ដោយ:គង់ហេង/កំពង់ចាម:អភិបាលខេត្តកំពង់ចាមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុ។គឺសូមឱ្យយកចិត្តទុកដាក់អំពីបញ្ហាសុខភាពនិងហានិភ័យនានាដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងឱកាសចុះជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំតាប្រុកស្រុកចម្ការលើកាលពីព្រឹកថ្ងៃទី ២ ឧសភា ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា វត្តមានលោកជាមួយភរិយាបានដឹកនាំមន្ត្រីរាជការនាពេលនេះគឺបានទទួលពីសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើឱ្យសួរសុខទុក្ខបងប្អូន ក្មួយៗ ដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ទាំងអស់កាលពីរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។
លោកគួចចំរើនបានមានប្រសាសន៍ថាជាក់ស្តែងគ្រោះធម្មជាតិមួយនេះបានបោកបក់របើកដំបូលអគារសាលារៀនបានបណ្តាលឲ្យជ្រុះសន្លឹកក្បឿងត្រូវរបួសសិស្សចំនួនប្រាំនាក់និងបានរបើកដំបូងលំនៅស្ថានប្រជាពលរដ្ឋអស់ចំនួន ១៩ ខ្នង។
នេះជាគ្រោះថ្នាក់ធម្មជាតិដែលមិនអាចទប់ស្កាត់បាន ។ប៉ុន្តែអ្វីដែលយើងជាអាជ្ញាធរ និងជាសមត្ថកិច្ចទាំងអស់បានរួមចំណែក គឺជួយជាកម្លាំង និងនាំយកថវិកាកាក់បាទក្រហមកម្ពុជា សម្រាប់ជួសជុលលំនៅស្ថានឡើងវិញ។
លោកអភិបាលខេត្តបានបន្តថាប៉ុន្តែនៅចំពោះមុខនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ទៅលើគ្រោះធម្មជាតិទាំងអស់ដូចជាខ្យល់កន្ត្រាក់នេះ,រន្ទះបាញ់,ការកើនឡើងកម្តៅដែលកំពុងប្រឈមសព្វថ្ងៃបង្កដោយការបម្រែបម្រួលអាកាសធាតុ។សំខាន់ជាងនេះត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាចម្បង និងហិនិភ័យនានាដែលអាចកើតមានឡើងជាយថាហេតុនោះ។
គួរបញ្ជាក់ថារយ:ពេលបួនខែដើមឆ្នាំ២០១៩នេះខេត្តកំពង់ចាមមានករណីខ្យល់កន្ទ្រាក់បានកើតឡើងចំនួនបួនលើកបានបោកបក់លើស្រុកចំនួនប្រាំមួយគឺស្រុកចម្ការលើ,ស្រុកបាធាយ,ស្រុកជើងព្រៃ,ស្រុកព្រៃឈរ,ស្រុកកំពង់សៀមនិងស្រុកកងមាស។
ក្នុងនោះបានបណ្តាលឲ្យរងរបួសមនុស្សកម្រិតស្រាលចំនួនប្រាំមួយនាក់,របើកលំនៅស្ថានរបស់ប្រជាពលរដ្ឋចំនួន៤៦ខ្នង,របើកដំបូលរោងម៉ាស៊ីនកិនស្រូវចំនួនមួយកន្លែង,របើកដំបូលក្រោលគោចំនួនពីរកន្លែងនិងបាក់ដើមឈើសង្កត់លើលំនៅស្ថានប្រជាពលរដ្ឋចំនួន មួយ ខ្នង៕S/