អែន​តុញ គ្រី​ស្មាន់ សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ១០៨​លាន​ផោន​ទៅ​ក្លិប បា​សេ​ឡូ​ណា​

348
ចែករម្លែក

កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann)​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) ក្នុងតម្លៃ ១០៨​លាន​ផោន​ទៅកាន់​ក្លិប​បា​សេ ឡូ​ណា​(Barcelona) ។​

​ក្លិប​ជើងឯក​នៅ​ក្របខណ្ឌ La Liga បាន​តាមដាន​ការវិវឌ្ឍ​របស់​កីឡាករ​បារាំង​រូបនេះ ពីរ​រដូវ​កាល​កន្លងមកហើយ ហើយ​នៅពេលនេះ​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ ប្រយុទ្ធ​រូបនេះ បន្ទាប់ពី​បង់ប្រាក់​ផ្តាច់​តែម្តង​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ​។ តាមពិតទៅ គ្រី​ស្មាន់ បានបង្ហាញ​បំណង​ចង់​ចូលរួម​ជាមួយ​ក្លិប បា​សេ​ឡូ​ណា កាលពី​រដូវក្តៅ ប៉ុន្តែ​ក្លឹប​យក្ស អេ​ស្ប៉ា​ញ​នេះ​បាន​រង់ចាំ​រហូតដល់​លក្ខខណ្ឌ​ទិញ​ផ្តាច់​របស់ខ្លួន​ធ្លាក់​ពី ១៨០​លាន​ផោន មក​ត្រឹម​១០៨​លាន​ផោន​នៅ​ដើមខែ​នេះ ដើម្បី​ដាក់សំណើ​ផ្ទេរ​តែម្តង​។​
​ ​
ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត មិន​សប្បាយចិត្ត​នៅពេល​ពួកគេ​បង្ខំចិត្ត​ទទួលយក​សំណើ​ផ្ទេរ ១០៨​លាន​ផោន ហើយ​ប្តេជ្ញា​ថា នឹង​ចាត់វិធានការ​ច្បាប់​ប្រឆាំងនឹង​ក្លិប បា​សេ​ឡូ​ណា និង​កីឡាករ បន្ទាប់ពី​អះអាងថា​កិច្ចព្រមព្រៀង​នេះ​បាន​ត្រៀម​រួចរាល់​តាំងពី​រដូវ កាល​មុន​។​
​ ​
​នៅពេលនេះ ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង​ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ដើម្បី​បង្កើត​ប្រព័ន្ធ​ប្រ​យុ​ត្ធ​ដ៏​គ្រោះថ្នាក់ សម្រាប់​ក្លឹប Barcelona ។​
​ ​
គ្រី​ស្មាន់ បាន​ចាក​ចេញពី​ក្លិប អា​ត្លេ​ទី​កូ​បន្ទាប់ពី​រកបាន​១៣៣​គ្រាប់​ក្នុងការ​បង្ហាញមុខ ២៥៧​លើក អំឡុងពេល​៥​ឆ្នាំ​នៅ​ក្លឹប​នេះ​។​

​ខ្សែប្រយុទ្ធ​រូបនេះ​ហៀបនឹង​ចូលរួម​ជាមួយ​ក្លិប បា​សេ​ឡូ​ណា​កាលពី​ឆ្នាំមុន ប៉ុន្តែ​បាន​ប្តូរ ចិត្ត​វិញ ដោយ​ចុះកិច្ចសន្យា​ថ្មី​ជាមួយ ក្លិប អា​ត្លេ​ទី​កូ មុនពេល​និយាយថា​ខ្លួន​ចង់​ចាកចេញ នៅ​ដំណាច់​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ