អំពាវនាវ​ឱ្យ​មន្ត្រី​ពេទ្យសត្វ​​រៀបចំ​ផែនការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដល់​ពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​

422
ចែករម្លែក
  • 17
    Shares

​ដោយ​៖​គង់​ហេង​/​កំពង់ចាម​: មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អំពាវនាវ​ដល់​មន្ត្រី និង​ភ្នាក់ងារ​ពេទ្យសត្វ​ទូទាំងប្រទេស​រៀបចំ​ផែនការ​ភាពអាសន្ន​សម្រាប់​ទប់ស្កាត់​«​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​»​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណ​:​គ្រួសារ​។​ដោយ​បច្ចុប្បន្ន​ជំងឺ​មួយ​នេះ​បាននិងកំពុង​កើតមាន​លើស​ត្វ​ជ្រូក​រាប់ពាន់​ក្បាល​នៅ​ប្រទេស​វៀតណាម​។​

​នៅក្នុង​ជំនួប​មន្ត្រី​ពេទ្យសត្វ​ទាំង ២៥ រាជធានី ខេត្ត​ទូទាំងប្រទេស និង​មន្ត្រី​ពី​ស្ថាបន​ពាក់ព័ន្ធ​ប្រមាណ ១០០ នាក់​ដើម្បី​រៀបចំ​ផែនការ​ភាពអាសន្ន​សម្រាប់​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​សណ្ឋាគារ ប្រាំពីរ មករា​នៅ​ខេត្តកំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី​១១​មីនា​២០១៩​។​

លោក​តាន់​ផាន់​ណា​រ៉ា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍ថា​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ​គឺ​បារម្ភ​«​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​»​បាន​មកដល់​ប្រទេស​វៀតណាម​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​យើង​ហើយ​។

​លោក តាន់ ផាន់​ណា​រ៉ា បាន​លើកឡើងថា អ្វីដែល​ត្រូវ​បារម្ភ​មុនគេ គឺ​សត្វ​ចិញ្ចឹម​ជា​លក្ខណ​:​គ្រួសារ​ចំនួន ៣៤​លាន​ក្បាល នៃ​សត្វ​ចិញ្ចឹម​សរុប​ទូទាំងប្រទេស​ចំនួន ៤៤​លាន​ក្បាល​។ ដោយសារ​ថា​ប្រមាណ ចំនួន ១០​លាន​ក្បាល​មិន​ចោទ​ជា​បញ្ហា​ទេ គឺជា​កន្លែង​ចិញ្ចឹមសត្វ​ខ្នាត​ធំ​បែប​ពាណិជ្ជកម្ម ដោយមាន​ការទប់ស្កាត់​ល្អ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស និង​មានការ​រឹតបន្តឹង​ការចេញចូល​ជាដើម​នោះ​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​បានលើកឡើង​ទៀតថា​ប្រសិនបើ​«​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​»​នេះ​នឹង​ចូលមក​យាយី​ឆ្លង​ដល់​សត្វ​ប្រទេស​យើង​នោះ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សត្វ​ចិញ្ចឹម​ជា​លក្ខណ​: គ្រួសារ​ចំនួន ៧០​ភាគរយ​។

ដោយ​សព្វថ្ងៃ​តម្រូវការ​ផ្គត់ផ្គង់​ចំនួន ៨១ ភាគរយ នៃ​សត្វ​ចិញ្ចឹម​សរុប​ចំនួន ៤៤​លាន ក្បាល និង​នាំចូល​ពី​ប្រទេសជិតខាង​សត្វ​មាន់ និង​សត្វ​ជ្រូក​ចំនួន ១៩​ភាគរយ​។ ដូច្នេះ​ការ​ការផ្គត់ផ្គង់​ចំនួន ៨១ ភាគរយ​នោះ នឹងមិន​ដឹងថា​ធ្លាក់​ដល់​កម្រិតណា​នោះទេ​។​

​លោក​បាន​បន្តថា យោល​ទៅលើ​ការបារម្ភ​បែបនេះ​ដែល​បណ្តាល​ឲ្យ​ក្រសួង និង​អគ្គនាយកដ្ឋាន​យើង​បង្កើតជា​យន្តការ​រៀបចំ​ផែនការ​ភាពអាសន្ន​សម្រាប់​ទប់ស្កាត់​«​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​គោលបំណង​បញ្ជ្រាប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណ​:​គ្រួសារ​ចំនួន ៧០ ភាគរយ​ទូទាំងប្រទេស​បាន​យល់ដឹង ពិសេស​ខេត្ត​ជាប់​ព្រំដែន គឺ​មន្ត្រី​ជំនាញ​កុំ​នៅ​សម្ងំស្ងៀម ត្រូវ​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ឲ្យ​បាន​ដល់ទី​កន្លែង​។​

​លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ​បសុសត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​ខាង​លោក​នឹង​រៀបចំ​ផែន​ការចុះ​ផ្សព្វផ្សាយ​ភាពអាសន្ន​សម្រាប់​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជា​លក្ខណ​:​គ្រួសារ​ចាប់​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ​៕S/​