អំឡុងពេល​ភ្ជុំបិណ្ឌ​រាជធានី និង​ខេត្ត​ខ្លះ អាច​ព្រ​ឈម​នឹង​ជំនន់​ទឹកភ្លៀង​

919
ចែករម្លែក

​ដោយៈ​ប​.​ខុន / ភ្នំពេញ​: ក្រសួង​ធនធាន​ទឹកបាន​ព្រមាន​ថា ស្រុក ក្រុង​មួយចំនួន នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ​និង​ខេត្តកំពត នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នាំទៅដល់​ឲ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង​ត្រូវ​ប្រុងប្រយ័ត្ន​។

អំឡុងពេល​ភ្ជុំបិណ្ឌ​រាជធានី និង​ខេត្ត​ខ្លះ អាច​ព្រ​ឈម​នឹង​ជំនន់​ទឹកភ្លៀង​ (រូបឯកសារ)

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៨​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្រាប់​តំបន់​ទំនាប​កណ្តាល​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដោយ​ភាគច្រើន​កើតមាន​នៅពេល​យប់ ដោយសារ​ម៉ាស់​ខ្យល់​ក្តៅ និង​ម៉ាស់​ខ្យល់​ត្រជាក់​ជួបគ្នា​នៅលើ​ប្រទេស​កម្ពុជា​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​តំបន់​ខ្ពង់រាប​នៅមាន​ភ្លៀង​ធ្លាក់​តិច​បំផុត ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​បាន​រុញ​ចុះមក​ខ្លាំង​ខុស​ប្រក្រតី​។ ទោះជា​យ៉ាងណា ភ្លៀង​រដូវវស្សា​នៅ​បន្ត​មាន​ធ្លាក់​រហូតដល់​ពាក់កណ្តាល​ខែវិច្ឆិកា​ទើប​អស់​។​

​លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ឆ្នាំនេះ​ជ្រលង​សម្ពាធ​ខ្ពស់​រុញ​ចុះមក​ខ្លាំង​លឿន​ជាង​ឆ្នាំ​ធម្មតា​ដល់​ទៅ​ជាង​មួយខែ​។ ជ្រលង​សម្ពាធ​ខ្ពស់​រុញ​ចុះមក​ទាំង​ព្រម​បែបនេះ ជា​សញ្ញា​ប្រាប់ថា​អាកាសធាតុ​នៅក្នុង​រដូវរំហើយ​ខាងមុខ​ត្រជាក់​ខ្លាំង​ហើយ​។ មន្ត្រី​ជំនាញ​កំពុងតែធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​អាកាសធាតុ​ដ៏​ប្រែប្រួល​នេះ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃទី​៥​ខែតុលា​បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ទិស​ខាងជើង បាននិងកំពុង​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេលដែល​ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​អូស​កាត់​លើ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។ បាតុភូត​ទាំងពីរ​បាន​បង្ក​ឲ្យ​មានការ​ជួបគ្នា​រវាង​ម៉ាស់​ខ្យល់​ក្តៅ​និង​ម៉ាស់​ខ្យល់​ត្រជាក់ នៅលើ​តំបន់​ទំនាប​កណ្តាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល​យោងតាម​ការ​ព្យាករ​បាន​សរសេរ​ទៀតថា លក្ខណៈ​បែប​ខាងលើ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ក្នុងនោះ​តំបន់​ខ្ពង់រាប​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម តំបន់​ទំនាប​កណ្តាល​និង​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។​

​ការ​ព្យាករ​បាន​ព្រមាន​ថា ខណ្ឌ​ស្រុក​ក្រុង​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ​និង​ខេត្តកំពត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នាំទៅដល់​ឲ្យ​មាន​ជា​ជំនន់​ទឹកភ្លៀង អំឡុង​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​១១​ខែតុលា ត្រូវ​ប្រុងប្រយ័ត្ន​៕ ល​