អំណោយ និង​ថវិកា​មួយចំនួន ត្រូវបាន​លោក ឃិត ឈឿន ចែកជូន​គ្រួសារ​ទីទាល់ក្រ​កូនតូច​៤​នាក់​ក្នុងបន្ទុក​ម្ដាយ​សតិ​មិន​ប្រក្រតី​

413
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក ដែល​បង្ហោះ​រូប ក្មេង​ដេក​លើ​គ្រែ​គ្មាន​រនាប ក្នុង​គ្រួសារ​មួយ​ដែលមាន​ម្ដាយ​សតិ​មិន​ប្រក្រតី រស់នៅ​ជាមួយ​កូនតូច​៤​នាក់ ស្រី​៣​នាក់​ប្រុស​ម្នាក់ ដែល​មិនដឹងថា​ឪពុក​នៅទីណា រស់នៅ​ជា​ស្ត្រី​មេម៉ាយ ទើប​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ លោក ឃិត ឈឿន អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​និង បុគ្គលិក​ផ្សារ KC បាន​នាំយក​អំណោយ និង​ថវិការ​មួយចំនួន មក​ជូន​គ្រួសារ​ទីទ័លក្រ រស់នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​គ្រសារ​ខាងលើ​មាន​ម្ដាយ​ឈ្មោះ សុខ ទីន អាយុ ៣៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៤ មាន​សតិ​មិន​ប្រក្រតី ប្ដី​រត់ចោល​តាំងពី​មិនទាន់​មានកូន ហើយ​កូនប្រុស​ស្រី​ទាំង​៤​នាក់​នេះ​ក៏​មិនដឹងថា​ឪពុក​នៅទីណា ជា​នរណា​ដែរ​។ រស់នៅ​ជាមួយ​កូនៗ​ក្នុង​ខ្ទម​កំសត់ ដោយ​ពឹង​ផ្អែកលើ​បងស្រី បងថ្លៃ​ស្រី​និង​អ្នកជិតខាង​ជួយ​ទំនុក​បំ​រ៉ុង បាយទឹក​។ ដោយសារ​ស្ត្រី​ខាងលើ​មាន​សតិ​មិន​គ្រប់​សូម្បី​ដាំបាយហូប​មិនបាន​ផង ពេលខ្លះ​ដាំ​រហូត​បាយ​ខ្លោច ហើយ​មានពេលខ្លះ​បាយ​ឆៅ​។ ដោយ​មើលឃើញ​ការលំបាក​ទើប​លោក ឃិត ឈឿន នាំយក​អំណោយ​មក​ចែកជូន​ផ្ទាល់​ដល់​លំនៅដ្ឋាន​។ ស្ថានភាព​ជាក់ស្តែង នៃ​អំណោយ​ដែល​ត្រូវបាន​យកមកចែក​ជូន​មាន​អង្ករ ២​បាវ មី ត្រីខ ប៊ីចេង ស្ករ និង​ថវិកា​មួយចំនួន បានមកពី​ការចូលរួម​ជួយឧបត្ថម្ភ​បុគ្គលិក​ផ្សារ​KC ទាំងអស់​។​

​នៅក្នុង​ឱកាស​នោះ អាជ្ញាធរ​ស្រុក ថ្ពង រួម​និង​ក្រុមការងារ​លោក​ក៏បាន​ចូលរួមចំនែក សង់ផ្ទះ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ជូន​គ្រួសារ​ខាងលើ​។ ដោយឡែក​លោក ឃិត ឈឿន បាន​មានប្រសាសន៍ សំណេះសំណាល និង​សួរនាំ​ពី​សុខ​ទុក្ខលំបាក ប្រកបដោយ​ភាពទន់ភ្លន់​រួសរាយ​រាក់ទាក់ ដែលនាំអោយ​ប្រជាជនមាន​ការគោរព ស្រលាញ់​និង​បង្កើន​នូវ​ភាពជឿជាក់​កក់ក្តៅ​បន្ថែមទៀត​មកលើ​រូបលោក ដែលជា​និច្ច​ជា​កាល​ ​លោក​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ប្រជាពលរដ្ឋ ជួប​ការលំបាក សិស្សានុសិស្ស ចាស់ជរា ជាដើម ដែល​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​គ្រាអាសន្ន​បែបនេះ​៕