អំពាវនាវ​ឲ្យ​នាំយក​ផលិតផល​ខ្មែរ​ចូលរួម​ពិព័រណ៍​ដើម្បី​ឈានទៅ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​

339
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
មន្ត្រីជាន់ខ្ពស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ បាន​អំពាវនាវ​ឲ្យ​ផលិតករ​ខ្មែរ​នាំយក​ផលិតផល​ខ្មែរ និង​ផលិតផល​ប្រើប្រាស់​ទូទៅ ចូលរួម​សហការ​តាំង​ពិព័រណ៍​ជាមួយ​ចលនា​ភូមិ​១​ផលិតផល​១​។ ចលនា​នេះ​នឹង​ស្វែងរក​ការគាំទ្រ​ពី​អ្នក​ផលិត​ទាំងអស់ គឺ​ដើម្បី​អាច​យកទៅលក់​លើ​ទីផ្សារ និង​អាច​ឈានទៅ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​បាន​ដោយ​ស្មើមុខ​នោះ​។​

​ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ក្នុងស្រុក នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​នៅ​ល្ងាច​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក ផល សុជាតិ អគ្គលេខាធិការរង នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១​បាន​មានប្រសាសន៍ថា ក្រុង​កំពង់ចាម​នេះ​មាន​ស្តង់​ជា​ផលិតផល​ខ្មែរ​ចំនួន ៥០​ស្តង់​ក្នុងចំណោម​ស្តង់​សរុប​ចំនួន ១៥០ ស្តង់​ជាការ​តាំងពិព័រណ៍​លើក​ទី​២ ចំនួន ប្រាំ ថ្ងៃ​ពីថ្ងៃ​ទី ២៣ ដល់ ២៨ កក្កដា ២០១៩ របស់​យើង​បន្ទាប់ពី​ខេត្តបាត់ដំបង​កាល​ពីស​ប្តា​ហ៍​កន្លងទៅ​។​

​លោក ផល សុជាតិ បាន​មានប្រសាសន៍​ទៀតថា តាមរយ​:​ពិព័រណ៍​លើក​នេះ ជឿជាក់ថា ក្នុង​ព្រឹ​ត្ត​ការណ៍​ផលិតផល​ខ្មែរ​យើង​នៅ​លើក​ក្រោយៗ​ទៀត​នឹងមាន​ការកើនឡើង​។ ព្រោះ​ពិព័រណ៍​លើក​នេះ នឹង​ជំរុញ​ឲ្យ​ផលិតករ​ខ្មែរ​ដទៃ​ខំប្រឹង​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​បាន​អាចយ​កមក​ចូលរួម​ដាក់តាំង ជាមួយ​បាន​ទូលំទូលាយ​ច្រើនជាង​នេះ​។​

​លោក​អគ្គលេខាធិការរង​បាន​មានប្រសាសន៍​លើកឡើងថា ម្យ៉ាង​យើង​ចង់​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ចលនា​ភូមិ​១​ផលិតផល​១ ដោយ​ចលនា​នេះ​ស្វែងរក​ការគាំទ្រ​ពី​អ្នក​ផលិត​ទាំងអស់ និង​ស្វែងរ​ការចូលរួម​នៅ​មូលដ្ឋាន គឺ​ធ្វើយ៉ាងណា​កៀរគរ​ធនធាន​ដែលមាន​សក្តានុពល​នៅ​មូលដ្ឋាន​នោះ​ឲ្យ​អស់​លទ្ធភាព និង​ប្រែក្លាយជា​ផលិតផល ដ៏​មាន​សក្តានុពល​ដែល​អាច​យកទៅលក់​នៅ​ទីផ្សារ និង​ប្រកួតប្រជែង​ជាមួយ​ផលិតផល​បរទេស​បាន​ដោយ​ស្មើមុខ​នោះ​។​

​គួរ​បញ្ជាក់ថា ភូមិ​១​ផលិតផល​១​បានចាប់កំណើត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០០ គឺ​ក្រោយពេល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ខេត្ត​អយ​តា ប្រទេស​ជប៉ុន​។ នៅ​ឆ្នាំ​២០០៦​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​នូវ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ភូមិ​១​ផលិតផល​១ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធានកិត្តិយស​លោក​ឧបនាយក យឹម ឆៃលី ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ និង​មាន​ក្រសួង​ចំនួន ១៩ ជា​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​៕ ល​