អេ​ឡុ​ន ម៉ាស ព្យាយាម​ច្រានចោល​ពាក្យបណ្តឹង​បរិហារកេរ្តិ៍​អំពី​សម្តី​របស់គាត់​លើកឡើងថា “​ជន​រំលោភ​ផ្លូវភេទ​លើ​កុមារ​” ទៅលើ​វីរបុរស​សង្គ្រោះ​ក្មេង​ថៃ​ពី​ល្អាង​ថាំ​ហ្លួង​

453
ចែករម្លែក

​លោក​អេ​ឡុ​ន ម៉ាស កំពុង​ព្យាយាម​ច្រានចោល​ពាក្យបណ្តឹង​បរិហារកេរ្តិ៍​មួយ ដោយ​និយាយថា ការនិយាយស្តី “​ជ្រុលមាត់​” អំពី​ជន​រំលោភ​ផ្លូវភេទ​លើ​កុមារ ដែល​គាត់​បាន​សរសេរ​នៅលើ Twitter មិនគួរ​ចាត់ទុកថា​ជា​រឿង​ធ្ងន់ធ្ងរ​នោះទេ​។​

​លោក​ម៉ាស​កំពុង​ត្រូវបាន​ប្តឹង​ដោយ​លោក​វើ​ន អាន់​ស្វត (Vern Unsworth) ដែល​បាន​ជួយសង្គ្រោះ​ក្មេងប្រុស ១២ នាក់​ពី​ល្អាង​ភ្នំ​ថាំ​ហ្លួង​របស់​ថៃ​។​

​អ្នក​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា​អំពី​របៀប​សង្គ្រោះ​ក្មេងប្រុស​ទាំងនោះ​នៅក្នុង​ជម្លោះ​ផ្តោះផ្តង​មួយ ដែលនាំឱ្យ​ប្រធាន​ក្រុមហ៊ុន Tesla រូបនេះ​ហៅ​លោក​អាន់​ស្វត​ថា “​ជន​រំលោភ​ផ្លូវភេទ​លើ​កុមារ​”​។​

​មេធាវី​របស់លោក​ម៉ាស​បាន​និយាយថា “​ការប្រមាថ​” ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សម្តី​ប្រមាថ​របស់លោក​អាន់​ស្វត​។​

​លោក​អាន់​ស្វត​គឺ​មកពី​ទីក្រុង​សេន​អាល់​បាន ខេត្ត​ហឺត​ហ្វ​ត​សាយ​អឺ ប្រទេស​អង់គ្លេស ប៉ុន្តែ​បច្ចុប្បន្ន​រស់នៅ​ក្បែរ​ខេត្ត​ឈៀង​រ៉ៃ​ប្រទេស​ថៃ​។​

​ជម្លោះ​ក្តៅគគុក​រវាង​លោក​ម៉ាស​និង​លោក​អាន់​ស្វត​បាន​កើតឡើង​អំឡុងពេល​ប៉ុនប៉ង​ដ៏​ក្លាហាន​ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស ១២ នាក់​និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ​ពី​ល្អាង​ភ្នំ​លិច​ទឹក​ដ៏​ជ្រៅ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៨​។ លោក​អាន់​ស្វត​បាន​ជួយ​សម្រិតសម្រាំង​អ្នក​មុជទឹក​ក្នុង​ល្អាង​ភ្នំ​ពូកែៗ​មានបទពិសោធន៍​ពី​ចក្រភព​អង់គ្លេស ដែល​ដើរតួនាទី​ក្នុងការ​សង្គ្រោះ​ក្មេងប្រុស​ទាំងនោះ​។​

​លោក​ម៉ា​សបាន​កៀងគរ​ក្រុម​វិស្វករ​របស់​ក្រុមហ៊ុន Tesla ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ ហើយ​បាន​បន្សល់ទុក​នូវ​កូន​ទូក​មុជទឹក​មួយ​រចនា​ឡើង​យ៉ាង​ពិសេស ដែល​គាត់​អះអាងថា​អាចជួយ​ដឹកជញ្ជូន​កុមារ​ចេញពី​ល្អាង​បាន​។ កូន​ទូក​មុជទឹក​នោះ​មិនដែល​ត្រូវបាន​ប្រើ​ដើម្បី​សង្គ្រោះ​ក្មេងប្រុស​ទាំង​នោះទេ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​ទូរទស្សន៍ CNN លោក​អាន់​ស្វត​បាន​ចម្អក​ឱ្យ​កូន​ទូក​មុជទឹក​នោះ ដោយ​ហៅ​វា​ថា​ជា “​ការប៉ុនប៉ង​ឱ្យគេ​ចាប់អារម្មណ៍​លើ​ផលិតផល​ថ្មី​”​។​

​ដោយ​ឆ្លើយតប​ក្នុង​សារ Twitter ជា​ហូរហែ លោក​ម៉ាស​បានផ្តល់​ព័ត៌មាន​ល​ម្អិ​ត​អំពី​របៀប​ដែល​កូន​ទូក​មុជទឹក​នោះ​ដំណើរការ ហើយ​បាន​បង្ហោះ​ការអធិប្បាយ​ប្រមាថ​មួយ​ម៉ាត់​ថា “​ជន​រំលោភ​ផ្លូវភេទ​លើ​កុមារ​”​។​

​នៅពេល​សួរ​អំពី​ការឆ្លើយតប​របស់គាត់ លោក​អាន់​ស្វត​បាន​និយាយថា​គាត់​កំពុង​ពិចារណា​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ៖ កញ្ញាដាលីស

លោក​អាន់​ស្វត​និង​លោក​ម៉ា​សប៉ះ​សម្តី​គ្នា​រហូតដល់​ថ្នាក់​ប្តឹងផ្តល់​អំ​ពីបទ​បរិហារកេរ្តិ៍
#