អេ​ស្ប៉ា​ញ​បណ្តេញ​គ្រូបង្វឹក​មួយថ្ងៃ​មុន​ការប្រកួត​វើ​ល​ខាប់​ចាប់ផ្តើម​

730
ចែករម្លែក

​លោក Julen Lopetegui ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ អេ​ស្ប៉ា​ញ​នៅមុន​ការប្រកួត​វើ​ល​ខាប់​តែ​បន្តិច​ប៉ុណ្ណោះ បន្ទាប់ពី​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ មិន​សប្បាយចិត្ត ដោយសារ​ទទួលយក​ការងារ​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid )​។

​លោក Lopetegui បាន​ចុះកិច្ចសន្យា​ថ្មី​មួយ​រហូតដល់​ឆ្នាំ​២០២០ តែ​ប៉ុន្មាន​សប្តាហ៍​មុន កាលពី ថ្ងៃទី​២២ ខែឧសភា ប៉ុន្តែ​មានការ​សន្យា​ផ្តល់​ឲ្យ​ច្រើនជាង​នេះ ពី​សំណាក់​ក្លឹប Real Madrid ដើម្បី​ស្នង​តំណែង​គ្រូបង្វឹក​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ។

​ព័ត៌មាន​នេះ​កើតមាន​៤៨​ម៉ោង​មុនពេល​ក្រុម​អេ​ស្ប៉ា​ញ​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ពូ​ល B ហើយ​លោក ហ្វឺ​ណាន​ដូ ហៀ​រ៉ូ (Fernando Hierro) ត្រូវបានតែងតាំង​ជំនួស​លោក Lopetegui ។ លោក Lopetegui នឹងមិន​និយាយ​ជាមួយ​បណ្តាញសារព័ត៌មាន​ទេ លុះត្រា​លោក ត្រឡប់​ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញ​សិន​។

​តាម​ដឹងថា លោក ល្វី​ស រូ​ប៊ី​ឡេស (Luis Rubiales) ដែលជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ មិន​សប្បាយចិត្ត បន្ទាប់ពី​ក្លិប Real Madrid បញ្ជាក់ថា លោក Lopetegui គឺជា​គ្រូបង្វឹក​ថ្មី របស់ខ្លួន និង​បញ្ជាក់​ពី​ការចាកចេញ​របស់លោក Lopetegui ។

​លោក Rubiales បាន​និយាយថា “​យើង​បង្ខំចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​របស់​យើង​ជាមួយ​លោក Julen Lopetegui ។ យើង​ត្រូវតែ​សម្រេច​បណ្តេញ​គ្រូបង្វឹក​រូបនេះ ។ អ្វីដែល​យើង​សម្រេច បានមក​ដល់ទី​នេះ គឺ​ដោយសារ​ការចូលរួមរ​បស់​គាត់ ហើយ​យើង​អរគុណ​គាត់​និង​ជូនពរ​គាត់​”​។

​លោក​បន្តថា “​ការយក​ឈ្នះ​គឺជា​រឿង​សំខាន់​។ មាន​គ្រូបង្វឹក​ល្អ​រឹតតែ​សំខាន់ ប៉ុន្តែ​សំខាន់​ជាង​នេះ ទៅទៀត គឺ​ធ្វើ​អ្វីមួយ​ក្នុង​ផ្លូវត្រូវ​។ ប្រហែលជា​វា​តឹងតែង​នៅពេលនេះ ប៉ុន្តែ​នៅ​ទីបំផុត វា​នឹងធ្វើ​ឲ្យ​យើង​កាន់តែខ្លាំង​ជាង​មុន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក Julen Lopetegui គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ
#