អំពើហិង្សា​ក្រោយ​ការបោះឆ្នោត​នៅ​បូ​លី​វី ! ស្ត្រី​អភិបាលក្រុង​ត្រូវ​ចាប់​ស្រោច​ថ្នាំ​និង​បណ្តើរ​តាមផ្លូវ​

455
ចែករម្លែក

​លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ ប្រធានាធិបតី​នៃ​ប្រទេស​បូ​លី​វី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃទី​៧​ខែ​វិច្ឆិកា​បាន​ថ្កោលទោស​ការវាយប្រហារ​ទៅលើ​អភិបាលក្រុង​ជា​ស្ត្រី​ម្នាក់​ដែល​នៅក្នុង​ការវាយប្រហារ​នោះ​​ក្រុម​ប្រឆាំង​បាន​ចាប់​កាត់​សក់​របស់​លោកស្រី និង​ចាក់​ស្រោច​ទឹក​ថ្នាំ​លាប​លើ​ខ្លួន​របស់​លោក​ស្រី​ហើយ​បណ្តើរ​លោក​ស្រី​ដោយ​ជើង​ទទេ​នៅតាម​ផ្លូវ​។​

​សូមបញ្ជាក់​ថា ប្រទេស​បូ​លី​វី​បាន​ទទួល​រង​ការ​រង្គុះរង្គើ​ខ្លាំង​ដោយ​អំពើហិង្សា​ក្រោយ​ការបោះឆ្នោត​ដោយ​ការតវ៉ា​ប្រឆាំង​របស់​ក្រុម​ប្រឆាំង​ដែល​និយាយ ថា​លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ បាន​​ក្លែងបន្លំ​ការបោះឆ្នោត​ដែល​នាំឱ្យ​លោក​ឈ្នះ​ការបោះឆ្នោត​ជា​ថ្មី​កាលពី​ខែ​មុន​។​

​និស្សិត​ម្នាក់​អាយុ​២០​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ពុធ​រវាង​ក្រុមបាតុករ​ប្រឆាំង​និង​រដ្ឋាភិបាល​នៅ​ទីក្រុង​កូចា​បាំ​បា​ដែល​នាំ​ឱ្យ​ចំនួន​អ្នកស្លាប់​សរុប​មាន​ចំនួន​៣ នាក់​ចាប់​តាំងពី​ការបោះឆ្នោត​ថ្ងៃទី ២០ ខែតុលា​។​

​នៅ​ទីក្រុង​វីន​តូ ក្រុម​ហ្វូង​អ្នកប្រឆាំង បាន​សម្រុកចូល​ទីស្នាក់ការ​ធំ​នៃ​ក្រុង​នេះ​ហើយ បាន​ចាប់​អូស​លោកស្រី​ប៉ា​ទ្រី​ស្យា អា​សេ អភិបាល​ក្រុង​នេះ​ទៅ​លើ​ផ្លូវ​នៅ​មុនពេល​ដុត​បំ​​ផ្លាញ​អគារ​ស្នាក់​ការ​នោះ​។​

​លោក​អេ​វ៉ូ ម៉ូ​រ៉ាល់​បាន​និយាយ​លើ​ទំនាក់ទំនង​សង្គម​Twitter​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោកស្រី​ប៉ា​ទ្រី​ស្យា អា​សេ​ដែល​ជា​សមាជិក​នៃ​គណបក្ស​កំពុងកាន់​អំណាច​របស់​លោក​នេះ ​ត្រូវបាន​ចាប់ពង្រត់​យ៉ាង​សាហាវ ដោយសារតែ​លោក​ស្រី​បង្ហាញ​និង​ការពារ​ឧត្តមគតិ​របស់លោក​ស្រី​និង​គោលការណ៍​របស់​អ្នកក្រីក្រ​បំផុត​។​

​រូបភាព​តាម​ទូរទស្សន៍​បាន​បង្ហាញ​លោកស្រី​នៅ​លើ​ដី សក់​របស់​លោកស្រី​ត្រូវបាន គេ​កាត់​និង​ចាក់​ស្រោច​ថ្នាំលាប​ក្រហម​លើ​ខ្លួនប្រាណ​របស់​លោកស្រី​មុន​ត្រូវបាន​ចាប់​អូស​​ទាញ​និង​បង្ខំ​ឱ្យ​ដើរ​ដោយ​ជើង​ទទេ​ដោយ​ក្រុម​ហ្វូង​ប្រឆាំង​កាត់​តាម​ទីក្រុង​នេះ​នៅ​មុនពេល​ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះ​ហើយ​ដឹក​តាម​ម៉ូតូ​ចេញ​ទៅ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​តាម​ទូរទស្សន៍​បាន​បង្ហាញ​លោកស្រី​ប៉ា​ទ្រី​ស្យា អា​សេ នៅលើ​ដី សក់​របស់​លោកស្រី​ត្រូវបាន គេ​កាត់​និង​ចាក់​ស្រោច​ថ្នាំលាប​ក្រហម​លើ​ខ្លួនប្រាណ​របស់​លោកស្រី​មុនពេល​ត្រូវ​បាន​ប៉ូលិស​ជួយ​សង្គ្រោះ​ហើយ​ដឹក​តាម​ម៉ូតូ​ចេញ​ទៅ