អេ​ហ្ស៊ី​ប​ត្រូវគេ​ចាប់បាន​ថា ប៉ុនប៉ង​នាំចូល​អាវុធ​ដោយ​លួចលាក់​ពី​កូរ៉េខាងជើង​តម្លៃ ២៣ លាន​ដុល្លារ ចំពេល​អ​.​ស​.​ប​ដាក់​ទណ្ឌ​លើ​កូរ៉េខាងជើង​

394

​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អេ​ហ្ស៊ី​ប​ដើម្បី​លួច​នាំចូល​គ្រឿង​សព្វាវុធ​របស់​កូរ៉េខាងជើង​តម្លៃ​ជាង ២៣ លាន​ដុល្លារ​ក្នុងការ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​គាំទ្រ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់បំផុត​មួយ​របស់ខ្លួន គឺ​សហរដ្ឋអាមេរិក​។​

​របាយការណ៍​របស់​អ​.​ស​.​ប កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំនេះ​បាន​ពណ៌នា​លម្អិត​អំពី​ការដឹកជញ្ជូន​គ្រាប់​រ៉ុក្កែត ដែល​បាន​បង្កឱ្យមាន​ឧបទ្ទវហេតុ​ជា​អន្តរជាតិ ប៉ុន្តែ​របាយការណ៍​នេះ​បាន​បន្សល់​នូវ​ការពិត​ដ៏​សំខាន់​មួយ​ដែល​ឥឡូវនេះ​ត្រូវបាន​លាតត្រដាង​ដោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១​តុលា​។​

​ចំណុចកណ្តាល​នៃ​ភាពចម្រូងចម្រាស់​នោះ​គឺ​នាវា​ឈ្មោះ Jie Shun ដែលជា​កប៉ាល់​គ្រប់គ្រង​ដោយ​មនុស្ស​ដែលមាន​ប្រវត្តិ​គេចវេះ​ពី​ការដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប​។​

​ការធ្វើដំណើរ​របស់​នា​វា​នេះ​បានចាប់ផ្តើម​នៅ​កំពង់ផែ​ហេ​ជូ (Haeju) ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី ២៣ ខែកក្កដា​ឆ្នាំ ២០១៦ និង​បានបញ្ចប់​ដំណើរ​នៅ ២០ ថ្ងៃ​ក្រោយមក នៅពេលដែល​វា​ត្រូវបាន​ស្ទាក់ចាប់​ដោយ​អាជ្ញាធរ​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​ដដែល​។​

​ក្រៅពី​មាន​ប្រភពដើម​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ក្នុងអំឡុងពេល​នៃ​ការ​រឹតត្បិត​ការធ្វើ​ពាណិជ្ជកម្ម​មិន​ធ្លាប់មាន​ពីមុនមក កប៉ាល់​នេះ​ក៏បាន​សម្តែង​ការសង្ស័យ​ក្នុងអំឡុងពេល​ធ្វើដំណើរ​របស់ខ្លួន​ផងដែរ ដោយ​ព្យាយាម​លាក់ខ្លួន​ពី​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​នាវា​។​

​របាយការណ៍​របស់​អ​.​ស​.​ប​បាន​កត់សម្គាល់ថា “​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ដោយ​ស្វ័យប្រវត្តិ​របស់​នាវា​នេះ​បាន​បិទ​ភាគច្រើន​នៃ​ការធ្វើដំណើរ​របស់​នាវា​នេះ លើកលែងតែ​ផ្លូវ​សមុទ្រ​មមាញឹក ជាទី​ដែល​សកម្មភាព​បែបនេះ​អាច​ត្រូវគេ​កត់សម្គាល់​និង​វាយតម្លៃថា​ជាការ​គំរាមកំហែង​ដល់​សុវត្ថិភាព​”​។​

​នៅ​ទីបំផុត​នៅពេលដែល​នាវា​នេះ​ត្រូវបាន​រឹបអូស​និង​ត្រួតពិនិត្យ​នោះ អេ​ហ្ស៊ី​ប​បាន​រកឃើញ​យ៉ាង​លឿន​ថា នៅក្រោម​ស្រទាប់​រ៉ែ​ដែក​ដែល​បំពេញ​លើ​នាវា​ដឹកទំនិញ​នោះ គឺមាន​ហិប​ឈើ​ចំនួន ៧៩ ដែលមាន​គ្រាប់បែក និង​បន្ទះ​ផ្ទុក​រំសេវ​ផ្ទុះ​របស់​គ្រាប់​រ៉ុក្កែត PG-7 ចំនួន ២៤.៣៨៤ និង​សម្ភារៈ​ចំនួន ៤.៦១៦ មុខ​បន្ថែមទៀត​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា អាវុធ​ទាំងនោះ​ត្រូវបាន​ផលិត​នៅ​កូរ៉េខាងជើង​។​

​នាវា​ដឹកជញ្ជូន​នេះ​បាន​ប្រើ​មធ្យោបាយ​ផ្សេង​ជាច្រើន​ដើម្បី​លាក់​ការដឹកជញ្ជូន រួមទាំង​ការដឹកជញ្ជូន​ទំនិញ​ដែល​អះអាងថា​មាន​ប្រអប់ “​គ្រឿងបន្លាស់​សម្រាប់​បូម​ទឹក​ក្រោម​ដី​” ដែល​ដឹក​នៅក្នុង​ទីក្រុង​ណាន​ជី​ង​ប្រទេស​ចិន​។​

​នាវា​ដឹកជញ្ជូន ដែល​ចុះបញ្ជី​ជា​ក្រុមហ៊ុន Dalian Haoda Petroleum Chemical Co. ក៏​ព្យាយាម​លាក់​ព័ត៌មាន​ដែល​សរសេរ​លើ​ហិប​ឈើ​ដោយ​គ្រប​ជាមួយនឹង​ផ្ទាំង​ក្រណាត់​ធំៗ​។​

​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​បង្ហើប​ឱ្យដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១​តុលា​ថា ឈ្មោះ​ក្រុមហ៊ុន​អេ​ហ្ស៊ី​ប​មួយ​ត្រូវបាន​ដាក់​នៅលើ​ហិប​ឈើ​ផងដែរ​។​

​របាយការណ៍​របស់​អ​.​ស​.​ប​មិនបាន​និយាយ​អំពី​អ្នកទទួល​អាវុធ​ទាំង​នោះទេ ប៉ុន្តែ​បាន​កត់សម្គាល់ថា “​គោលដៅ​និង​អ្នក​ប្រើ​ចុងក្រោយ​នៃ​គ្រឿង​បរិក្ខារ​សព្វាវុធ​នេះ​ត្រូវបាន​ស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​អេ​ហ្ស៊ី​ប​”​។​

​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​និយាយថា​ការដឹកជញ្ជូន​នេះ​គឺ​នៅ​ពីក្រោយ​ភាព​តានតឹង​នាពេល​ថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក​និង​អេ​ហ្ស៊ី​ប​។​

​យោងតាម​មន្ត្រី​ដែល​បាន​និយាយ​ទៅកាន់​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ឧបទ្ទវហេតុ​នាវា Jie Shun គឺជា​កិច្ចចរចា​សម្ងាត់​មួយ​ក្នុងចំណោម​កិច្ចព្រមព្រៀងសម្ងាត់​ជាច្រើន​បន្ទាប់ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​ត្រាំ កាលពី​រដូវក្តៅ​ដើម្បី​បង្កក​ជំនួយ​យោធា​ជិត ៣០០ លាន​ដុល្លារ​ទៅឱ្យ​អេ​ហ្ស៊ី​ប​៕ ដោយ៖ កញ្ញាដាលីស

រូបភាព​នាវា​ឈ្មោះ Jie Shun បាន​បញ្ចូល​ក្នុង​របាយការណ៍​របស់​អ​.​ស​.​ប បាន​លាតត្រដាង​ពី​របៀប​ដែល​វា​ប៉ុនប៉ង​លាក់​អាវុធ​នៅក្រោម​ស្រទាប់​រ៉ែ​ដែក