អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

945
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​:​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន បានចេញ​ផ្សាយ​នូវ​សេចក្តីអំពាវនាវ ស្តីពី ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំនួន ១០ ចំណុច​។​

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរនាពេលកន្លងទៅ(រូបឯកសារ)

​ ​សេចក្តីអំពាវនាវ ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ បង្ហាញថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែលមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង​ពេលធ្វើ​ចរាចរ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការបាត់​បង់ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នាពេល​កន្លងទៅ​។​

​ ​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​កត់សម្គាល់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។​

​ ​ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ យានយន្ត​ធ្វើ​ចរាចរណ៍ នឹងមាន​កំណើន​កើនឡើង​ខ្ពស់​ខុស​ប្រក្រតី ដែល​អាចមាន​កំណើន​គ្រោះថ្នាក់​ចរាចរ ឬ​ការកកស្ទះ​ចរាចរ ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លងទៅ​។​

​ ​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ ១០ ចំណុច ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ ដូចខាង​ក្រោម​៖

១-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។ ២-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ៣-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។ ៤-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច​។ ៥-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។ ៦-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៧-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៨-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស​។ ៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត និង​១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​

​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សម្តែង​នូវ​សេចក្តីសង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​ចូលរួម​គោរព​អនុវត្ត​ច្បាប់ ក៏ដូចជា​អនុវត្ត​សេចក្តីអំពាវនាវ​នេះ ពី​សំណាក់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តី​រីករាយ​ជាមួយ​ក្រុមគ្រួសារ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​
​ ​សូម​រម្លឹកថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ចូល​មកដល់​នា​ថ្ងៃទី​០៨-១០ ខែតុលា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បានរៀបចំ​ឡានក្រុង​ជាច្រើន​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅមក​បណ្តា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ ព្រមទាំង​រថភ្លើង​ពីរ​ខ្សែ ពី​ភ្នំពេញ​-​កំពត​-​ខេត្ត​ព្រះសីហនុ និង​ពី​ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ​-​ប៉ោយប៉ែត​។​

​ ​ការរៀបចំ​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ តាម​រថយន្តក្រុង និង​តាម​រថភ្លើង​នេះ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ផង និង​ក៏​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ កាលពី​ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃទី​១៩-២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទូទាំងប្រទេស មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សរុប ៥២ លើក បណ្តាល​ឲ្យ​ស្លាប់ ២៦ នាក់ និង​របួស​សរុប ៩០ នាក់ ( របួសធ្ងន់ ៦៣ នាក់ )​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ២៦ នាក់ គឺមាន ២៤ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ២១ នាក់​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៣ ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ បង្កឡើង​ដោយសារតែ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ១៣ លើក ស្រវឹង ៨ លើក ប្រជែង ៥ លើក មិន​គោរព​សិទ្ធិ ៩​លើក មិន​ប្រកាន់​ស្តាំ ៧ លើក បត់​គ្រោះថ្នាក់ ៩​លើក និង​កត្តា​យានយន្ត ១​លើក​។​

​ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ កាលពី​ឆ្នាំ​២០១៦ នៅ​ទូទាំង​ប្រទេស កើតឡើង ៤២ លើក បណ្តាល​ឲ្យ​ស្លាប់ ១៩​នាក់ និង​របួស​សរុប ៦៦ នាក់ ( របួសធ្ងន់ ៤៣ នាក់ )៕សរន