អេ​ឡិច ចាន់​ត្រា ទោះ​ការងារ​មមាញឹក​ក៏​នៅ​នឹកឃើញ​ការងារ​សង្គម

876
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារាចម្រៀង អេ​ឡិច ចាន់​ត្រា មួយរយៈ​នេះ បើទោះបី​មាន​ភាព​មមាញឹក​ជាមួយនឹង​អាជីព​សិល្បៈ និង​ការងារ​ផ្ទាល់ខ្លួន​យ៉ាងណាក្តី ប៉ុន្តែ​តារា​រូបនេះ ឩ​ស្សា​ហ៍​ឃើញ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ជាច្រើន តាមរយៈ ការផ្តល់​អាហារ​ដល់​កុមារកំព្រា ចាស់ជរា និង តាមរយៈ​កម្មវិធី​មនុស្សធម៌​ជាច្រើន​ផ្សេងទៀត​។

​ជាក់ស្តែង​ថ្មីៗ​នេះ អេ​ឡិច ចាន់​ត្រា បាន​ចុះទៅ​ចែកជូន​អំណោយ​ដល់​កុមារ​នៅ​មណ្ឌល របស់ អ្នកស្រី ម៉ម សុ​ម៉ាលី ដល់​កុមារី ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​។

​យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់ អេ​ឡិច ចាន់​ត្រា បាន​សរសេរ រៀបរាប់ថា «​ថ្ងៃនេះ​ខ្ញុំបាទ និង អ្នកនាង ពេជ្រ សេរីរ​ត្ន័​ពិតជា​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ជាមួយ​ម៉ាក់​អ៊ុំ​ម៉ាក់មីង​ជំទាវៗ ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មាន​តំលៃ​បាន​ទៅ​ជួប​ប្អូនៗ​ដើម្បី​ផ្ដល់​ស្នាមញញឹម​និង​ក្ដី​ស្រលាញ់​ព្រមទាំង​សំភារៈប្រើប្រាស់​និង​ថវិការ​មួយចំនួន​ដល់​ប្អូនៗ​ជា​ជនរងគ្រោះ​រំលោភបំពាន​លើ​រូបរាងកាយ​។

​ឆ្លើយឆ្លង​ជាមួយនឹង​សារព័ត៌មាន​រស្មី កម្ពុជា តារាចម្រៀង អេ​ឡិច ចាន់​ត្រា បានអោយដឹងថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​រូបគេ ឩ​ស្សា​ហ៍​នាំយក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្មេង​កំព្រា ចាស់ជរា ជា​ច្រើនដង​រួចមកហើយ​។ លោក​បន្ថែមថា ដោយសារតែ​ខ្លួន​ធ្លាប់​បួស​រៀន នឹង​ទទួលទាន​ម្ហូបបួស​ទើប​លោក​យល់ដឹង​ច្រើន​ពី​ការធ្វើ​បុណ្យ​ដាក់​ទាន ដល់​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​។ លោក​ថា ការជួយ​ចែករំលែក​បន្តិចបន្តួច មិនមែនជា​ជម្រើស​ល្អ​ឡើយ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អំណោយ​បន្តិចបន្តួច​អាចអោយ​ពួកគាត់ បាន​ដោះស្រាយ​មួយពេល​ខ្លី​ដែរ​។ ទន្ទឹមនឹង​ការយក​អំណោយ​ចំណី​អារ​ហារ​ជូន ក្មេងៗ​នៅ​មណ្ឌល​កុមារកំព្រា​ដែល​រងគ្រោះ​ដោយ​ការរំលោភបំពាន​លើក​នេះ ក៏​ចង់​បញ្ចា​ក់ថា ទោះបី​ពួកគាត់​បាន​រងគ្រោះ ក៏​នៅមាន​អ្នក​អាណិតអាសូរ ពួកគាត់​ដែរ អ្វីដែល​ចង់បង្ហាញ​គឺ​បានន័យថា ពួកគាត់​(​ក្មេងរងគ្រោះ​)​មិន​ឯកា​នោះទេ ហើយក៏​មិនមាន​អ្នកណាម្នាក់​រើសអើង​ពួកគាត់​ឡើយ អីចឹង​ហើយ​ទើប​ពួក​ខ្ញុំ​ចង់បង្ហាញ​ពួកគាត់​តាមរយៈ​ចុះ​ចែក​អំណោយ​ចំណីអាហារ​បែបនេះ​៕