្នាំ២០៥០

253
ចែករម្លែក

ក្រុមហ៊ុន SpaceX របស់លោកអេឡុន ម៉ាស ឥឡូវកំពុងបង្កើតយានអវកាសជំនាន់ក្រោយហៅថា Starship ដែលក្រុមហ៊ុននិយាយថាអាចចុះចតនៅលើឋានព្រះចន្ទក្នុងឆ្នាំ២០២២ ហើយក្រោយនោះបន្តិចនឹងមានមនុស្សជិះយាននេះទៅដល់ផ្កាយរណបធម្មជាតិ (ព្រះចន្ទ) មួយនេះតែម្តង។ លោកម៉ាសនិងក្រុមហ៊ុន SpaceX ក៏គ្រោងប្រើយាន Starship ដឹកមនុស្សទៅភពអង្គារផងដែរ។

លោកម៉ាស ដែលមានទស្សនាទានវែងឆ្ងាយអំពីបច្ចេកវិជ្ជា និយាយថា ក្រុមហ៊ុន SpaceX អាចនឹងបញ្ជូនមនុស្ស១លាននាក់ទៅភពព្រះអង្គារត្រឹមឆ្នាំ ២០៥០ អំឡុងការសន្ទនាជាមួយអ្នកលេងបណ្តាញសង្គម Twitter។ កាលពីថ្ងៃទី១៧មករា លោកម៉ាសបានបង្ហោះសារមួយសរសេរថា “ការផ្ទុកទម្ងន់រាប់មេហ្គាតោននឹងត្រូវដឹកកាត់គន្លងគោចរដើម្បីឱ្យជីវិតអាចរស់នៅបានលើភពដទៃ”។

អ្នកលេងបណ្តាញសង្គមបានសួរថាតើការហោះហើរប៉ុន្មានជើងក្នុងមួយថ្ងៃ ដែលក្រុមហ៊ុន SpaceX របស់គាត់គ្រោងធ្វើឡើង។ លោកម៉ាសបានឆ្លើយតបថា “គោលបំណងបង្កើតយាន Starship ឡើងគឺដឹក៣ជើងក្នុងមួយថ្ងៃ ដូច្នេះស្មើនឹង ១០០០ ជើងក្នុងមួយឆ្នាំ ឬស្មើនឹង ១០០ តោនក្នុងមួយជើង ដូច្នេះរាល់យានទាំង ១០ នឹងដឹកដល់ទៅ១មេហ្គាតោនក្នុងមួយឆ្នាំទៅគន្លងគោចរ។ សង់យាន Starship ១០០គ្រឿងក្នុងមួយឆ្នាំគឺស្មើ១០០០គ្រឿងក្នុងពេល១០ឆ្នាំ ឬ ស្មើ១០០មេហ្គាតោនក្នុងមួយឆ្នាំ ឬ ប្រហែល ១០០.០០០ នាក់ក្នុងមួយជើងរវាងផែនដីនិងភពអង្គារ”៕ ដោយ៖ កញ្ញាដាលីស

លោកម៉ាសគ្រោងបញ្ជូនមនុស្ស១លាននាក់ទៅភពអង្គារក្នុងឆ្នាំ២០៥០