អ៊ីរ៉ង់មានជំរើសតិចតួចដើម្បីសងសឹកការវាយប្រហារនៅស៊ីរី

3217
ចែករម្លែក

ក្រោយការវាយប្រហារជាលើកទី២ដែលបានសម្លាប់សមាជិកកងកម្លាំងអ៊ីរ៉ង់នៅស៊ីរីហើយដែលគេសង្ស័យលើអ៊ីស្រាអែលនោះ សាធារណរដ្ឋអ៊ីស្លាម(ស៊ីរី)មានផ្លូវតិចតួចក្នុងការសងសឹក ខណៈមេដឹកនាំរបស់ខ្លួនកំពុងខិតខំដោះស្រាយទាំងភាពវឹកវរក្នុងស្រុកនិងលទ្ធភាពដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនត្រូវដួលរលំ។

ទោះជាប្រទេសមួយនេះបានធ្វើការគំរាមជាយូរមកហើយអំពីអត្ថិភាពរបស់អ៊ីស្រាអែល ក៏អ៊ីរ៉ង់មិនមានកងកម្លាំងអាកាសទំនើបដើម្បីចាត់ការអ៊ីស្រាអែលដែរ។ការបាញ់កាំជ្រួចផ្លោងក៏នៅតែជាបញ្ហា ខណៈប្រព័ន្ធប្រឆាំងកាំជ្រួចរបស់អ៊ីស្រាអែលទំនើប ។បើមានការវាយប្រហារសងសឹកច្បាស់ជាជួបការតតបដ៏សែនធំពីអ៊ីស្រាអែលហើយអ៊ីរ៉ង់ខ្លួនឯងប្រឈមនឹងប្រតិកម្មពីលោកខាងលិច ខណៈប្រធានាធិបតីត្រាំគំរាមដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ក្នុងពេលជាមួយគ្នា យុទ្ធសាស្រ្តគាំទ្រពឹងលើបណ្តាក្រុមសកម្មប្រយុទ្ធដែលជាសម្ពន្ធមិត្តរបស់អ៊ីរ៉ង់ និងកម្លាំងតំណាង ក៏ប្រឈមកំហិតព្រំដែនផងដែរ។ក្រុមហេហ្ស៍បូឡាដែលឆ្លងកាត់សង្រ្គាមស៊ីរីដ៏យូរ ឥឡូវទំនងជាលែងចង់បានជម្លោះមួយទៀតនៅពេលក្រុមសកម្មប្រយុទ្ធនិកាយស៊ីអាយនេះព្យាយាមបញ្ចូលខ្លួនទៅក្នុងនយោបាយលីបង់។

កាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ត្រូវបានដាក់តាំងបង្ហាញនៅជិតរូបលោក អាយ៉ាតុឡា អាលី ខាមេនី

ចូរសម្លឹងមើលអ្វីបានកើតឡើងនិងបញ្ហាដែលអ៊ីរ៉ង់ប្រឈមក្នុងពេលខ្លួនថ្លឹងថ្លែងរកវិធានការឆ្លើយតប៖

ការវាយប្រហារ

នៅថ្ងៃ៩មេសា យន្តហោះប្រយុទ្ធមួយដែលគេសង្ស័យរបស់អ៊ីស្រាអែលបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសT4របស់ស៊ីរីនៅក្នុងខេត្តហូម នៅប៉ុន្មានម៉ោងក្រោយមានការលើកឡើងអំពីការវាយប្រហារដោយឧស្ម័នពុលលើទីប្រជុំជនឧទ្ទាមមួយ។ការវាយប្រហារនោះបានសម្លាប់មនុស្ស១៤នាក់ រួមមានជនជាតិអ៊ីរ៉ង់៧នាក់។

កាលពីថ្ងៃអាទិត្យទី២៩មេសា នៅក្រោយពេលថ្ងៃត្រង់បន្តិច ការវាយប្រហារមួយទៀតលើទីតាំងរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងខេត្តហាម៉ានិងអាឡេបប៉ូ ។អង្គការសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសបាននិយាយថា ការវាយប្រហារដែលផ្តោតលើឃ្លាំងអាវុធ របស់ក្រុមជីវពលអ៊ីរ៉ង់នៅហាម៉ា និងមូលដ្ឋានយោធាមួយនៅខេត្តអាឡេបប៉ូ ដោយបានសម្លាប់កងកម្លាំងគាំទ្ររដ្ឋាភិបាលចំនួន២៦នាក់ ភាគច្រើនជាជនជាតិអ៊ីរ៉ង់។

ការសង្ស័យអំពីការវាយប្រហារទាំងពីរធ្លាក់លើអ៊ីស្រាអែលភ្លាម តែអ៊ីស្រាអែលដូចទម្លាប់ មិនបានបដិសេធនិងក៏មិនទទួលស្គាល់ថាខ្លួនជាអ្នកវាយប្រហារដែរ។បើយន្តហោះប្រយុទ្ធអ៊ីស្រាអែលធ្វើការវាយប្រហារចុងក្រោយនេះ វាមានន័យថាយន្តហោះចម្បាំងរបស់ប្រទេសនេះ ហោះចូលជ្រៅឡើងទៅក្នុងទឹកដីស៊ីរី ដោយសារក្រុងហាម៉ានៅចម្ងាយប្រមាណ១៨០គ.ម ពីព្រំដែនអ៊ីស្រាអែល។

ព្រំដែនយោធាអ៊ីរ៉ង់

នៅពេលមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក អាយ៉ាតុឡា អាលី ខាមេនី ហៅការវាយប្រហារកាលពីថ្ងៃ៩មេសាថាជា”បទឧក្រិដ្ឋ” និងមន្រ្តីឯទៀតគំរាមសងសឹក កងកម្លាំងធម្មតាអ៊ីរ៉ង់មានសមត្ថភាពក្នុងកំរិតមួយ។

កងទ័ពអាកាសអ៊ីរ៉ង់ និយាយដោយឡែក បានទទួលរងគ្រោះចាប់តាំងពីបដិវត្តន៍អ៊ីស្លាមនៅឆ្នាំ១៩៧៩។ឆ្អឹងខ្នងនៃអំណាចអាកាសរបស់ខ្លួននៅតែជាយន្តហោះមុនសម័យបដិវត្តន៍ ដូចជាយន្តហោះF-4s, F-5s និង F-14sរបស់អាមេរិក លាយជាមួយយន្តហោះសម័យសូវៀតខ្លះ និងយន្តហោះបារាំងចាស់ៗខ្លះ។ក្រុមយន្តហោះទាំងនេះចាញ់ប្រៀបខ្លាំងណាស់ ទាំងអាវុធនិងបច្ចេកវិទ្យា បើធៀបជាមួយយន្តហោះទំនើបដែលអាមេរិកផ្តល់អោយអ៊ីស្រាអែលនិងបណ្តារដ្ឋឈូងសមុទ្រ។

យន្តហោះចាស់ធុន F-14sរបស់កងទ័ពអាកាសអ៊ីរ៉ង់់

ដើម្បីទប់ទល់នឹងយន្តហោះទាំងនេះ អ៊ីរ៉ង់បានជះលុយដ៏ច្រើនទៅលើកងកម្លាំងកាំជ្រួចផ្លោងមួយដែលខ្លួននិយាយថា អាចទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសដោយផ្ទាល់។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រួតត្រាកាំជ្រួចផ្លោងទាំងនោះ ដែលអាចហោះដល់អ៊ីស្រាអែល។

អ៊ីរ៉ង់ធ្លាប់ធ្វើការវាយប្រហារសងសឹកដោយប្រើកាំជ្រួចផ្លោង។ កាលពីខែមិថុនាមុន កាំជ្រួចធុនZolfagharចំនួន៦ដើមរបស់អ៊ីរ៉ង់ បានវាយលើទីតាំងក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី ជាការសងសឹកចំពោះការវាយប្រហារលើសភាអ៊ីរ៉ង់និងវិមានRuhollah Khomeiniដែលជាស្ថានិកសាធារណរដ្ឋអ៊ីស្លាម។

តែទោះជាយ៉ាងណា សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា មានតែមួយគ្រាប់ធ្លាក់ចំគោលដៅ ។

ចំណែកអ៊ីស្រាអេល ដែលសហការជាមួយអាមេរិក ក៏មានប្រព័ន្ធការពារកាំជ្រួចជាច្រើនជាន់ ដែលអាចការពារខ្លួនពីការវាយប្រហាររបស់អ៊ីរ៉ង់។នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ ដែលជាបុគ្គលចង់បញ្ឆេះសង្រ្គាមជាមួយអ៊ីរ៉ង់ ក៏មិនស្ទាក់ស្ទើរនឹងធ្វើការវាយប្រហារសងសឹកដ៏ចាស់ដៃមួយដែរ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរស្ថិតនៅក្នុងភាពមិនច្បាស់លាស់

កាំជ្រួចមួយដើមណាមួយវាយប្រហារលើអ៊ីស្រាអែល នឹងនាំអោយមានការឆ្លើយតបភ្លាមពីលោកខាងលិច ជាពិសេសអាមេរិក ដែលបានដើរតួជាអ្នកធានាការពារជាយូរមកហើយដល់សុវត្ថិភាពរបស់អ៊ីស្រាអែល។លោកប្រធានាធិបតីត្រាំ បានសន្យាថា” នៅកន្លែងណាក៏ដោយយើងមិនមានមិត្តណាល្អជាង”អ៊ីស្រាអែលឡើយហើយនឹងរើស្ថានទូតអាមេរិកទីកាន់ទីក្រុងចេរុយសាឡឹម ជាចំណាត់ការមួយដែលបង្កកំហឹងក្នុងចំណោមជនប៉ាឡេស្ទីន ដែលអះអាងថាចេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននាពេលអនាគត ។

ចំណាត់ការយោធាណាមួយវាកាន់តែធ្វើអោយអ៊ីរ៉ង់ឯកោ ខណៈពេលលោកត្រាំប្រឈមកាលកំណត់ដាក់ដោយខ្លួនឯនៅថ្ងៃ១២ឧសភា ដើម្បីសំរេចអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក។កិច្ចព្រមព្រៀងនេះអនុញ្ញាតអោយអ៊ីរ៉ង់លក់ប្រេងឆៅលើទីផ្សារអន្តរជាតិនិងអាចចូលប្រើធនាគាររបស់ពិភពលោក។ការបាត់បង់វា មានន័យថាអ៊ីរ៉ង់មានបញ្ហាសេដ្ឋកិច្ចខ្លាំងឡើង ។

បញ្ហាកម្លាំងតំណាង

អ៊ីរ៉ង់អាចពឹងលើសម្ពន្ធមិត្តជាក្រុមសកម្មប្រយុទ្ធក្នុងតំបន់ ឬកម្លាំងតំណាងដើម្បីធ្វើការវាយប្រហារណាមួយ ជាយុទ្ធសាស្រ្តមួយដែលខ្លួនប្រើបានជោគជ័យក្រោយសង្គ្រាមក្នុងទសវត្សរ៍១៩៨០ជាមួយអ៊ីរ៉ាក់។ក្រោយអាមេរិកចូលឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ ដើម្បីទម្លាក់សាដាំ ហូសេន អាមេរិកបន្ទោសអ៊ីរ៉ង់ថាបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធអ៊ីរ៉ាក់អោយចេះធ្វើគ្រាប់ បំផ្ទុះរថពាសដែលសម្លាប់ទាហានអាមេរិក តែរដ្ឋាភិបាលក្រុងតេអេរ៉ង់បានបដិសេធ។បណ្តាប្រទេសលោកខាងលិចនិងអ្នកជំនាញអង្គការសហប្រជាជាតិក៏និយាយថា អ៊ីរ៉ង់បានផ្តល់អោយពួកឧទ្ទាមស៊ីអាយនូវសព្វាវុធ ចាប់ពីអាវុធធុនតូចដល់កាំជ្រួចផ្លោង តែអ៊ីរ៉ង់បដិសេធទៀត។

កម្លាំងតំណាងដ៏ធំរបស់អ៊ីរ៉ង់ គឺក្រុមហេហ្ស៍បូឡា ជាក្រុមសកម្មប្រយុទ្ធលីបង់និងជាអង្គការនយោបាយមួយដែលបានជំរុញអោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលចាកចេញពីលីបង់នៅឆ្នាំ២០០០។ចាប់តាំងពីពេលនោះ ហេហ្ស៍បូឡា នៅតែជាសត្រូវរបស់អ៊ីស្រាអែល និងបានធ្វើសង្រ្គាមនឹងគ្នាមួយនៅឆ្នាំ២០១០៦។

អ៊ីរ៉ង់អាចសងសឹកតាមរយៈក្រុមហេហ្ស៍បូឡា តែក្រុមនេះក៏រងគ្រោះខ្លាំងណាស់ដែរក្នុងសង្រ្គាមស៊ីរី។ដោយវាយគាំទ្រប្រធានាធិបតីស៊ីរី បាសសា អាល់ អាសាត បណ្តាលអោយយុទ្ធជនក្រុមនេះស្លាប់និងរបួសរាប់រយនាក់។

ហេហ្ស៍បូឡា ក៏ចង់បញ្ចូលខ្លួនទៅក្នុងនយោបាយក្នុងស្រុកនៅលីបង់ ខណៈប្រទេសនេះ នឹងបោះឆ្នោតនៅថ្ងៃអាទិត្យ សំរាប់សភាថ្មីជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំមកនេះ។ការធ្វើសង្រ្គាមណាមួយអាចគ្រោះថ្នាក់ដល់មូលដ្ឋានគាំទ្រនយោបាយរបស់ខ្លួន រួមទាំងសហគមន៍ស៊ីអាយ ដែលបារម្ភអំពីការផ្ទុះសង្គ្រាមមួយទៀតជាមួយអ៊ីស្រាអែល។

សំរាប់ពេលឥឡូវ អ៊ីរ៉ង់បន្តគំរាមសងសឹក តែមិនមានអ្វីកើតឡើងទេ នោះអ៊ីស្រាអែលកាន់តែហ៊ានធ្វើការវាយប្រហារជ្រៅឡើងចូលក្នុងស៊ីរី ដើម្បីបោសសម្អាតមូលដ្ឋានធំៗរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី។តែការបន្តវាយប្រហារអាចបង្កហានិភ័យគ្រប់ភាគី ដោយហេហ្ស៍បូឡានៅមានអាវុធក្រាស់ក្រែលនិងជាប់ព្រំដែនអ៊ីស្រាអែល។រុស្ស៊ីនិងអាមេរិកក៏អាចឆ្លើយតប៕ប្រែសម្រួល៖វាសនា