អំពី​ការចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង ចិន​អាច​នឹង​កាន់​សន្លឹក​បៀរ​ច្រើន​

1180

​នៅតាម​បណ្តោយ​ព្រំដែន​ចិន​ជាមួយ​កូរ៉េខាងជើង ភស្តុតាង​នៃ​អានុភាព​របស់​ក្រុង​ប៉េកាំង​ក្នុង​កិច្ចចរចា​នាពេលខាងមុខ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន គឺមាន​គ្រប់​ទីកន្លែង​។​

​វីដេអូ​នៃ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង ធ្វើជា​ម្ចាស់ផ្ទះ​ស្វាគមន៍​លោក​គីម​នៅ​សប្តាហ៍​នេះ បាន​ចាក់​នៅលើ​អេក្រង់​ធំ​មួយ​នៅ​ក្រុង​តាន់​ទុង ហើយ​ប្រជាពលរដ្ឋ​ចង់ឱ្យ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ចាប់ផ្តើម​ឡើងវិញ ខណៈដែល​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ត្រូវបាន​បន្ធូរបន្ថយ​។​

​ពួកពាណិជ្ជករ​និយាយថា ពួកគេ​កំពុង​បញ្ជា​ទិញ​ទុក​មុន​នូវ​ធ្យូងថ្ម​ពី​អ្នកផ្គត់ផ្គង់​កូរ៉េខាងជើង​។ អ្នក​នាំចេញ​មួយចំនួន​កំពុង​រត់ពន្ធ​ទំនិញ​ឆ្លងកាត់​ព្រំដែន​រួចហើយ​។​

​អ្នកជំនួញ​ម្នាក់​ដែល​លក់​គ្រឿង​ម៉ាស៊ីន​សម្រាប់​ការរុករក​រ៉ែ​បាន​និយាយថា “​ប្រសិនបើ​អ្នក​ស៊ូ​ក​ប៉ាន់​មន្ត្រី​គយ​ច្រើនជាង​មុន​ទ្វេដង សម្ភារៈ​តូចៗ​មួយចំនួន​អាច​ឆ្លងកាត់​បាន​”​។​

​អ្នកលក់​ម្នាក់​និយាយថា អគារ​ផ្ទះល្វែង​ថ្មី​កម្ពស់ ១៥ ជាន់​ចំនួន ៤ ខ្នង កំពុង​ឡើងថ្លៃ​ទ្វេដង ខណៈ​អ្នកទិញ រួមទាំង​ជនជាតិ​កូរ៉េខាងជើង​ដែល​ចាយ​រូបិយវត្ថុ​ចិន សម្រុក​ទិញ​ផ្ទះ​ដែល​អាច​មើលឃើញ​ទន្លេ​យ៉ា​លូ​។​

​រដ្ឋបាល​ត្រាំ​ទទូចថា​ខ្លួន​នឹង​រក្សា​យុទ្ធនាការ​របស់ខ្លួន​ដើម្បី “​ដាក់​សម្ពាធ​អតិបរមា​” លើ​កូរ៉េខាងជើង​រហូតដល់​លោក​គីម ជុង​អ៊ុន បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​។​

​ក៏ប៉ុន្តែ​អារម្មណ៍​ត្រេកអរ​ក្លៀវក្លា​នៅក្នុង​ទីក្រុង​តាន់​ទុង​គឺជា​ការ​រំលឹក​មួយ​ថា ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កូរ៉េខាងជើង អាច​សម្រេចចិត្តថា​តើ​ត្រូវដាក់​ទណ្ឌកម្ម​អន្តរជាតិ​ឱ្យ​តឹង​ឬ​ធូរ​កម្រិតណា​លើ​កូរ៉េខាងជើង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រក្សា​ជំហរ​ខ្លួនឯង​ជា​តួអង្គ​សំខាន់​មួយ​រួចទៅហើយ ដែល​អាច​កំណត់​លទ្ធផល​នៃ​កិច្ចចរចា ដែល​លោក​ត្រាំ​និយាយថា នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី ១២ មិថុនា​។​

​លោក​គីម​បានធ្វើ​ដំណើរ​២​ដង​ក្នុង​រយៈពេល​២​ខែ​កន្លងមកនេះ​ទៅ​ប្រទេស​ចិន​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​លោក​ស៊ី ជាពិសេស​ក្នុងករណី​នីមួយៗ​មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក ម៉ៃ ផ​ម​ផេ​វ ដែលជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​សហរដ្ឋអាមេរិក​។​

​សារ​ទាំង​២​នេះ​បង្ហាញ​ច្បាស់​ណាស់​ថា លោក​គីម​ចង់បាន​ការគាំទ្រ​ពី​ចិន​ក្នុង​ដំណើរការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់ ដែល​រាល់​វិធានការ​មួយ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ដែល​គីម​ធ្វើ គឺ​សុទ្ធតែ​ទទួលបាន​អត្ថប្រយោជន៍​។​

​ក្រុម​សន្តិសុខ​ជាតិ​របស់លោក​ត្រាំ​បាន​ជំរុញឱ្យមាន​វិធីសាស្ត្រ​ល្បឿន​លឿន គឺ​ត្រឹម​៦​ខែ​ទៅ​១​ឆ្នាំ​បាន​ហើយ កុំ​អូស​ក្រឡា​សន្សឹមៗ ហើយ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​អាច​នឹង​មកដល់​នៅ​ចុងបញ្ចប់​នៃ​វិធីសាស្ត្រ​នោះ​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​របស់លោក​ជាមួយ​លោក​គីម​នៅ​សប្តាហ៍​នេះ លោក​ស៊ី​បាន​គាំទ្រ “​វិធានការ​ជា​ជំហានៗ និង តាម​សម​កាល​កម្ម​” ដែល​នឹង “​សម្រេចបាន​នូវ​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​និង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​ទោះបីជា​លោក​ត្រាំ​អបអរសាទរ​ការដោះលែង​អ្នកទោស​អាមេរិក​៣​នាក់​ពី​កូរ៉េខាងជើង​ក៏ដោយ ក៏​ចិន​មាន​ហេតុផល​ជាច្រើន​ជឿថា ការដោះលែង​នេះ​នឹងធ្វើ​ឡើង​នៅមុន​កិច្ចពិភាក្សា​ខាងមុខនេះ​។​

​សម្រាប់​រឿង​មួយ គឺថា អានុភាព​របស់​ចិន​លើ​ការអនុវត្ត​ទណ្ឌកម្ម​មានន័យថា ទស្សនៈ​វែងឆ្ងាយ​របស់​ចិន​លើ​បញ្ហាសំខាន់ៗ ដូចជា វិធីសាស្ត្រ​និង​ល្បឿន​នៃ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នឹង​ទម្រ​ទម្ងន់​ទាំង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​។ លើសពីនេះទៅទៀត ចិន​មើលឃើញ​ពី​ការ​ជឿនលឿន​ឆ្ពោះទៅរក​គោលដៅ​សន្តិសុខ​យូរអង្វែង ពោលគឺ​ការដក​កងទ័ព​អាមេរិក​ចេញពី​ឧបទ្វីប​កូរ៉េ​។​

​ខណៈ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ព​ន្លឿ​ន​ចំណាត់ការ​ទៅមុខ​ឱ្យបាន​ឆាប់រហ័ស លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន ក៏បាន​យល់ស្រប​តាម​វិធីសាស្ត្រ “​សន្សឹមៗ​” ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​ផងដែរ ដោយ​ដាក់​ជំហរ​របស់គាត់​កៀក​ទៅនឹង​ចិន​និង​កូរ៉េខាងជើង​ជាង​សហរដ្ឋអាមេរិក​។ សេចក្តីប្រកាស​រួមគ្នា​ដែល​បានចេញ​បន្ទាប់ពី​ជំនួប​កំពូល​របស់លោក​ជាមួយ​លោក​គីម​កាលពី​ខែ​មុន មិនបាន​កំណត់​នូវ​ថ្ងៃ​ផុតកំណត់​សម្រាប់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ ដែល​នេះ​បង្ហាញថា សន្ទុះ​ការទូត​កំពុង​ផ្លាស់ប្តូរ​ទៅរក​វិធីសាស្ត្រ​តាម​លំដាប់លំដោយ​។​

​នេះ​អាចធ្វើឱ្យ​ងាយស្រួល​សម្រាប់​កូរ៉េខាងជើង​ដើម្បី​បដិសេធ​ការទាមទារ​ឱ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស ដោយ​បង្ខំ​ឱ្យ​លោក​ត្រាំ​ត្រូវ​ជ្រើសរើស​រវាង​ការទទួលយក​ដំណើរការ​សន្សឹមៗ ឬ​មិន​អ៊ីចឹង​ត្រូវ​វិលត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​ដៃទទេ ទោះបី​គាត់​រំពឹងទុក​ខ្ពស់​នៅមុន​កិច្ចពិភាក្សា​ក៏ដោយ​។​

​លោក យូ​ច វ៉ា​យ សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​បាន​និយាយថា “​ហានិភ័យ​ពិតប្រាកដ​ដែល​អាមេរិក​ប្រឈម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺថា ត្រាំ​បានធ្វើ​សម្បទាន​ដ៏​ធំ​ដល់​គីម ដោយ​មិន​ទទួលបាន​អ្វី​ជា​ថ្នូរ​សោះ​ដើម្បី​ខិតជិត​ទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​”​។​

​ប្រសិនបើ​ត្រាំ​មិនអាច​ទម្លាយ​ភាពទ័លច្រក ដែល​គាត់​ចង់បាន​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេនោះ គាត់​ប្រហែលជា​ព្យាយាម​ចរចា​សន្ធិសញ្ញា​ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង និង​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ដែល​ត្រូវបាន​ផ្អាក​ដោយ​បទ​ឈប់​បាញ់​គ្នា​។​

​លោក​ត្រាំ​បានបង្ហាញ​ភាព​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិ​ភាពជា​ផ្លូវការ​ជាមួយ​កូរ៉េខាងជើង ដែលជា​កាយវិការ​មួយ គាត់​និយាយថា​នឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​។​

​ទោះយ៉ាងណា លទ្ធផល​បែបនេះ​ក៏​អាច​ស្ថិតក្នុង​ដៃ​ចិន​ដែរ ជាពិសេស​គឺ​ការទាមទារ​ឱ្យ​ដក​កងទ័ព​អាមេរិក​ជិត ៣០.០០០ នាក់ ដែល​បច្ចុប្បន្នកំពុង​ឈរជើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រាល់​ឆ្នាំ ដែល​ពាក់ព័ន្ធ​នឹង​កងកម្លាំង​អាមេរិក​កាន់តែ​ច្រើនឡើង ទុក​សម្រាប់​ទប់ទល់​នឹង​កូរ៉េខាងជើង​ដែលមាន​អាវុធ​សាហាវៗ​។​

​លោក​វ៉ា​យ​និយាយថា “​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង ដែល​កាត់បន្ថយ​ភាព​តានតឹង ខណៈ​កូរ៉េខាងជើង​ក៏​ស្វាគមន៍​យ៉ាងច្បាស់​ក្រឡែត​ដែរនោះ អាច​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ទីបញ្ចប់​នៃ​ឧត្តមភាព​យូរអង្វែង​របស់​អាមេរិក​នៅ​អាស៊ី​។ ហើយ​នោះ​នឹង​ជា​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ចិន​”​។​

​ដោយហេតុថា​ឥឡូវនេះ​កូរ៉េខាងជើង​កំពុងស្ថិត​ក្នុងការ​ប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​ធំ​ជាង​មុន​នៃ​ឆន្ទៈ​រវាង​ប៉េកាំង​និង​វ៉ាស៊ីនតោន ចិន​លែង​ចាប់អារម្មណ៍​រឹតបន្តឹង​កូរ៉េខាងជើង​ដូច​មុន​ទៀតហើយ​។​

​លោក​ចេង សៀ​ហឺ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រេ​ន​មីន​ក្នុង​ទីក្រុង​ប៉េកាំង​និយាយថា “​ប្រទេស​ចិន​គ្មាន​បំណង​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ទៀត​ទេ​។ ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កូរ៉េខាងត្បូង​ប្រែជា​ជូរចត់​។ កាលពី​ពីរ​បី​ខែ​មុន ចិន​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រធានាធិបតី​ត្រាំ ប៉ុន្តែ​ពេលនេះ​ចិន​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​”​។​

​សម្រាប់​កូរ៉េខាងត្បូង​ក៏​ចង់​ទប់ស្កាត់​កូរ៉េខាងជើង​ផងដែរ ពី​ការធ្លាក់​ក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់​ចិន ទោះបីជា​ការគាំទ្រ​របស់​កូរ៉េខាងត្បូង​ចំពោះ​វិធីសាស្ត្រ​សន្សឹមៗ​ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ គឺ ស្របទៅតាម​ទស្សនៈ​របស់​ចិន​ក៏ដោយ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​បានចេញ​ផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​របស់លោក​គីម​ជាមួយ​លោក​មូ​ន​កាលពី​ខែ​មុន កូរ៉េខាងត្បូង​បាន​សន្យា​ជួយ​កូរ៉េខាងជើង​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​និង​ផ្លូវ​ហាយវ៉េ​។​

​លោក ប៊ី​ឡា​ហារី គូ​ស៊ី​កាន់ អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហ​បុរី​បាន​និយាយថា “​ការវិវឌ្ឍ​ផ្នែក​ការទូត​ថ្មីៗ​នេះ​បាន​ផ្តល់ឱ្យ​ចិន​និង​កូរ៉េខាងត្បូង​គ្រប់​ហេតុផល​ដើម្បី​ជំទាស់ និង​មិន​គោរព​តាម​ទណ្ឌកម្ម​ថ្មី ប្រសិនបើ​អាមេរិក​ព្យាយាម​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​”៕​ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Straitstimes

លោក​គីម ជុង​អ៊ុន ជួប​លោក​ស៊ី​ជីន​ពីង​នៅ​ទីក្រុង​តាន់​ទុង​នាពេល​ថ្មីៗ​នេះ