អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ទុកដាក់​«​សំរាម​»​ ដើម្បី​ក្លាយជា​ទីក្រុង​ស្អាត​របស់​អាស៊ាន​

179
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ចេះ​ទុកដាក់​«​សំរាម​»​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បរិស្ថាន​ស្អាត គឺ​កុំ​បោះ​វា​ចោល​ពាសវាល​ពាសកាល​។ ពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​នេះ​ទាំងមូល​ត្រូវ ចេះ​វិច​ខ្ចប់​ឲ្យ​បាន​ស្អាត គឺ​ធ្វើ់យ៉ាងណា​ឲ្យ​ទីក្រុង​មួយ​នេះ​បាន​ជាប់​ជាទី​ក្រុង​ស្អាត​ប្រចាំ​អាស៊ាន​ដែល​នឹងត្រូវ​ប្រកួតប្រជែង​ជ្រើសរើស​នៅ​ប្រទេស​ប្រ៊ុយណេ​នា ពេលខាងមុខ​នេះ​។​

ការអំពាវនាវ​បែបនេះ​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់​អាវុធ និស្សិត និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ នៅខាងមុខ​បរិវេណ​សួនច្បារ​សាលាខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​យុទ្ធនាការ​រើស និង​ប្រមូល​«​សំរាម​»​នៅ​ព្រឹក​ថ្ងៃទី ១៤ សីហា ២០១៩ លោកស្រី ប៉ាង ដា​នី អភិបាលរង​ខេត្ត​នេះ​បាន​ថ្លែងថា យុទ្ធនាការ​រើស និង​ប្រមូល​សំរាម​នៅថ្ងៃនេះ គឺ​ដើម្បី​ទីក្រុង​ស្អាត​របស់​យើង​។ យើង​ជា​បុគ្គល​ធ្វើ​ឲ្យ​ទីក្រុង​កខ្វក់ និង​យើង​ជា​បុគ្គល​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​។​

លោកស្រី ប៉ាង ដា​នី បាន​មានប្រសាសន៍​លើកឡើងថា យុទ្ធនាការ​នេះ​យើង​នឹង​បំផុស​ជា​រៀងរាល់​ខែម្តង គឺ​ដើម្បី​ជា​សូចនាករ​ក្នុងការ​វាយតម្លៃ​របស់​គណ​:​កម្ម​ការ​ទីក្រុង​ស្អាត​មាន​ចំនួន ប្រាំពីរ ចំណុច​មាន​: បរិស្ថាន​ស្អាត , សួន​សាធារណ​:​ស្អាត និង​បង្គន់​ស្អាត ,​បញ្ហា​កាកសំណល់​តាម​គេហដ្ឋាន​គ្រប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ស្អាត​, ប្រជាពលរដ្ឋ​ទាំងអស់​យល់ដឹង​ពី​បរិស្ថាន​យ៉ាងដូចម្តេចខ្លះ​? យល់ដឹង​ពី​ភាព​ស្អាត​យ៉ាងដូចម្តេចខ្លះ​? , បញ្ហា​ភាព​បៃតង​នៅតាម​សួនច្បារ , សន្តិសុខ​សុវត្ថិភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​។​

លោកស្រី​អភិបាលរង​ខេត្ត​បាន​លើកឡើងថា ដើម្បី​បំពេញ​នូវ​សូចនាករ​ទាំងអស់នេះ និង​ផ្តើម​ពី​យុទ្ធនាការ​រើស និង​ប្រមូល​សំរាម​នេះ គឺ​សូម​ឲ្យ​បងប្អូន​ដែលមាន​វត្តមាន​នៅក្នុង​ឳ​កាស​នេះ ក៏​ជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​កំពង់ចាម​ទាំងអស់ ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់គ្នា គឺ​ត្រូវ​ចេះ​ទុកដាក់ វិច​ខ្ចប់​សំរាម​ឲ្យ​បាន​ស្អាត ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​វា​(​សំរាម​)​យកទៅ​ចោល ថែរក្សា​សុខភាព​សាធារណ​: និង​ទីក្រុង​ស្អាត​នោះ​។ សូមកុំ​បោះចោល​សំរាម​ពាសវាល​ពាសកាល​បន្តទៀត​។​

លោកស្រី​បាន​បន្តថា សង្ឃឹមថា​អ្វីៗ ដែល​យើងទាំងអស់គ្នា​បាន​ចូលរួម​នា​ថ្ងៃនេះ គឺ​គណ​:​កម្ម​ការវាយតម្លៃ​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​ដែល​នឹង​ចុះ​មកពី​ថ្ងៃទី ១ ដល់ ៥ ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ គឺ​ទីក្រុង​កំពង់ចាម នឹង​ជាប់​ជា​បេក្ខជន​ទីក្រុង​ស្អាត​ជាមួយ​ទីក្រុង​ចំនួន​ពីរ​ផ្សេងទៀត ដែល​ត្រូវ​ជ្រើសរើស​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ទី​ក្រុង​ស្អាត​របស់​អាស៊ាន ក្នុងចំណោម​ទីក្រុង​សរុប​ចំនួន ប្រាំមួយ របស់​កម្ពុជា​នោះ​។​

សូមបញ្ជាក់ថា ទីក្រុង​ចំនួន ប្រាំមួយ ដែល​គណ​:​កម្ម​ការវាយតម្លៃ​ថ្នាក់ជាតិ ចម្រាញ់​យក​ទីក្រុង​ចំនួន បី ជា​បេក្ខជន​ទៅ​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ទី​ក្រុង​ស្អាត​របស់​អាស៊ាន​នៅ​ប្រទេស​ប្រ៊ុយណេ​នាពេលខាងមុខ​មាន​: ក្រុង​កំពង់ចាម ក្រុង​តាខ្មៅ​(​ខេត្តកណ្តាល​) ក្រុង​ដូនពេញ​(​រាជធានី​ភ្នំពេញ​) ក្រុង​កំពង់ឆ្នាំង ក្រុង​ពោធិសាត់ និង​ក្រុង​កំពត​៕​B/