អេ ភូ​ថង ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ប៉ុន្តែ​គ្រួសារ មិន​ចង់​ទម្លាយ​រឿង​ឱ្យដឹង​

432
ចែករម្លែក

ភ្នំពេញ​៖​លោក អេ ភូ​ថង ដែលជា​គ្រូបង្វឹក ក្រុម​ជម្រើសជាតិ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ កំពុងតែ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ប៉ុន្តែ​គ្រួសារ​មិន​ចង់​ទម្លាយ​រឿង​ឱ្យដឹង ពី​ស្ថានភាព​ជំងឺ​ឡើយ ដោយ​ខ្លាច​មហាជន​ដឹង​រឿង​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ហើយ​មហា ជន រិះគន់ និង​ជេរ​លើ​លោក​។​
​ ​
ភរិយា​របស់លោក អេ ភូ​ថង បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ឱ្យដឹងថា ស្វាមី​របស់​អ្នកស្រី ពេលនេះ កំពុងតែ​ស្ថិតនៅក្នុង​បន្ទប់​សង្គ្រោះ បន្ទាន់​នៅឡើយ មិនទាន់​ចេញ​នោះទេ រយៈពេល​ពីរ​ថ្ងៃនេះ ដោយសារតែ​គ្រូពេទ្យ ពិនិត្យឃើញ​សុខភាព​របស់លោក ពិបាក​ខ្លាំង​។ សូម្បីតែ​អ្នកស្រី និង​ក្រុមគ្រួសារ​ផ្ទាល់ ត្រូវបាន​គ្រូពេទ្យ​ហាមប្រាម និង​បញ្ជា ឱ្យចូល​ជួប​មុខ មានកំណត់​ពេល​តែ​ម៉ោង​ថ្ងៃត្រង់ និង​ល្ងាច​ប៉ុណ្ណោះ​។​

ភរិយា​លោក អេ ភូ​ថង ដែល​ទើប​ជា​ជំងឺ ហើយ​កាត់​ថង់​ប្រមាត់​ចេញពី​ខ្លួន​នោះ បាន បញ្ជាក់ទៀតថា ស្វាមី​របស់​អ្នកស្រី ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ​តែម្តង ហើយ​បើ​យក មក​ពេទ្យ​មិនទាន់​នោះទេ គឺ​នឹង​លា​ទៅ​បាត់​តែម្តង​។

​លោកគ្រូ​ពេទ្យ បាន​ប្រាប់ថា ក្រោយ​ពិនិត្យ​ឈាម​ហើយ មើលឃើញថា ស្វាមី​របស់ អ្នកស្រី មាន​សម្ពាធ​ឈាម​ខ្សោយ ដោយ​ជាតិ​អាស៊ីដ​ឡើង​ខ្ពស់​ឈាមក្រហម​ចុះខ្សោយ ខ្លាំង ហើយ​គាប់​ជួន មាន​មេរោគ​ក្នុង​ឈាម​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សួត​របស់ លោក រលាក​ទាំងសងខាង​ថែមទៀត ដែល​ធ្វើឱ្យ​អ្នកស្រី​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​ដែលជា​ហេតុ មិន​ចង់​ទម្លាយ​ឱ្យ​មហាជន ឬ កូនសិស្ស​រៀន​ប្រដាល់ ដឹង​ឡើយ​។ ណាមួយ​រយៈពេល នេះ មិនដឹង​ជា​យ៉ាងម៉េច​ទេ មាន​មនុស្ស​ចម្លែកៗ និង​អ្នក​រិះគន់ បាន​និយាយ និង បញ្ចេញ​មិត្ត​លើ​ហ្វេ​ស​ប៊ុ​កថា លោក អេ ភូ​ថង ចង់​ឈឺ ចង់បាន​ជំនួយ ធ្វើឱ្យ​ស្វាមី​អ្នកស្រី និង​ក្រុមគ្រួសារ មាន​អារម្មណ៍​ខ្លាច និង​កើតទុក្ខ​ទៅវិញ​។​

អ្នកស្រី បានឱ្យដឹងថា ទោះបីជា​ស្ថានភាព​របស់លោក អេ ភូ​ថង ធ្លាក់​ឈឺ​ខ្លាំង​យ៉ាង ណា ក៏ដោយ ក៏​ក្លិប​ប្រដាល់​របស់លោក និង​កូនសិស្ស​ទាំងអស់ នៅ​បន្ត​ទៅមុខ​ដោយ​ធ្វើការ ហ្វឹកហាត់​ជា​រាល់ថ្ងៃ​។ ពេល​ហាត់​ចប់​ហើយ ពួកគេ​ឆ្លៀត​មក​មើល​លោកគ្រូ អេ ភូ​ថង ដោយ​ព្រួយ​ជាខ្លាំង ខ្លាច​បាត់បង់​លោកគ្រូ​។ ទន្ទឹមនឹងនោះ អ្នកស្រី​ក៏​សូម​ថ្លែង​អំណរ គុណ ដល់​សប្បុរសជន​នានា និង ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​។​

​កាលពី​ថ្ងៃទី​២០ សីហា លោក មាស សុខ​គ្រី ដែលជា​តំណាង​សហព័ន្ធ​កីឡាប្រដាល់ គុន​ខ្មែរ និង​លោក​ឧត្ដមសេនីយ៍ត្រី ដួង ច័ន្ទ​រិ​ទ្ធ នាយករង​មជ្ឈមណ្ឌល​កីឡា​កង​យោធ ពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ទៅសួរសុខទុក្ខ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់ គ្រូបង្វឹក​រូបនេះ​ទៀតផង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​ប្រាប់​ឲ្យ​ដឹងថា ពេលនេះ វេជ្ជបណ្ឌិត នៃ​មន្ទីរ ពេទ្យ​កាល់ម៉ែត នៅ​បន្ត​តាមដាន​ពី​ស្ថានភាព​ជំងឺ​របស់លោក អេ ភូ​ថង នៅឡើយ​ទេ ។ អេ​ភូ​ថង ហាក់​មាន​ស្ថានភាព​ធូរស្រាល ជាង​ថ្ងៃ​ដំបូង តែ​គេ​នៅ​មិនទាន់ អាច​ចាកចេញ ពី​បន្ទប់​សង្គ្រោះ បាន​នៅឡើយ ។
​ ​
សូមបញ្ជាក់ថា លោក អេ ភូ​ថង ជា​អតីត​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែលមាន​សហ័ស​នាម ថា អង្គរក្ស​ជង្គង់​ទិព្វ​។ សព្វថ្ងៃ គេ​ជា​គ្រូបង្វឹក​កីឡា​ជម្រើសជាតិ ជា​គ្រូ​ប្រដាល់ ក្លិប​អេ ភូ​ថង​កីឡា និង​វរសេនីយ៍​យោធា នៃ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​។ លោក​អេ ភូ​ថង ជា​កីឡាករ​ប្រដាល់​ម្នាក់ ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​អន្តរជាតិ លំដាប់ ខ្សែក្រវាត់​ពិភពលោក តំណាងឱ្យ​កម្ពុជា​។ លោក អេ ភូ​ថង ជា​សសរទ្រូង​មួយ​លើ វិស័យ​ប្រដាល់​ដែល​តែងតែ​អប់រំ និង​បណ្តុះ​ថ្នាល​កីឡាករ ជាច្រើន​ជំនាន់​ផងដែរ​៕ ដោយ​៖ បូ​រិ​ន – រ៉ូ​ហ្សា

#