អេ​ស្ប៉ាញ​នាំខ្លួន​ចិនតៃវ៉ាន់​៩៤​នាក់​មក​អោយ​ចិនដីគោក​ចំពោះ​ការ​ជំរិត​ប្រាក់​​១៧​លាន​ដុល្លារ​

805
ចែករម្លែក

​អេ​ស្ប៉ាញ​បាន​ធ្វើប​ត្យា​ប័នជនជាតិ​ចិន​តៃវ៉ាន់​ចំនួន​៩៤​នាក់​ទៅ​ប្រទេស​ចិនដីគោក​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ជំរិត​និង​បោក​បញ្ឆោត​យកប្រាក់​តាម​ទូរស័ព្ទ​​និង​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​នាំ​ឱ្យមាន​ការតវ៉ា​ពី​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​។​

​ជនសង្ស័យ​ទាំង​នេះ​បាន​ទៅ​ដល់​អាកា​យានដ្ឋាន​ក្រុង​ប៉េកាំង​តាម​ជើងយន្តហោះ​មួយ កាល​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​។ ទូរទស្សន៍​រដ្ឋ CCTV បានបង្ហាញ​ក្រុមមន្ត្រី​បាន​នាំ​ខ្លួន​​ពួកគេ​ចុះចេញ​ពី​យន្តហោះ​China Eastern នោះ​។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​សម្តែង​ការព្រួយបារម្ភ​និង​ការសោកស្តាយ​ដ៏​ខ្លាំង​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​នៃ​កោះ​តៃវ៉ាន់​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​និយាយថា ការធ្វើ​បត្យាប័ន​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ​បំផុត ផ្តើម​ចេញ​តាំងពី​ការស៊ើបអង្កេត​ក្នុង​ឆ្នាំ​២០១៦​ទៅលើ​សកម្មភាព​បោក​​បញ្ឆោត​យកប្រាក់​តាម​ទូរស័ព្ទ​និង​ប្រព័ន្ធ​ឡេ​ឡិច​ត្រូ​និក​ដែល​មាន​មូលដ្ឋាន​នៅអេ​ស្ប៉ាញ និង​សំដៅ​ទៅលើ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​។

​ប៉ូលីស​មកពី​ប្រទេស​ទាំង​២​នេះ បាន​ឆ្មក់​ចូល​ទីតាំង​ចំនួន​១៣​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត បា​សេ​ឡូ​ណា និង​កន្លែង​ដទៃទៀត នៅ​ប្រទេស​អេ​ស្ប៉ាញ​កាលពី​ខែ​ធ្នូ នៅ​ឆ្នាំ​នោះ​(​ឆ្នាំ​២០១៦)​។​

​ក្រសួង​នេះ​បាន​និយាយ​នៅ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ថា ចំនួន​ទឹកប្រាក់​ដែល​ពាក់ព័ន្ធ​នឹង​ជំរិត​និង​បោក​បញ្ឆោត​យក​ប្រាក់​នេះ គឺមាន​​មាន​ចំនួន​សរុប ១៧​លាន​ដុល្លារ​៕​ដោយ​៖​សុខា​/sn

ប៉ូលិស​នាំខ្លួន​ក្រុម​ជនសង្ស័យ​ឧក្រិដ្ឋជន ចេញពី​យន្តហោះ​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​