អែន​ត័​ញ គ្រី​ស្មាន់ មានបំណង​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​៦​លាន​ផោន ដើម្បី​ចូលរួម ជាមួយ​ក្លិប បា​សេ​ឡូ​ណា​

682
ចែករម្លែក

អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ហាក់ដូចជា​ត្រៀមខ្លួន​រួចរាល់​ជាង​ពេលណាៗ ទាំងអស់​ក្នុងការ​ចាក​ចេញពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) ដើម្បី​ចូលរួម ជាមួយ ក្លិប​បា​សេ​ឡូ​ណា​(Barcelona) បន្ទាប់ពី​មានការ​បារម្ភ​ថា ក្លិ្ល​ប អា​ត្លេ​ទី​កូ ខ្វះ​មហិច្ឆតា​។​
​ ​
គ្រី​ស្មាន់ មាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​កាលពី​រដូវក្តៅ​ឆ្នាំមុន ដោយ បដិសេធ​កិច្ច​ព្រម​ផ្ទេរ​ទៅ​ចូលរួម​នៅ​ពហុ​កីឡដ្ឋាន Nou Camp ហើយ​សុខចិត្ត​ចុះ​កិច្ច ព្រមព្រៀង​ថ្មី​បន្ត​អនាគត​ជាមួយ​ក្រុម​អា​ត្លេ​ទី​កូ រហូតដល់​ឆ្នាំ​២០២៣​។​
​ ​
​ទោះបីជា​យ៉ាងណា កីឡាករ​បារាំង​រូបនេះ​មានការ​សោកស្តាយ​ជុំវិញ​ការសម្រេច ចិត្ត​នេះ​បន្ទាប់ពី​ក្រុម Atletico ខ្ទាត​ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយសារ​ក្រុម ជូ​វេន​ទុ​ស​(Juventus) នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ការលើក​ពាន​ឆេ​ម​ពាន​លី​ក​គឺជា​គោលដៅ​របស់ គ្រី​ស្មាន់ ដែលមាន​ការបារម្ភ​ខ្លាច គ្មាន​ឱកាស​លើក​ពាន​ធំ​នេះ​ជាមួយ​ក្រុម​មួយ​ដែលមាន​លក្ខណៈ​អភិរក្ស​ខ្លាំង​ជុំវិញ​ការទិញ​ដូរ​កីឡាករ ស្របពេល​ឈានចូល​វ័យ​២៨​ឆ្នាំ​។​
​ ​
គេ​ជឿថា គ្រី​ស្មាន់ នឹង​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល ដើម្បី​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona ដែល​ត្រៀម​ផ្តល់ប្រាក់​ឈ្នួល​១៤​លាន​ផោន​ក្នុង​មួយឆ្នាំ គឺ​ធ្លាក់​ពី​២០ លាន​ផោន ដែល​កីឡាករ​រូបនេះ​ទទួលបាន​នាពេល​បច្ចុប្បន្ន​។​
​ ​
ក្លិប Barcelona ត្រៀម​ចាប់ផ្តើម​លក្ខខណ្ឌ​ទិញ​ផ្តាច់​តម្លៃ​១០០​លាន​ផោន​នៅ​រដូវក្តៅ​នេះ ខណៈពេល​ពួកគេ​កំពុង​ថ្លឹងថ្លែង​ស្វែងរក​អ្នក​ជំនួស​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ដែលមាន​បញ្ហា​របួស​ញឹកញាប់​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​