អំពាវនាវ​ឲ្យ​គាំទ្រ​លោក​អ៊ុន​ចាន់​ដា​ដូច​គាំទ្រ​ការដឹកនាំ​គ្រប់គ្រង​ខេត្តកំពង់ចាម​របស់​គួច​ចំរើន​

745
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់ ប្រជា​ពលរ​ដេ្ឋ ព្រះសង្ឃ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ គឺ​សូម​បន្ត​គាំទ្រ​លោក អ៊ុន ចាន់​ដា ដូចគ្នា​ការគាំទ្រ​លើ​ការដឹកនាំ និង​គ្រប់គ្រង​ខេត្តកំពង់ចាម របស់លោក គួច ចំរើន រយ​:​ពេល​ប្រមាណ ពីរ ឆ្នាំកន្លងមក​នោះដែរ​។ ដើម្បី​សម្រេចបាន​នូវ​បុព្វហេតុ​ទាំងអស់គ្នា​ពោល គឺ​ការពារ​សន្តិភាព សេរីភាព និង​ការអភិវឌ្ឍ បន្តទៀត​។​

​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់ អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម ជំនួស​ឯកឧត្តម គួច ចំរើន ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​ឯកឧត្តម យន្ត មីន ដែល​បាន​លាលែង​ពី​តំណែង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​សប្តាហ៍​កន្លងទៅ​ថា លោក​ទាំងពីរ គឺជា​មន្ត្រី​រី​កច​ម្រើ​នៅ​មូលដ្ឋាន និង​មាន​សមត្ថភាព​ដូចគ្នា​។ ដោយ​គ្រាន់តែ​គ្រាន់តែ​លោក គួច ចំរើន ធ្លាប់​ដឹកនាំ គ្រប់គ្រង រីកចម្រើន និង​បទពិសោធន៍​នៅ​ទីក្រុង ហើយ​លោក អ៊ុន ចាន់​ដា ធ្លាប់​ដឹកនាំ និង​គ្រប់គ្រង​រីកចម្រើន នៅ​ទីជនបទ​។​

​សម្តេច ស ខេង បាន​មានប្រសាសន៍​លើកឡើងថា បញ្ហា​ដែល​សម្រេច​ជ្រើសរើស​លោក គួច ចំរើន ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​គោលដៅ នៃ​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ចាត់ទុកជា​ខេត្ត​បន្ទាប់ពី រាជធានី​ភ្នំពេញ បាន និង​កំពុងអភិវឌ្ឍន៍​រីកចម្រើន ហើយ​ខេត្តសៀមរាប ក៏​កំពុង​រីកចម្រើន​ដែរ​។ ប៉ុន្តែ​ខេត្ត​ព្រះសីហនុ​ទើប នឹង​ស្ទុះ​ឡើង​រយ​:​ពេល​ចុងក្រោយ តាមរយ​:​ការវិនិយោគ​ច្រើន​នោះ​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បន្ត​គាំទ្រ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម​ជំនា​ន់ទី​៩ ដូច​ការគាំទ្រ​លើ​ការដឹកនាំ គ្រប់គ្រង​របស់លោក គួច ចំរើន ជា​អភិបាល​ខេត្តកំពង់ចាម​ជំនា​ន់ទី​៨ រយ​:​ពេល​ជាង​ពីរ​ឆ្នាំ​នោះដែរ​។ ទើប​យើង​សម្រេចបាន​នូវ​បុព្វហេតុ​របស់​ទាំងអស់គ្នា ដើម្បី​សុខសន្តិភាព សេរីភាព និង​ការអភិវឌ្ឍ​បន្តទៀត​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ទើបបាន​ចូលកាន់​តំណែង​បានធ្វើការ​ប្តេជ្ញាចិត្ត​ចំនួន ប្រាំបួន ចំណុច​ថា ខិតខំ​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ រដ្ឋធម្មនុញ្ញ គោរព​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​ជាធរ​មាត្រ និង​គោ​ការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​។ គោរព​គាំទ្រ អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្ម​វី​ធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ខិតខំ​គោរព​តាម​គោលការណ៍​ដឹកនាំ ចង្អុលបង្ហាញ និង​ទទួលយក​នូវ​អនុសាសន៍​នានា​របស់​ថ្នាក់ដឹកនាំ ដើម្បី​ពង្រឹង​ការដឹកនាំ​ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព​ក្នុងការ​បំពេញភារកិច្ច​។ បន្ត​ទប់ស្កាត់ លុបបំបាត់​នូវ​រាល់​សកម្មភាព បាតុភាព អសកម្ម​បង្ក​ឲ្យ​ប៉ះពាល់ និង​ថ្នាំងថ្នាក់​របស់​ប្រជាពលរដ្ឋ ជំរុញ​ការផ្តល់​សេវាសាធារណ​: សេវា​សង្គម​ឲ្យ​កាន់តែ​ខិតជិត​ជូន​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ សុខុមាលភាព ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។​

​យកចិត្តទុកដាក់​រៀប​ចំ​កសាង និង​អភិវឌ្ឍ​វិស័យ​នានា​ក្នុង​ខេត្ត បន្ត​និរន្តរភាព​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ ពិសេស​រៀបចំ​កែលម្អ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​ទីប្រជុំជន​ក្នុង​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ធានាបាន​នូ​បរិស្ថាន​ល្អ ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច លើកកម្ពស់​គុណភាព ជីវភាព​រស់នៅ​ប្រកបដោយ​វិបុលភាព សុ​ខុ​មា​ភាព​ជូន​ប្រជាពលរដ្ឋ​។ បន្ត​ជំរុញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​បន្ត​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ស្ថេរភាព​នយោបាយ និង​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​បង្កើន​ការ​ចិត្ត​ទុកដាក់​លើ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ និង​គោលនយោបាយ​វិមជ្ឈកា​ល និង​សហវិមជ្ឈកា​ល​តាមបែប​ប្រជាធិបតេយ្យ ថ្នាក់​ក្រោយ​ជាតិ​ស្របតាម​កម្មវិធី​រយ​:​ពេល ១០ ឆ្នាំ អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​រយ​:​ពេល​ប្រាំ​ឆ្នាំ កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល​ក្នុងដំណាក់កាល​បន្ត​ឲ្យ​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​។ បន្ត​ពង្រឹង​ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឯកភាព​ផ្ទៃក្នុង​ជួរ​គណ​:​អភិបាល​មន្ត្រីរាជការ ទំនាក់ទំនង​ល្អជា​មួយក្រុម​ប្រឹក្សា ទាំង​ក្រសួង​ស្ថាបន អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ធានា​ឲ្យ​រដ្ឋបាលខេត្ត​អនុវត្ត​ការងារ​មាន​ភាពរលូន និង​បន្ត​ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ស្ថិតិ​ជន​អន្តោ​ប្រវេ​ស៍​ដែល​បាន​ស្នាក់នៅ​ខុសច្បាប់ ពិសេស​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕ ល​