អ៊ីតាលី ប្រកាស​ស្ថានភាព​គ្រាអាសន្ន​នៅ​ក្រុង​វេ​នីស ដោយ​ជំនោរ​ឡើង​ជិត​២​ម៉ែត្រ បណ្តាល​អោយ​លិច​ទីក្រុង​ទេសចរណ៍​

336
ចែករម្លែក

​រដ្ឋាភិបាល​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​វិច្ឆិកា បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​មួយ​នៅក្នុង​ទីក្រុង​វេ​នីស​(Venice)​ដែល​កំពុង​ជន់​លិច ដោយ​ស្វះស្វែង​រក​ប្រាក់​ដើម្បី​ជួស​​ជុល​ទីក្រុង​ប្រវត្តិសាស្ត្រ​នេះ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ទឹក​ជំនោរ​ខ្ពស់បំផុត​ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ​។​

​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​បាន​អនុម័ត​ក្រិត​ពិសេស​មួយ​ដែល​រួមមាន​ប្រាក់​២០​លាន​អឺរ៉ូ​(២១,៧​លាន​ដុល្លារ​)​ជា​ជំនួយ​ហិរញ្ញវត្ថុ​បន្ទាន់ សំរាប់​ស្តារ​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។​

​នាយករដ្ឋមន្ត្រី យូ​ស៊ី​ប៊ី កុន បាន​ពណ៌នា​ទឹកជំនន់​នេះ​ថា​ជា​«​ការ​វាយ​សំពង​បេះដូង​នៃ​សេដ្ឋកិច្ច​ប្រទេស​យើង​»​ក្រោយពី​បាន​ចំណាយ​ពេល​មួយ​យប់​ថ្ងៃ​ពុធ​នៅក្នុង​ទីក្រុង​វេ​នីស​​កន្លែង​ដែល​វិមាន​ល្បីល្បាញ​លើ​លោក ផ្ទះ​និង​ហាង​ទំនិញ​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់​មិនដែល​ធ្លាប់មាន​។​

​កំពស់​ទឹក​ក្នុង​ទីក្រុង​បាន​ឡើង​១,៨៧​ម៉ែត្រ​លើ​នីវ៉ូ​សមុទ្រ​កាលពី​ថ្ងៃ​អង្គារ ជា​កំរិត​ខ្ពស់​បំផុត​លើក​ទី​២​នៅក្នុង​ទីក្រុង​នេះ និង​ទាប​ជាង​តែ​៧​សង់ទីម៉ែត្រ​នៃ​កំពស់​ទឹកជំនន់​កាល​​ពី​ឆ្នាំ​១៩៦៦​។​

​ការ​ជន់​លិច​នេះ​បណ្តាលមកពី​ខ្យល់​ដែល​បាន​រុញ​ទឹក​ជំនោរ បន្ថែម​ដោយ​ទំនាញ់​នៃ​ព្រះ​ចន្ទ​ពេញ​វង់​។​

​ទោះជា​ទឹក​បាន​ស្រក​ពី​កំរិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​អង្គារ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ក្រុង​នៅ​ជន់​លិច​ដោយ​កន្លែង និង​ជំនោរ​ថ្មី​ត្រូវ​គេ​រំពឹងថា​នឹង​កើតមាន​នៅ​ថ្ងៃ​សុក្រ​ទី​១៥​វិច្ឆិកា​។​

​ការកើនឡើង​នៃ​កំពស់​ទឹកសមុទ្រ​ក៏​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ បូករួម​នឹង​ទីតាំង​ភូមិសាស្ត្រ​នៃ​ទីក្រុង​នេះ​ដែល​ងាយ​នឹងរង​ការ​ជន់​លិច​។​ហេតុការណ៍​នេះ ជំរុញអោយមាន​​ការជជែក​ពិភាក្សា​លើ​គំរោង​ការពារ​ទឹកជំនន់​សំរាប់​ទីក្រុង​តំលៃ​រាប់​លាន​ដុល្លារ ដែល​បាន​សាងសង់​ចាប់តាំងពី​ឆ្នាំ​២០០៣​តែ​ត្រូវបាន​ពន្យារពេល​សាងសង់​ជា​ច្រើនលើក ដោយសារ​​រឿងអាស្រូវ​ពុករលួយ ចំណាយ​ខ្ពស់​និង​បញ្ហា​បរិស្ថាន​៕ដោយ៖វាសនា

ការខូចខាត​បង្ក​ពី​ទឹកជំនន់​ចូល​ក្រុង​វេ​នីស​នៅ​សប្តាហ៍​នេះ មាន​តំលៃ​រាប់​លាន​ដុល្លារ​