អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ជំងឺ​ភ្នែក​សូម​រួសរាន់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​

710
ចែករម្លែក

ដោយ​:គង់​ហេង/កំពង់ចាម ៖ គ្រូពេទ្យ​ខាង​ឯកទេស​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម បាន​អំពាវនាវ​សាជាថ្មី​ដល់​ប្រជាពលរដ្ឋ​ស្ថិតក្នុង​វ័យ​អាយុ​ចន្លោះ ៦០ ដល់៧០ឆ្នាំ ដែល​សម្បូរ​ជំងឺ​ភ្នែក​ជំងឺភ្នែកឡើងបាយ​នោះ សូម​អញ្ជើញ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ឲ្យ​បាន​រួសរាន់ គឺ​សូមកុំ​ទុក​ឲ្យ​ហួសពេល​វេលា​នោះ​ព្យាបាល​មិនជា​សះស្បើយ​ឡើយ​។​

លោក​វេជ្ជបណ្ឌិត ប៉ោរ នរិន្ទ ឯកទេស​ចក្ខុរោគ និង​ជា​ប្រធាន​ផ្នែក​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៤ មេសា​នេះ​ថា សំខាន់​នៅសល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ក្រុមគ្រូពេទ្យ​ប្រទេស​ចិន​នឹង​បញ្ចប់​យុទ្ធនា​ការបំបាត់​ជំងឺភ្នែកឡើងបាយ ត្រឹម​បំណាច់​ឆ្នាំ​២០១៩ ដែល​បាន និង​កំពុង ព្យាបាល​ជំងឺ​មួយ​នេះ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​មិនបាច់​បង់ប្រាក់ នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

លោក​វេជ្ជបណ្ឌិត​បានលើកឡើង​ថា នេះ​ជា​ឳ​កាស​ល្អ​ហើយ​សម្រាប់​ប្រជាកសិករ​ដែល​ឧស្សាហ៍​ធ្វើ​ការងារ​ក្រោម​កម្តៅថ្ងៃ​ខ្លាំង ឬ​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​បណ្តាល​ឲ្យ​មាន​ជំងឺភ្នែកឡើងបាយ ដោយសារ​ការមិន​ព្រម​ពាក់​វែ​នតា គឺ​ជំងឺភ្នែកឡើងបាយ​ភាគច្រើន​បង្កឡើង​ដោយ​កត្តា​វ័យ​ចាប់ពី ៦០ ដល់​៧០ ឆ្នាំ ,​កត្តា​ពូជ និង​កត្តា​ជំងឺ​ផ្សេងៗ ភាគតិច​។​

លោក នរិន្ទ បាន​បន្តថា ប៉ុន្តែ​ទោះជា​យ៉ាងណា គឺ​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប្រសិនបើ​ជួបប្រទះ​ជំងឺ​ដូច​បាន​រៀបរាប់​ខាងលើនេះ សូម​ប្រញាប់​រួសរាន់​មកកាន់​មន្ទីរ​ខេត្តកំពង់ចាម​ឲ្យ​ទាន់ពេលវេលា កុំ​ទុក​ឲ្យ​ហួសពេល​ជួយសង្គ្រោះ គឺ​ព្យាបាល​មិនជា​ឡើយ​។ ពិសេស​ចូរ​ពាក់​វែ​នតា​ពណ៌​ខ្មៅ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​កម្តៅថ្ងៃ គឺ​កុំ​ទុក​ឲ្យ​ភ្នែកមាន​បញ្ហា​ជំងឺ​ទើប​ពាក់​វា​នោះ​។​

លោក ភោគ មីន វ័យ ៧០ ឆ្នាំ ដែល​ភរិយា​វ័យ ៦៣ ឆ្នាំ​របស់លោក​បាន​អមដំណើរ​តាំងពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មក​ព្យាបាល​ជំងឺភ្នែកឡើងបាយ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​លោក​បានមក​ព្យាបាល​វះកាត់​ជំងឺភ្នែកឡើងបាយ ដែល​បណ្តាលមកពី​ភ្នែក​ខាងស្តាំ​របស់លោក​បុក​ជាមួយ​ដើមស្រូវ​កាលពី​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

លោក មីន បាន​បន្តថា បន្ទាប់មក​ភ្នែក​ម្ខាង​នេះ​មាន​អាការ​: រកាំ និង​ព្រិលៗ ក៏បាន​មក​ឲ្យ​គ្រូពេទ្យ​ចិន​នេះ​បក​ខាងស្តាំ​នេះ​លើក​ទី​១​។ ក្រោយពេល​ត្រឡប់​ទៅ​ដេក​សម្រាក​តម​នៅផ្ទះ​នោះ ក៏បាន​ឆ្លង​ឡើងបាយ​នេះ​មក​ខាងឆ្វេង​ទៀត​ដែល​នាំ​ឲ្យ មក​ព្យាបាល​ជា​លើក​ទី​២ នេះ គឺ​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់​ភ្នែក​ទាំងសងខាង​តែម្តង​។ ដោយ​ភ្នែក​ម្ខាង​គ្រូពេទ្យ​ចំណាយពេល​ព្យាបាល​ពី ១៥ ទៅ ២០ នាទី និង​គ្មាន​ការឈឺចាប់​ឡើយ គ្រាន់​តែមាន​គ្រាន់តែ​រមាស់​តិចៗ ហើយ​បាត់​វិញ​។ ពិសេស​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មិន​អស់​លុយ​ទេ គឺ​ចំណាយ​តែ​សោហ៊ុយ​ធ្វើដំណើរ និង​ហូបចុក​ប៉ុណ្ណោះ​។ ផ្ទុយ​ពី​ការព្យាបាល​នៅតាម​ពេទ្យ​ឯកជន​ខាងក្រៅ ​ចំណាយ​អស់​រាប់រយ​ដុល្លារ​ឯនោះ​។​

គួរ​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ប្រទេស​ចិន បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ប្រទេស​កម្ពុជា ក្នុង​យុទ្ធនា​ការបំបាត់​ជំងឺភ្នែកឡើងបាយ​នេះ​តាំងពី​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០១៨ គឺ​បាន​ចំនួន ប្រាំ លើក​ទាំងនេះ ដោយ​ក្នុង​មួយ​លើកៗ​មាន​រយ​ពេល​ប្រមាណ​មួយខែ និង​បាន​ព្យាបាល​អ្នកជំងឺ​មួយ​លើក​ចំនួន​ជាង ៤០០​នាក់ គឺ​សរុប​ប្រហែល​ចំនួន​ជាង ២.០០០ នាក់ គឺ​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ឯ​ខេត្ត​ផ្សេងទៀត​ដូចជា​ខេត្តកំពង់ធំ ខេត្តព្រះវិហារ​ជាដើម​មិនសូវមាន​ទេ​៕​B/