អំពើហិង្សា​ប្រឆាំង​ច្បាប់​ផ្តល់​សញ្ជាតិ​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​៦​នាក់​

205
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​នៅ​ឥណ្ឌា​ភាគ​ឦសាន​បណ្តាលមកពី​ការតវ៉ា​ដ៏​ហិង្សា​ប្រឆាំង​នឹង​ច្បាប់​ផ្តល់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​មួយ បាន​កើន​ដល់​៦​នាក់​កាលពី​ថ្ងៃអាទិត្យ នៅពេល​អាជ្ញា​​ធរ​បន្ត​បិទ​អ៊ី​ន​ធឺ​ណែ​ត និង​ដាក់​បំរាម​គោចរ​ដើម្បី​ទប់ស្កាត់​ចលាចល​។​

​ភាព​តានតឹង​នៅតែ​ខ្ពស់​នៅ​ក្រុង ហ្គូ​វ៉ា​ហា​ទី ក្នុង​រដ្ឋ​អា​សាម ដោយ​ទាហាន​ល្បាត​តាម​ថង​វិថី​។​នៅក្នុង​ទីក្រុង ហ្គូ​វ៉ា​ហា​ទី មនុស្ស​ប្រមាណ​៥​ពាន់​នាក់​បាន​ចេញ​មក​តវ៉ា​ប្រឆាំង​ជាថ្មី​​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ប៉ូលិស​រាប់រយ​នាក់​ឈរ​មើល​។​

​ពួក​មន្ត្រី បាន​និយាយថា ផលិតកម្ម​ប្រេង​និង​ហ្គាស​នៅក្នុង​រដ្ឋ​នេះ​រង​ផល​ប៉ះពាល់​ដោយសារ​តែ​បំរាម​គោចរ តែ​ការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​នៅ​ពេល​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​។​

​ច្បាប់​ដែល​សភា​អនុម័ត​កាលពី​ថ្ងៃ​ពុធ អនុញ្ញាត​អោយ​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់លាន​នាក់​មកពី​ប្រទេស​ជិតខាង​ចំនួន​៣ លើកលែងតែ​​អ្នក​កាន់​សាសនា​អ៊ីស្លាម​។​សំរាប់​ក្រុម​កាន់សាសនា​អ៊ីស្លាម ក្រុម​ប្រឆាំង​និង​ក្រុម​សិទ្ធិ​មនុស្ស ច្បាប់​នេះ​ត្រូវបាន​គេ​យល់ថា​ជា​ការរើសអើង​និង​ជា​ផ្នែក​នៃ​របៀបវារៈ​ជាតិនិយម​​ហិណ្ឌូ​របស់​នាយក​រដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី ដើម្បី​ផាត់​ចោល​ជន​អ៊ីស្លាម​ប្រមាណ​២០០​លាន​នាក់​នៅ​ឥណ្ឌា ។​ទោះ​ទោះជា​យ៉ាងណា លោក​ម៉ូ​ឌី បាន​បដិសេធ​កា​លើកឡើង​ដូច្នេះ​។​

​នៅក្នុង​រដ្ឋ​អា​សាម មនុស្ស​៤​នាក់​បាន​ស្លាប់​ដោយ​ការបាញ់​របស់​ប៉ូលិស ម្នាក់​បាន​ស្លាប់​នៅ​ពេល​ឆេះ​ហាង​ដែល​ជនរងគ្រោះ​កំពុង​ដេក និង​ជន​ទី​៦​បាន​ស្លាប់​ដោយ​ការវាយដំ​​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​។​

​នៅក្នុង​រដ្ឋ​បឹង​ហ្កា​ល់​ខាង​លិច ការតវ៉ា​ប្រឆាំង​បានអូសបន្លាយ​ដល់​ថ្ងៃទី​៣ នៅពេល​បាតុករ​ដុត​កង់​រថយន្ត អង្គុយ​តវ៉ា​នៅលើ​ផ្លូវថ្នល់​និង​ផ្លូវ​រថភ្លើង ។​ពួកគេ​ក៏​បាន​ដុតបំផ្លាញ​​រថយន្ត​ក្រុង​និង​រថភ្លើង ហើយ​ប៉ូលិស​ត្រូវបាន​បញ្ជូន​ចូល​ដើម្បី​បំបែកហ្វូង​បាតុកម្ម​។​

​នៅ​ថ្ងៃអាទិត្យ​នេះដែរ រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​បាន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់ ដោយ​ថា​វប្បធម៌​នៅ​បណ្តា​រដ្ឋ​ភាគ​ឦសាន​មិន​បាន​រង​ការ​គំរាម ចំ​ពេល​មាន​ការភ័យខ្លាច​ថា ច្បាប់​ថ្មី​នេះ​​នឹង​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ដ៏​ច្រើន​មក​ពី​បង់​ក្លា​ដែស​៕​ដោយ​៖​វាសនា​

អ្នក​ប្រឆាំង​តវ៉ា បិទផ្លូវ​ក្រោយ​ដុត​រថយន្ត​ក្រុង​ក្នុង​បាតុកម្ម​នៅ​ជាយក្រុង កុល​កាតា