អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បានធ្វើ​អត្តសញ្ញាណប័ណ្ណ​​សូម​​មក​ធ្វើ​ឲ្យ​បាន​គ្រប់គ្នា​ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ

194
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​នៅ​មិនទាន់​បានធ្វើ​អត្តសញ្ញាណប័ណ្ណស​ញ្ជាតិ​ខ្មែរ សូម​អញ្ជើញ​មក​ធ្វើ​ឲ្យ​បាន​គ្រប់គ្នា នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​។ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ជា​កម្មករ កម្មការិនី និង​ពលករ​ក្រៅប្រទេស​ដែល​បាន​មកលេង​កម្សាន្ត​នៅតាម​ស្រុកកំណើត​នោះ​។​

ក្នុងជំនួប​ជាមួយ​មន្ត្រី​ជា​ប្រធាន​មន្ទីរ អង្គភាព ដើម្បី​រៀបចំ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ​កុល ឯកស័ក ព​.​ស ២៥៦៣​ ដែល​នឹង​មកដល់​ជាង​ពីរ​សប្តាហ៍​ខាងមុខនេះ​នៅ​សាលាខេត្ត​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ២៦ មីនា​នេះ​លោក គួច ចំរើន អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ខាង​ស្នងការ​នគរបាល​ខេត្ត​សូម​បន្ថែម​ផែ​ក​ការ​ក្រៅពី​ការពារ​សណ្តាប់​ធ្នាប់​សាធារណ​: ក្នុង​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះ​គឺ ចុះ​ធ្វើ និង​ផ្តល់​អត្តសញ្ញាណបត្រ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​ពួកគាត់​មិនទាន់​បានធ្វើ​នាពេល​កន្លងមក​ដោយ​ការ ជាប់រវល់​ប្រកបការងារ​ឆ្ងាយ​ពី​ផ្ទះ​នោះ​។​

លោក គួច ចំរើន បាន​មានប្រសាសន៍​ទៀតថា ដោយ​កំណត់​គោលដៅ​ទីតាំង និង​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់ សម្រាប់​ការធ្វើ​និង ផ្តល់ជូន​ប្រជាពលរដ្ឋ​នូវ​លិខិត​សម្គាល់​ខ្លួន​ដ៏​សំខាន់​មួយ​នេះ ហើយ​ខាង​អាជ្ញាធរ​ស្រុក ក្រុង ចូលរួម​សហការ​ដឹក​នាំ ទៅកាន់​ឃុំ សង្កាត់ និង​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ គឺ​ធ្វើ​បែបណា​ឲ្យ​បាន​ជ្រួតជ្រាប​ព័ត៌មាន​នេះ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​មកលេង​ស្រុកកំណើត​ដែល​មិនទាន់​បានធ្វើ​អត្តសញ្ញាណបត្រ​ស​ញាតិ​ខ្មែរ​នោះ បានមក​ធ្វើ​ទាំងអស់គ្នា​។ ពិសេស​បងប្អូន​ពលក​រ​ចំណាកស្រុក​នៅក្រៅ​ប្រទេស មកលេង​ផ្ទះ​ជា​ស្រុកកំណើត​នោះ គឺ​នេះ​ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​ពួកគាត់​បានទទួល​លិខិត​សម្គាល់​ខ្លួន​មួយ​នេះ​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើងថា យើង​ដឹងថា​នៅមាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ពុំទាន់​បានធ្វើ​អត្តសញ្ញាណបត្រ​ស​ញាតិ​ខ្មែរ​នេះ តាមរយៈ​លទ្ធផល​ជំរឿន​បឋម​ថ្មីៗ​នេះ សម្រាប់​ខេត្តកំពង់ចាម គឺ​ស្រង់​បាន​ចំនួន​ប្រជាពលរដ្ឋ​តែ​ជាង៨០​ម៉ឺននាក់​ប៉ុណ្ណោះ នៃ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​សរុប​ចំនួន​ជាង​មួយ​លាន​នាក់​នោះ​។ ដោយ​ឃើញតែ​ផ្ទះ​ដែល​បិទទ្វារ​ចោល​របស់​ប្រជាពលរដ្ឋ​ជាង២០​ម៉ឺននាក់ ដូច្នេះក្នុង​ឱ​កាស​រដូវ​បុណ្យទាន​ខាងមុខនេះ​ពួកគាត់​នឹង​មកជួបជុំ​លេង​ក​ន្សា​ន្ត​ផង ចូលរួម​ធ្វើ​អត្តសញ្ញាណបត្រ​ផង​ជាមិនខាន​៕​B/