អំពាវនាវ​​ពលរ​ដ្ឋ​ជួប​គ្រោះ​អគ្គិភ័យ ​អនុវត្ត​ន៍វិធានការ​ពន្លត់ភ្លើង​បឋម​និង​ងាយ ​មាន​ប្រសិទ្ធភាព​

237
ចែករម្លែក
  • 6
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​គ្រោះថ្នាក់​ភ្លើង​ឆេះ​ទាំងឡាយ​គឺ​តាំងស្មារតី ​បន្ទាប់មក​នាំគ្នា​ស្វែងរក​ប្រភេទ​ក្រណាត់​ក្រាស់ ឬ​ភួយ​យកទៅ​ជ្រលក់​ក្នុង​ទឹក ​ហើយ​ស្រង់​មក​លាតត្រដាង​យកទៅ​គ្របពីលើ​កន្លែង​មាន​ភ្លើង​ឆេះ​ចាប់ផ្តើម​ដំបូង​នោះ អណ្តាតភ្លើង​នឹង​រលត់​។ នេះ​ជា​វិធីសាស្ត្រ​ងាយ ហើយ​ទាន់ពេលវេលា និង​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ធំដុំ តែមាន​ប្រសិទ្ធ​ភាពល្អ​ខ្លាំងណាស់​។​

​នៅក្នុង​ទិវា​ជាតិ​យល់ដឹង​ពី​វិធី​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៣ ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ដែលមាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​កាលពី​ថ្ងៃទី ១៩ មីនាឆ្នាំ​២០១៩​។លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា នេះ​ជា​លក្ខណ​:​សមយុទ្ធ​អំពី​វី​ធី​សាស្ត្រ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ដែល​បាន​ដឹកនាំ​បទ​បង្ហាញការសង្គ្រោះ​បឋម ។ដោយ​មន្ត្រីនគរបាល​ព​ន្ល​ត់​អគ្គិភ័យ បង្រៀន​ដល់កម្មករ កម្មការិនី​នាពេលនេះ គឺ​ពិតជា​អាចជួយ​ទប់ស្កាត់​និង​បង្ការ​គ្រោះថ្នាក់​អគ្គិ​ស​ភ័យ​ភ្លើង​ឆេះ​បាន​ច្រើន​នៅតាម​មូលដ្ឋាន​សហគមន៍​ប្រជាពលរដ្ឋ​របស់​យើង​។​

​លោក គួច ចំរើន បាន​មានប្រសាសន៍​ទៀតថា ជា​បទ​បង្ហាញ​មាន​សារ​សំខាន់ ណាស់​សូម​ឲ្យ​អ្នកចូលរួម​ក្នុងថ្ងៃនេះ​ពាំនាំ​យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ដទៃ ពិសេស​ជិតខាង គឺ​ឲ្យ​ពួកគាត់​ចេះដឹង​ពី​វី​ធី​សង្គ្រោះ​បឋម​នេះ​ឲ្យ​បាន​គ្រប់​លំនៅដ្ឋាន​។

ដោយសារ​ថា ភ្លើង​បាន​ឆាបឆេះ​តិចតួច​នៅ​គ្រាហ៍​ដំបូង គឺ​ប្រជាពលរដ្ឋ​នៅ​ជិត ឬ​ក្បែរ​ខាង​កន្លែង​ឆេះ​នោះ​ហើយ ត្រូវ​អនុវត្តន៍​នូវ​បទ​បង្ហាញ​ដែល​ខាង​មន្ត្រីនគរបាល​ពន្លត់​អគ្គិ​ស​ភ័យ​បាន​បង្រៀន​នោះ​ហើយ​។ កុំ​រង់ចាំ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ របស់​មន្ត្រីនគរបាល​ដល់ គឺ​យឺត​ពេល​ បង្ក​ការបាត់បង់ ខូចខាត​ធំធេង​ណាស់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ថែមថា ​ចូរ​បងប្អូន​ប្រជាពលរដ្ឋ​តាំងស្មារតី​នៅពេល​ជួបប្រទះ​គ្រោះថ្នាក់​ភ្លើង​ឆេះ ជ្រើស​រើសយក​វី​ធី​សាស្ត្រ​សង្គ្រោះ​បឋម​ដែល​ងាយ គឺ​ស្វែងរក​ក្រណាត់​ក្រាស់ ឬ​ភួយ​ដែល​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ​ណា​ក៏មានដែរ​។ យកទៅ​ជ្រលក់​ក្នុង​ទឹក​ឲ្យ​ជោក​ល្អ ហើយ​ស្រង់​ពី​ទឹក​មក​លា​ត្រដាង​ដូច​បទ​បង្ហាញ​អម្បាញ់មិញ យកទៅ​គ្រប់​លើ​កន្លែង ឬ​តំបន់​មាន​អណ្តាតភ្លើង​កំពុង​ឆាប់ឆេះ​ឲ្យ​ជិត​អស់ខ្យល់​អ៊ុក​ស៊ី​សែន​នោះ​ភ្លើង​រលត់​ហើយ​។​

​គួរ​បញ្ជាក់ថា រយ​:​ពេល​ដើមឆ្នាំ ២០១៩ ខេត្តកំពង់ចាម​មាន​គ្រោះ​អគ្គិ​​ភ័យ​បាន​កើតឡើង​ចំនួន ប្រាំមួយលើក គឺ​នៅ​ស្រុក​កំពង់សៀម​ចំនួន មួយលើក , ស្រុក​ស្ទឹងត្រង់​ចំនួន មួយលើក​, ស្រុក​ព្រៃឈរ​ចំនួនពីរ លើក​,​និង​ស្រុក​ចម្ការលើ​ចំនួន ពីរលើក​។ របួស​មនុស្ស​កម្រិត​ស្រាល​ចំនួនពីរ​នាក់ ,​ឆេះ​ផ្ទះ​ចំនួន ប្រាំពីរខ្នង ,​កុដិ​លោក​ចំនួន មួយខ្នង ,​មាស​ទម្ងន់ ៣,៤​តម្លឹង​,​ប្រាក់​ចំនួន ៧.២០០ ដុល្លារ ប្រាក់រៀល​ចំនួន ១២​លាន​រៀល​ជាង និង​សម្ភារ​​មួយចំនួន​៕S/​Ha