អែន​ដឺ ហឺ​រ៉េ​រ៉ា បាន​យល់ព្រម​ទទួលយក​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​២៥​លាន​ផោន ដើម្បី​ចូលរួម​ជាមួយ​ក្រុម PSG

1078
ចែករម្លែក

អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera)​បាន​ព្រមព្រៀង​ទទួលយក​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់ ២៥​លាន​ផោន ជាមួយ​ក្លិប​យក្ស​បារាំង Paris Saint-Germain ដើម្បី​ចាប់ផ្តើម​ការចាក ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ​។​
​ ​
ប៉ុន្តែ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) គ្រូបង្វឹក​របស់ យូ​ណាយ​ធី​ត ត្រៀមខ្លួន​បន្ត​ការជឿជាក់​លើ​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial) ដែល​កំពុង​បាត់បង់​ទម្រង់​លេង​បើទោះបីជា​រកបាន​១២​គ្រាប់ នៅក្នុង​៣៧ ប្រកួត​នៅ​រដូវ​កាល​នេះ​ក៏ដោយ​។​ ​
​ ​
​ក្រុម PSG បាន​ពិភាក្សា​ជាមួយ ហឺ​រ៉េ​រ៉ា ចាប់តាំងពី​ខែមករា ហើយ​នៅពេលនេះ​បាន ឯកភាព​ទទួលយក​កិច្ចសន្យា​ដែលមាន​ប្រាក់​ឈ្នួល ១៦០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្ទេរ​ទៅកាន់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​១​ខែកក្កដា​។​
​ ​
​យូ​ណាយ​ធី​ត​ត្រៀមខ្លួន​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន ពីព្រោះ​ពួកគេ មិនអាច​ឯកភាព​លើ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ថ្មី​។ ហឺ​រ៉េ​រ៉ា មាន​ប្រាក់​ឈ្នួល​ប្រហែល ៦០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​ចង់បាន​ជិត ២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បាន​ប្រហាក់ប្រហែល​នឹង​កីឡាករ​ល្បីៗ​ផ្សេងទៀត​។​
​ ​
នាយករង​ប្រតិបត្តិ​យូ​ណាយ​ធី​ត​លោក អេ​ដ វូដ​វើដ (Ed Woodward) បាន​ច្រានចោល ការទាមទារ​នេះ ដោយ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​ឈាន​ជើង​ចូល​វ័យ​៣០​ឆ្នាំ នៅ​ខែសីហា​ខាងមុខនេះ​។​
​ ​
គ្រូបង្វឹក​យូ​ណាយ​ធី​ត​បាន​ព្រមាន​ច្បាស់ៗ​ដល់​កីឡាករ​របស់លោក​បន្ទា​ប់​ពី​ពួកគេ​ធ្វើបាន ត្រឹម​ស្មើ​ក្រុម​បាត​តារាង Huddersfield ១-១ ដែល​បញ្ចប់​ក្តីសង្ឃឹម​នៃ​ការបញ្ចប់​នៅលើ តំណែង​កំពូល​ទាំង​បួន ដូច្នេះ​ពួកគេ​មិនអាច​ចូលរួម​ប្រកួតប្រជែង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន លី​កនៅ​រដូវ​កាល​ក្រោយ​នោះ ដោយ​អះអាងថា​មាន​កីឡាករ​ជាច្រើន​ក្នុងចំណោម​ពួកគេ នឹង​មិនមាន​វត្តមាន​នៅ​យូ​ណាយ​ធី​ត​ទៀត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​