អំពី​មៀន​

287

​មៀន​ជា​ផ្លែឈើ​ប្រភេទ​ថ្លៃ​នៅលើ​ទីផ្សារ ។ វា​ផ្ដល់នូវ​ជាតិ​ស្ករ​ជាច្រើន​សំរាប់​ជា​ថាមពល​ទ្រទ្រង់​កំលាំង ។ គេ​និយម​ហូប​វា​ហាក់​គ្រាន់ តែ​ឆ្ងាញ់​មាត់ មិនអាច​ឆ្អែត​បាន ព្រោះ​សាច់​វា​តិច ។ វា​ជា​ប្រភេទ​ឈើ​ខ្នាត​មធ្យម កន្ទ្រែត ត្រសុំ​សាខា អោយ​ម្លប់​ជានិច្ច ។

​គោលបំណង​
– យើង​ដាំ​វា​ក្នុងទិសដៅ​រកលុយ​ដុំ​ចូល បំពេញ​ថែម​គំរោង​សាច់ប្រាក់​អភិវឌ្ឍន៍​គ្រួសារ ។​
– សំរាប់​ជា​ម្លប់​មុខផ្ទះ ។ វា​ផ្ដល់នូវ​ភាព​សុខ​ស្រួល​ដល់​យើង​ណាស់ ដោយ​កូនចៅ​អាច​លេង​ខ្ញៀវខ្ញារ​មុខផ្ទះ ឬក៏​ជាទី​ដែល​យើង​ដាក់ គ្រែ​អង្គុយលេង​លំហែរ ។​

​ការ​រើស​ពូជ​
– ទិញ​កូន​ពូជ​ពី​ផ្សារ​រក​ភាព​ប្រាកដ​មិន​បានទេ ដូច្នេះ​យើង​គួរ​សំលឹង​រក​ផ្លែ​ណា​ដែល​យើង​ពេញចិត្ត​គឺ​ធំ សាច់​ក្រាស់ ទឹក​ច្រើន ។ ប៉ុន្តែ​ពូជ​ម្យ៉ាង​ហៅថា “​ជូ​ហ៊ុត​” មាន​ផ្លែ​តូច សាច់​ក្រាស់ មានការ​លក់​ពុំ ទូលំទូលាយ​នៅលើ​ទីផ្សារ​ទេ ព្រោះ​ក្នុង​រង្វង់​អ្នកមធ្យម​គេ​ពុំ ហ៊ាន​ទិញ ដោយ​ថ្លៃ​វា​ខ្ពស់ ។​
– ផ្លែ​ធំ​ដូចគ្នា តែ​រើស​គ្រាប់​តូច​ជាងគេ យកទៅ​បណ្ដុះ ។​

ការបណ្ដុះ​គ្រាប់​
– យើង​ដាំ​ក្នុង​រណ្ដៅ​តែម្ដង​ក៏បាន ប៉ុន្តែ​ខាត​កំលាំង​ថែទាំ ពី​តូច ច្រើនជាង​ដាំ​កូន ។​
– បណ្ដុះ​វា​ក្នុង​ថ្នាល​តូច​ដូច​បណ្ដុះ​ខ្នុរ ។ រៀបចំ​ដី​ដូចគ្នា គឺ​អោយ​ធូរ​លី មាន​ជី​កំប៉ុង​២​បង្គី និង​ផេះ​អង្កាម​២​បង្គី លាយ​ច្របល់​ចូលគ្នា​សព្វ ចាក់​វាស​លើ​ថ្នាល​តូច ១​ម៉ែត្រ​បួន​ជ្រុង ។​
– កប់​គ្រាប់​អោយ​លិច​ល្ហែ​លៗ ចំងាយ​១​ទោម​ពីគ្នា រួច​គ្រប​ធាងដូង ការពារ​កុំអោយ​មាន់​កកាយ ។​
– គ្រាប់​ខ្លះ​ដុះ​ខ្នែង​ច្រើន​ពីក្រោម​ឡើង​តែម្ដង ។​
– យើង​ត្រូវការ​បួន​ដើម​ទេ តែ​ត្រូវដាក់​គ្រាប់​៥០ ទៅ​៦០ សំរាប់​រើសយក​កូន​មាំ​ល្អ ។​
– កូន​ដុះ​បាន​១​ទះ ត្រូវ​ព្យាយាម​ស្រោច​ទឹកនោម លាយ​ខ្នាត​២​ត្រលោក​ក្នុង​ទឹក​កន្លះ​ប៉ោត រាល់​៣​ថ្ងៃ​ម្ដង ដើម្បីអោយ​កូន​ស្ទុះ​លឿន ។ នៅ​កំពស់​១​ចំអាម ត្រូវ​ដក​កូនតូច​ជាងគេ​ចេញ ។​


​ការ​រើស​ទីតាំង
– យើង​ដាំ​១​ជួរ​នៅមុខ​ផ្ទះ តែ​កុំអោយ​អម​ផ្លូវ ព្រោះ​សំណុំដើម​វា​ទាប​ណាស់ អាច​ទើស​ទែង​ដល់​ឡាន​ចេញចូល ពេល​ដឹកទំនិញ​ម្ដងៗ ។​
– យើង​ដាក់​ផែនការ​ដាំ​តែ​៤​ដើម​បាន​ហើយ ហើយ​ចំងាយ​៤​ម៉ែត្រ​ពីមុខ​ផ្ទះ នឹងមាន​ចំងាយ​៧​ម៉ែត្រ​ពី​ដើម​១ ទៅ​ដើម​១ ។ មៀន​មិន​ចាញ់​ទឹក​ដូច​ខ្នុរ​ទេ ។​


ការរៀប​រណ្ដៅ​
– កាលណា​បណ្ដុះ​គ្រាប់​រួចហើយ យើង​ត្រូវ​រៀប​រណ្ដៅ​រង់ចាំ ព្រោះ​រណ្ដៅ​មិនអាច​ដាំ​ភ្លាម​បានទេ​ទោះ ដាក់​ជី​ហើយ​ក្ដី ក៏​ពេល​ខ្លី​ពេក ធ្វើអោយ​កូន​ដំណាំ​ពុំ​ស្ទុះ​លឿន​ដែរ ។​
– រណ្ដៅ​ខ្នាត​០.៨០ ម x ០.៨០ ម x ០.៨០ ម ជា​រណ្ដៅ​ខ្នាត​មធ្យម ។ យើង​អាច​រៀប​យក​ខ្នាត​១​ម៉ែត្រ បួន​ជ្រុង ជំរៅ​៨​តឹក ” គឺ ១​ម x ១​ម x ០.៨ ម តាមរបៀប​ម្យ៉ាងទៀត ប្លែក​ពីរ​ណ្ដៅ​ដាំ​ឫស្សី ។ យើង​ចាប់​ជីករណ្ដៅ​មាត់​លើ​១​ម៉ែត្រ​បួន​ជ្រុង​យក​អាចម៍ដី​សើ​លើ ១​ហត្ថ​ដាក់​ម្ខាង រួច​យក​ស្រទាប់​ក្រោម​១​ហត្ថ​ទៀត​ដាក់​ម្ខាង ។ ដី​ស្រទាប់​ក្រោម​នេះ​មិនសូវ​ល្អ​ទេ បើ​មា​នទី​ទាប​គួរ​ជ​ញ្ចូ​ន​ដាក់​ទី​ទាប ចុះ ។ បាត​រណ្ដៅ​ត្រូវ​ជ្រុំ​បំបែក​ដី​ផង ។ រណ្ដៅ​ជីក​ចោល​១​ខែ ដើម្បីអោយ​ដីឥដ្ឋ​ស្ងួត ទើប​ស្រួយ​ផុយ​ពេល​ត្រូវ​ទឹក ។ រណ្ដៅ​៤​នេះ​ត្រូវ ធ្វើជា​តំណាក់ បើ​រួច​ត្រូវ​រួច​ស្មើគ្នា ។ ដាក់​ជញ្ជ្រាំង ឬ​សំរាម​អោយ​គោ​ដេក​យ៉ាង​ក្រាស់ ដើម្បីអោយ​ជុប​ទឹកនោម​សព្វ ទើប​ប្រមូល​រួម ទាំង​អាចម៍គោ​ផង​មក​ដាក់​ញាត់​ក្នុង​រណ្ដៅ​ទាំង​៤​មាន​កំរាស់​២​តឹក ស្រោច​ទឹក ជាន់​អោយ​ណែន ទើប​កាប់​រ៉េះ​រណ្ដៅ ទំលាក់​ដី​គ្រប សំរាម​កំរាស់​១​ទះ ។ យើង​ធ្វើ​របៀបនេះ​អោយបាន​៣​ជាន់ ទើប​ពេញ​រណ្ដៅ ។ រីឯ​ជាន់​លើ​បំផុត​ត្រូវ​ទាញ​អាចម៍ក​ដី​លប់​អោយ​កំពង់ ព្រោះ​ពេល​ចំបើង និង​ជញ្ជ្រាំង​រលួយ អាច​ស្រុត​ទាប​វិញ ។ យើង​ធ្វើ​របៀបនេះ​ដូចគ្នា​នឹង​ការរៀប​រណ្ដៅ ផ្សំ​ជីកំប៉ុស​ដែរ ។ ទីណា ជិត​ក្រោលគោ​គួរតែ​ធ្វើ​របៀប​នេះឯង ។ យើង​ដាំ​តិច​តែ​ទទួលផល​ច្រើន ប្រសើរ​ជាង​ដាំ​ចោល​ដើម​ច្រើន តែ​បាន​ផ្លែ​តិច ។​
– បើ​រណ្ដៅ​ឋិត​នៅ​ចំ​ស្រែ​ចាស់ ដែល​ផ្ដើមកសាង​ថ្មី ដី​ពុំទាន់​បាន​លើក​ខ្ពស់ យើង​ក៏ត្រូវ​ធ្វើ​របៀប​គ្នា​ដែរ គឺ​ជីកដី​ខ្នាត​រណ្ដៅ​ដូចគ្នា យក​អាចម៍ដី​តំរៀប​ជា​ភ្លឺ​ខាង រហូតដល់​លើ​ជង្គង់ ។ រណ្ដៅ​ទីនេះ​យក​ជំរៅ​តែ​៦​តឹក បាន​ហើយ ។ បើ​ខ្វះ​អាចម៍ដី​តំរៀប​ជុំវិញ​អោយ ក្រាស់ អាច​ពង្រីក​រណ្ដៅ​យក​អាចម៍ដី​ក៏បាន ។ យើង​ធ្វើ​របៀប​ជា​ជីក​ស្រះ​លើកដី​ជា​ទួល​ដាំ​ដំណាំ​ដែរ ។ តែ​នេះ​ជា​កូន​ស្រះ​ត្រូវ​លប់ វិញ ដោយ​ដាក់​គ្រឿង​មាន​ជី​សព្វ​មុខ ដូច​និយាយ​ពី​របៀប​រៀប​រណ្ដៅ​ខាងលើ ហើយ​អាច​បន្ថែម​ដីល្បាប់ ឬ​ដី​បាត​បឹង​ចូល​សង្កត់​លប់ ជញ្ជ្រាំង​វិញ ក៏​រឹតតែ​ប្រសើរឡើងទៀត ។​
– រណ្ដៅ​ទាំងអស់​ត្រូវ​រៀប​អោយ​ហើយ​នៅ​ខែ​ទី​៣ ដើម្បី​ទុកពេល​អោយ​សំរាម​ពុក ។​
– ការរៀប​រណ្ដៅ​ទាំង​២​យ៉ាងនេះ សមស្រប​លើ​ប្រភេទ​ដី​គ្មាន​ជី​ជាត់​ល្អ រីឯ​ដី​ណា​ដែល​យើង​យល់ថា​ល្អ​គ្រាន់បើ​ហើយ ព្រោះ​ឃើញ ដំណាំ​គេ​នៅ​ជិតៗ ល្អ​គ្រាន់បើ​ដែរនោះ នោះ​យើង​អាច​បន្ថយ​ទំហំ​រណ្ដៅ​អោយ​តូច​បន្តិច​បាន ។​
– នៅ​ឆ្នាំ​ទី​១ ទី​២ ទី​៣ ត្រូវ​ដាំពោត​ជិត​រណ្ដៅ​ល្អ​ជាង​ទុក​ដី​ទទេ ។​

​ការដាំ​
– នៅ​កណ្ដាលខែ​៥ យើង​អាច​ដាំ​បាន ។​
– មុន​ដាំ​ត្រូវ​ជាន់រ​លាក់ខ្លួន​សាកមើល​សិន ដើម្បីអោយ​ដឹង​កម្រិត​ហាប់​របស់​វា ទើប​យក​ដី​កំ​ប៉ុ​ស​២​បង្គី​ដាក់​ពីលើ ជ្រុំ​ច្របល់​លាយ ជាមួយ​ដី​លើ​រណ្ដៅ​អោយ​សព្វ ទើប​កាយ​ក្រឡុក​កណ្ដាល ហើយ​ស្រោច​ទឹក​អោយ​ជោក​ដល់​ក្រោម ។​

– ជៀសវាង​ការដាំ​លើ​ជី​សុទ្ធ ព្រោះ​នាំអោយ​ឫស​ទ្រមក់​ពុំ​ព្រម​ចាក់​ទៅ​ឆ្ងាយ ។​
– ពេល​ល្ងាច​យើង​ស្រោច​ទឹក គាស់​កូន​មៀន​ដែល​ធំជាងគេ ស្រាលៗ ថ្នម​កុំ​អោយដាច់​ឫស​ខាង​មក​ពិនិត្យមើល ប្រៀបធៀប​គ្នា យក​កូន​ណា​ដែល​គល់​រីក​ធំ ឫស​ខាង​ស្ញេះ កាត់​ឫសកែវ​ចោល​ដោយ​ទុក​តែ​៣​ធ្នាប់ ។ កូន​ត្រូវយក តោង​កាត់​ដើម​ចេញ​នៅត្រង់​ស្លឹក ទី​៤ ពីក្រោម​ឡើង ឬ​បើ​កូន​មាន​មែក​ច្រើន ត្រូវ​កាត់​មែក​ចោល​ទាំងអស់ រីឯ​ចុង​ក៏​កាត់​ទុក​តែ​ស្លឹក​មួយចំនួន ។ ការ​កាត់​មែក ឬ​ដើម​ចោល​មួយចំនួនធំ​នេះ​មាន​ប្រយោជន៍​ណាស់ គឺ​មកពី​ការ​គាស់​យកចេញ​ក្រៅ​ត្រូវ​ដាច់​ឫស​ឆ្មារ​ច្រើន ដែល​បណ្ដាល​ឲ្យ​ទឹក និង​ជី​ឡើងមក​ចិញ្ចឹម​ដើម​មិន​គ្រប់ ទើប​ការ​កាត់​មែក ឬ​ដើម​ចោល ចាត់ជា​ការធ្វើអោយ​កូន​មៀន មិន​ស្រេកឃ្លាន មិន​ធ្លាក់ខ្លួន​បាក់ កំលាំង ។​
– ប្រើ​អាចម៍​ជន្លេន​លាយ​ទឹក​ផុ​កៗ​សម្រាប់​ជ្រលក់​ឫស ទើប​ដើម​រហ័ស​ស្ទុះ ។​
– ក្នុង​១​រណ្ដៅ​ដាក់​កូន​២​ដើម ចំងាយ​ពីគ្នា​១​ចំអាម ។​
– ដាក់​កូន ត​តា​កឫស ហើយ​លប់​ដី​ម៉ត់​បំផុត​មុន ទើប​ដី​នេះ​ក្ដោប​ឫស​ជិត ដែល​ធ្វើអោយ​ឫស​ស្រូបទឹក ។ ស្រូប​ជី​បាន​ឆាប់ ។ លប់​ដី​បណ្ដើរ យក​បាតដៃ​បង្ហាប់​បណ្ដើរ​លុះត្រា​កំពុង​។ តែ​ត្រូវអោយ​ដី​រលប់​គល់​លើ​ស្នាម​ដី​ចាស់​វា​បន្តិច ។ មិនត្រូវ​កប់​គល់​ជ្រៅ ពេក​ទេ ។​
– ធ្វើ​ចង្អូរ​ខាង​ជុំវិញ​កូន សំរាប់​ស្រោច​ទឹក អោយ​ធ្លាក់ចំ​ចុង​ឫស ។​
– ដាំ​រួច ស្រោច​ទឹក​លើក​ទី​១ អោយ​ជោក​ទាំងអស់​តាំងពី​គល់​ទៅ ។​

​ការថែទាំ​
– គ្រប​រណ្ដៅ​ដោយ​សំរាម ឬ​ចំបើង រួច​សង្កត់​ជិត​ដោយ​ធាងដូង ដើម្បី​កុំអោយ​មាន់​កកាយ និង​បាំង​ថ្ងៃ​អោយ​វា​ផង ។​
– ក្រោយៗ​មក ត្រូវ​ស្រោច​ទឹក​រាល់ថ្ងៃ តាម​ចង្អូរ​ជុំវិញ ដើម្បី​ទាញ​ឫស​វា​ចេញ​ក្រៅ​ឆាប់ ។​
– កូន​មៀន​លូតលាស់​យឺត​ជាង​ខ្នុរ​
– ពេល​កូន​ចេញ​ត្រួយ​ថ្មី​បាន ១ ច​ង្អុ​រ​ដៃ​ហើយ ត្រូវ​បង្ហើប​ធាងដូង យក​ចប​រៀប​ចង្អូរ​ថ្មី ជា​រង្វង់​ចេញ​ក្រៅ​បន្តិច សំរាប់​ស្រោច​ទឹក ។ ធ្វើ​នេះ​ដើម្បី​ទាញ​ឫស អោយ​ចាកចេញ​តាម​ទឹក ។ ពេល​លាស់​ត្រួយ​ថ្មី​បាន​២​សារ​ហើយ ត្រូវ​លែង​ស្រោច​ទឹក ដើម្បីអោយ​ឫស​ចេញ កាន់តែ​លឿន នឹង​ចាក់​ចុះក្រោម ។​
– កូន​មៀន​កម្រ​ឃើញ​សត្វ​អ្វី​ស៊ី​ស្លឹក​វា​ណាស់ ។​

ការផ្គត់ផ្គង់​ទឹក​នៅ​រដូវក្ដៅ​ឆ្នាំ​ទី ១
– នៅ​រដូវក្ដៅ​ឆ្នាំ​ទី​១ យើង​កុំ​ស្រោច​ទឹក ។ ត្រូវអនុវត្ត​របៀប​ប្រើប្រាស់​ទឹក​ក្រោម​ដី ។ គឺ​ត្រូវ​ជំ​រះ​ត​ត្រាយ​ដី​២ ឬ​៣​លើក រង្វង់​ពី​កូន​មៀន​ជាង​២​ម៉ែត្រ នៅពេល​អស់​ទឹកភ្លៀង ។ បើ​កូន​មៀន​ចាញ់​ថ្ងៃ​ត្រូវ​ដោត​ធាងដូង​បាំង​ពី​ខាងត្បូង ។​
– ពី​ប្រាំង​ឆ្នាំ​ទី​២​ទៅ នៅក្នុង​រង្វង់​ដាំ​មៀន ត្រូវ​កាប់​ផ្លាក់ បក​ត្រឡប់​កប់​ទាំង​សំរាម ចំនួន ២-៣ លើក​នៅក្រោយពេល​អស់​ភ្លៀង ។​


​ការ​កាត់​ដើម​មៀន​
– នៅ​ដើមរដូវ​ភ្លៀង​ឆ្នាំ​បន្ទាប់ គឺ​ដាំ​បាន​១​ឆ្នាំ​ហើយ ពេល​ស្លឹក​ចាស់ ត្រូវយក​កាំបិត​មុត​ជាទីបំផុត​កាត់​កូន​មៀន​ត្រង់​ក្រោម​កាត់​មុន​២ ធ្នាប់ ចោល​ទាំងអស់ រួច​លាប​កំបោរ​មុខ ។ កាត់​កុំ​ស្ដាយ ព្រោះ​ការស្រឡាញ់​ដើម​តូច​នេះ គ្មានអ្វី​ល្អ​សូម្បីតែ​បន្តិច ។ កាត់​ដើម​ចោល នេះ​គឺ​ពង្រឹង​ភាព​មាំទាំ​របស់​វា ។​
– កាត់​ដើម​លាប​កំបោរ (​កំបោរ​ហូប​ក៏បាន​) រួចហើយ​ត្រូវយក​ចប កាប់​ផ្លា​ក់ដី​ក្រោ​រណ្ដៅ បក​ត្រឡប់ ពុំ​ចាំបាច់​បំបែក ដើម្បីអោយ​កំទេច​សំរាម​ចូល​លាយ​បណ្ដើរៗ និង​ដី​ធូរ​ជ្រៅ ។​

– ក្រោយ​ប៉ុន្មាន​ថ្ងៃ ខ្នែង​ថ្មី​ដុះ​ស្ញេះ ។ ត្រូវ​រក្សាទុក ១ ដែល​នៅលើ​គេ ក្នុង​ដើម​និ​មួយៗ បើសិនណា​រណ្ដៅ​នៅរស់​កូន​ទាំង​២ ។ បើ​រណ្ដៅ​នេះ​មានតែ​១​ដើម ត្រូវ​រក្សាទុក​ខ្នែង​២ ខាងលើ​គេ​បំផុត​១ និង​ខាងក្រោម​គេ​បំផុត ១​ដែល​ធំ​ស្មើគ្នា​។​
– ខ្នែង​ចេញ​ថ្មី បង្កើត​ជាដើម​វិញ​យ៉ាង​ឆាប់ ហើយ​ទ្រង់ទ្រាយ​ល្អ​ជាង​មុន ។​
– នៅ​ឆ្នាំ​ទី​២ គឺ​ការ​កាត់​ជា​លើក​ទី​២ នៅពេល​មាន​អាយុ​ពេញ​២​ឆ្នាំ ត្រូវ​កាត់​នៅ​កំពស់​ខ្ពស់ជាង​មុន​១​ទះ ។ បើ​កូន​ទំហំ​ប៉ុន​កូនដៃ​ឡើង ត្រូវ​កាត់​ដោយ​រណារ​អារ​ដែក ។ អារ​ម្ខាង​អោយដាច់​សាច់​ពាក់កណ្ដាល​សិន សឹម​អារ​ម្ខាង​ទៀត​ផ្ដាច់ ទើប​មិន​រយះ​សំបក ។ ត្រូវ​អារ​ឬ​កាត់​អោយ​មុខ​រណា​នៅ​ពីលើ​ស្នាម​កន្ទួល​គល់​ស្លឹក ប៉ុន​គ្រាប់​អង្ករ ។​
– ក្រោយ​កាត់​ប៉ុន្មាន​ថ្ងៃ ខ្នែង​ដុះ​ថ្មី ។ យើង​ទុក​តែ​១ ដែល​ខ្ពស់បំផុត​ក្នុង​ដើម​និ​មួយៗ ។​
– ពេល​ដើម​ថ្មី​ចេញ​បាន​លេច​ក្បាល ត្រូវ​ទាញ​ដើម​វា​ព័ទ្ធ​គ្នា ២ ទៅ​៣​ព័ទ្ធ ហើយ​កាត់​នៅត្រឹម​ដោះ ។ ថ្ងៃក្រោយ​យើង​ឃើញ​មៀនតែ​១ ដើម​រមួល​ចូលគ្នា ។​
– ដោយ​សំណុំ​មៀន​បែក​សំយាយ​ទាបៗ ត្រូវអោយ​វា​បែកមែក​ត្រឹម​ដោះ ទើប​ល្អ​ជាង​ការ​បែក​ពីក្រោម ។ បើ​អោយ​បែក​ពីក្រោម វា​ទើស​ទែង​ថ្ងៃក្រោយ ហើយ​ជួនកាល​ត្រូវ​កាត់​មែក​ធំ​ខាងក្រោម​ចោល​ផង ដែលនាំអោយ​ខាត​ផល វា​ទើស​ទែង​ថ្ងៃក្រោយ ហើយ​ជួនកាល​ត្រូវ​កាត់​មែក​ធំ​ខាងក្រោម​ចោល​ផង ដែលនាំអោយ​ខាត​ផល ក្នុងតំណាក់កាល​ដែល​វា​ផ្លែ ។​
– ខ្នែង​ថ្មី​ពី​ត្រឹម​ដោះ​ឡើង ត្រូវ​រក្សាទុក​ពី​៨ ទៅ​១០​មែក គ្រប់​ទិស​ដូច​ឆ្អឹង​ឆ័​ត្រ​។​
– ខ្នែង​ទី​៨ ទៅ​១០ នេះ​កាលបើ​ចេញ​វែង​ហើយ​ត្រូវ​បំពត់​វា​ចេញ​ខាង ។ វា​កាន់តែ​ទោរ​ទាប​ពេល​វា​វែង ។​
– តំណាក់​នេះ​យើង​ទុក​វា​អោយ​បែក​ត្រសុំ​តាមចិត្ត​សិន ។​

​ការ​ទ្រទ្រង់​ដី​ឲ្យ​មាន​ជី​
– តាំងពី​ដាំ​រួច​នៅ​គ្រា​ដំបូង ត្រូវ​រក​ពូជ​ជន្លេន​ខ្វង់​ដាក់​សិន លុះដល់​ពេល​ទឹក​ជោកជាំ​ខ្លាំង ត្រូវ​រក​ពូជ​ជន្លេន​ទ្រ​កមក​ដាក់​ទៀត ។ ត្រូវធ្វើ​ទី​ជុំវិញ​រណ្ដៅ​អោយ​សំបូរ​សំរាម ហើយ​ធូរ ព្រមទាំង​គ្រប​ដោយ​ធាងចេក ធាងដូង អោយ​ដី​សើម​ត្រជាក់ ទើប​ជន្លេន​នៅបាន ទាំង​ខែប្រាំង ។​
– មានតែ​ការធ្វើអោយ​ជន្លេន​កើន​ច្រើន​ទេ ជា​វិធី​ល្អ​បំផុត​ដោយ​មិនចាំបាច់​ចាយវាយ​លុយ​ថែម​ហើយ​ដំណាំ​ល្អ​ណាស់ ។ បើ​ដី​យើង មាន​អាចម៍​ជន្លេន​ពោរ​ហើយ នោះ​ដំណាំ​យើង​មិន​ចាញ់​ដំណាំ​នៅតាម​មាត់ទន្លេ​ឡើយ ។​

​ការចេញ​ផ្កា​ជាប់​ផ្លែ​
– ពេលណា​មៀន​ផ្កា​ចោល​១​សារ​ហើយ យើង​ត្រូវ​ដឹងថា មៀន​យើង​ពេញវ័យ​ហើយ ។ ត្រូវ​បង្កើន​ស្បៀងអាហារ​អោយ​វា​ច្រើន​ទៀត ទើប​ឆ្នាំ​បន្ទាប់​អាចជា​ប់​ផ្លែ ។ បើ​យើង​មិន​បង្កើន​ជី ជូន​ឆ្នាំ​បន្ទាប់​វា​ផ្កា​ចោល​ទៀត ។ លុះត្រា​ច្រើន​ឆ្នាំមាន​ឫស​ចេញ​ឆ្ងាយ ទើប​អាច មានកំ​លាំង​សំរាប់​ផ្លែ​បាន​តិចតួច ។​
– ការត្រៀម​អោយមៀន​ផ្លែ​ច្រើន គឺ​ការប្រមូល​កំទេច​សំរាម ចំបើង ជ​ញ្ច្រាំ ដើម​ផ្ទី ធាងចេក ធាងដូង​គ្រប​លើដី ឆ្ងាយ​ជាង​១ ម៉ែត្រ​ពី គល់ នៅពេលដែល​យើង​កាប់​កប់ ត្រឡប់​រួច​នា​ក្រោយ​រដូវភ្លៀង ។ បាច​សំបង​ខ្ចៅ ដូច​ព្រួស​ស្រូវ​រាល់​២​ឆ្នាំ​ម្ដង ។​
– ពេល​ផ្កា​ចេញ​ស្រុះ ត្រូវយក​ផេះ​ធាងដូង ឬ​ផេះ​សំបក​គ ឬ​ផេះ​ផ្ទី ៣ គីឡូ លាយ​ទឹក​១​ប៉ោត​ស្រោច​យឺតៗ ជុំវិញ​គល់ ។ យើង​ស្រោច​ជាតិ​ក្បុង​ចាស់​បន្តិច​នេះ ដើម្បីអោយ​កាន់​ក្ដឹប​ច្រើន ។​

– បើ​ផ្កាស​ក្បុស​គ្រប់​មែក ត្រូវ​កាត់​មែក​ឆ្មារៗ ចង្អៀត​ចោល​ខ្លះ ព្រោះ​បើ​ទុក ផ្លែ​មិន​កាន់​គ្រប់​មែក ឬ​មាន​ផ្លែ​តិចតួច​តាម​ទង​និ​មួយៗ ដែល​ធ្វើអោយ​ពី​បាក​នៅពេល​ច្រក​ផ្លែ​ចូលក្នុង​ជាល ។​
– ការកាត់ទ​ង​ផ្កា​ចោល​ខ្លះ​នេះ ពុំ​អាច​កំណត់​បានទេ គឺ​វា​អាស្រ័យ​លើទឹក​ដី​របស់​យើង ។ កាលបើ​ធ្វើបាន​១​សារ ២​សារ​ហើយ ទើប​អាច​កំណត់​បាន​ថា គួរ​ទុកអោយ​កាន់​ផ្លែ​ប៉ុណ្ណា ។ ប៉ុន្តែ​ត្រូវ​កំណត់​ផែនការ​មិន​យក​ផ្លែ​ទង​ក្នុង​មែក​ធំ​នីមួយៗ ដើម្បី​ឈានទៅ​យក ផ្លែ​ច្រើន​ក្នុង​ទង​នីមួយៗ ។ ធ្វើ​នេះ​ប្រើ​ជាល​តិច ទើប​ជាការ​ចំណេញ​ជាង ។​



​កិច្ចការពារ​ផ្លែ​

– ពេល​ក្ដឹប​ចេញ​បាន​ប៉ុន​ចង្កឹះ ត្រូវ​ត្បាញ​ជាល​នៅពេល​យប់ ។​
– ពេល​ផ្លែ​ប៉ុន​ម្រាមដៃ ឬ​មេដៃ យក​ជាល​ច្រក​គ្រប់​ទង ដើម្បី​ការពារ​ជ្រឹង និង​ប្រចៀវ ។​
– ជាល​នេះ​ពេល​បេះ​ហើយ អាច​ទុក​ប្រើ​ឆ្នាំ​បន្ទាប់​បាន ។​

​ការ​ហូត​ផល​
– មៀន​អាច​ហូប​បាន​បណ្ដើ​រឺ តាំងពី​មិនទាន់​ទំ តែ​មិនសូវ​ផ្អែម និង​មិនសូវ​ក្រអូប ។ តែបើ​គេ​ត្រូវការ អាច​បេះ​មុន​បន្តិច​បាន ។​
– ពេល​ល្អ​បំផុត​គឺ​ពេល​ផ្លែ​អោយ​ក្លិនក្រអូប ទើប​សាច់​ផ្អែម​ខ្លាំង ។​
– កាត់​គល់​ទង​អោយ​វែង​បន្តិច យក​ទាំង​ជាល ហើយ​ជួនកាល​គេ​ដាក់លក់​ទាំង​ជាល តែម្ដង​ដែលជា​ប្រការ​ទាក់ទាញ​អ្នកទិញ ។​

ការតាក់តែង​មែក​ពេល​បេះ​រួច និង​មុន​ផ្កា​
– ប្រមូល​ផល​រួច​ត្រូវ​កាត់​កូន​មែក​ស្តុក និង​ខ្នែង​ថ្មី​ខាងក្នុង​កុំអោយ​មាន​ថែម ព្រោះ​មែក​ក្នុង​មិនបានការ ។​
– មុន​ចេញ​ផ្កា​ត្រូវ​កាត់​កូន​មែក​តូចៗ​ចោល​១​សារ​ទៀត ឬ​កាត់​នៅពេល​វា​ចេញ​ផ្កា​១​ៗ ទើប​មិន​ពិបាក​កាត់ នៅពេល​វា​ចេញ​ផ្កា​ស្រោច ។​
– មែក​បំពង់​ថ្លោស​ដុះ​ឡើងលើ គួរ​កាត់ចេញ ដើម្បី​កុំអោយ​សំណុំដើម​ខ្ពស់ ព្រោះ​បើ​វា​ខ្ពស់​យើង​ពិបាក​ច្រក​ជាល ។​

​ការពង្រីក​ពូជ​ដោយ​បំបៅ​
– ដើម​ណា​ផ្លែ​ល្អ យើង​អាច​បំបៅ​យកទៅ​ដាំ​ទៀត​បាន ហើយ​ហុច​ផល​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ។ របៀប​បំបៅ​ដូចគ្នា​និង​ការ​បំបៅ ពុទ្រា​ដែល​បាន​និយាយ​រួចហើយ ។ តាម​ខ្ញុំ បំបៅ​របៀបនេះ​ងាយ​ជាង​របៀប​បំបៅ​ផ្សេងៗ​ទៀត សំរាប់​អ្នក​មិនទាន់​ប្រសប់ ។ មិន​ថា​មៀន​ទេ ទោះ​មុខ​ណា​ទៀត​ក្ដី ដែល​យើង​ដាំ​ល្អ ផល​ច្រើន ងាយ​ប្រមូលប្រាក់ សូម​បង្កើន​មុខ​នោះ​ថែម​បន្តិចទៀត ហើយ​បន្ថយ មុខ​ណា​ដែល​គ្មាន​ផល​សោះ ។​

​ការដាំ​មៀន ៤​ដើម​នេះ ជាង​ការងារ​១​ទៀត ដែល​ធ្វើបាន​ដោយ​ពុំ​ចាំបាច់​ចងការ​ប្រាក់​គេ​ទេ ។ ៤​ដើម​នេះ​ហុច​ផល​ដល់​យើង​រាល់​ឆ្នាំ វា​ស្មោះត្រង់​ណាស់ ឥតមាន​បន្លំ ដូច​យើង​ចងការ​យកលុយ​ទៅរក​ស៊ី​ជាមួយ​គេ ដែល​ច្រើនតែ​គេ​បោក និង​ពិបាក​រកលុយ​អោយ​ការ ប្រាក់​គេ​នោះទេ ។ គួរតែ​ធ្វើការ​រកស៊ី​ប្រវាស់​គ្នា​ជាមួយ​ដើម​មៀន ។ ម្យ៉ាងទៀត​នេះ​ជា​គំរោង​មួយ​ហុច​មកវិញ​នូវ​សាច់ប្រាក់់​ដុំ សំរាប់ អភិវឌ្ឍន៍​គ្រួសារ ។ យើង​មាន​គ្នា​តិច​មែន ប៉ុន្តែ​បើ​យើង​ចេះ​រួម​ដៃ​ជាមួយ​ដំណាំ​ទាំងឡាយ ទោះ​ពួកវា​មិនចេះ​និយាយ​ក្ដី តែ​វា​ជា​កំលាំង យ៉ាង​ធំ ដែល​ជួយ​រកលុយ​កាក់ មាសប្រាក់ អោយ​យើង​រាល់​ឆ្នាំ ៕​