អ៊ីរ៉ង់យល់ស្របថា ការបន្ថយភាពតានតឹង​ “ជាដំណោះស្រាយតែមួយគត់” ដើម្បីដោះស្រាយវិបត្តិជាមួយអាម៉េរិក

192
ចែករម្លែក

អ៊ីរ៉ង់បានផ្តល់សញ្ញាកាលពីថ្ងៃអាទិត្យទី១២មករាថា ខ្លួនពេញចិត្តនឹងកាត់បន្ថយភាពតានតឹង បន្ទាប់ពីភាពតានតឹងបានកើនឡើង ១០ ថ្ងៃជាមួយសហរដ្ឋអាម៉េរិក ដែលអំឡុងពេលនោះភាគីទាំងពីរបានបាញ់មីស៊ីល និង រដ្ឋាភិបាលក្រុងតេហេរ៉ង់បានបាញ់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង។

សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់បន្ទាប់ពីការចូលរួមរំលែកទុក្ខសម្រាប់អ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះបានប្រែក្លាយជាការតវ៉ាដ៏ក្រេវក្រោធ ហើយប៉ូលិសបានចាប់ខ្លួនឯកអគ្គរដ្ឋទូតអង់គ្លេសបណ្តោះអាសន្នដោយសារគាត់ស្ថិតនៅទីនោះដែរ។

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានព្រមានអ៊ីរ៉ង់កុំឱ្យធ្វើបាបបាតុករនិងប្រឆាំងដាច់ខាតចំពោះការកើតឡើងម្តងទៀតនៃការបង្ក្រាបដ៏សាហាវទៅលើការប្រមូលផ្តុំតវ៉ាដូចកាលពីខែវិច្ឆិកា ដែលបង្កឡើងដោយការដំឡើងថ្លៃប្រេង។

លោកត្រាំបានសរសេរនៅលើ Twitter ថា “ចំពោះមេដឹកនាំអ៊ីរ៉ង់ កុំសម្លាប់បាតុកររបស់អ្នកឱ្យសោះ”។

ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ បាននិយាយថា លោកត្រាំនៅតែមានឆន្ទៈដើម្បី “អង្គុយពិភាក្សាគ្នាដោយគ្មានលក្ខខណ្ឌជាមុននូវមធ្យោបាយថ្មី” ជាមួយអ៊ីរ៉ង់ ទោះបីជារដ្ឋាភិបាលក្រុងតេហេរ៉ង់បានបដិសេធដាច់ណាត់មិនព្រមចរចាជាមួយវ៉ាស៊ីនតោន លុះត្រាតែអាម៉េរិកដកចេញទណ្ឌកម្មជាមុនសិនក៏ដោយ។

តេហេង់បាននិយាយថាខ្លួនពេញចិត្តនឹងបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីវ៉ាស៊ីនតោនដែលជាសត្រូវរបស់ខ្លួនបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក កាសសេម សូឡីម៉ានី នៅក្នុងការវាយប្រហារដោយដ្រូននៅក្រុងបាកដាដ។

ក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន់ រូហានី និង មេដឹកនាំកាតាដែលជាភ្ញៀវ ភាគីទាំងពីរយល់ស្របថា ការបន្ថយភាពតានតឹងគឺជា “ដំណោះស្រាយតែមួយគត់” ចំពោះវិបត្តិក្នុងតំបន់។ នេះយោងតាមសម្តីរបស់មេដឹកនាំកាតា។

កាតាមានមូលដ្ឋានទ័ពអាម៉េរិកដ៏ធំនៅក្នុងតំបន់ប៉ុន្តែក៏មានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ផងដែរ ដោយប្រទេសទាំងពីរមានអណ្តូងប្រេងកាតធំបំផុតលើពិភពលោកដូចគ្នា។

ព្រះអង្គម្ចាស់ អេមៀរ សេក ថាមីម ប៊ីន អាម៉ាដ អាល់ ថានី បានមានបន្ទូលនៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ទ្រង់មកកាន់ប្រទេសអ៊ីរ៉ង់យ៉ាងដូច្នេះ “ទស្សនកិច្ចនេះធ្វើឡើងនៅគ្រាដ៏សំខាន់ក្នុងតំបន់។ យើងយល់ស្របថា…ដំណោះស្រាយតែមួយគត់ចំពោះវិបត្តិទាំងនេះគឺការបន្ថយភាពតានតឹងពីគ្រប់គ្នា និង ការពិភាក្សាគ្នា”។

សម្រាប់លោករូហានីនិយាយថា​ “យើងសម្រេចចិត្តមានការពិគ្រោះយោបល់បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូល”៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់ អេមៀរ សេក ថាមីម ប៊ីន អាម៉ាដ អាល់ ថានី (ឆ្វេង) ជួបប្រជុំជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន់ រូហានី ក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃអាទិត្យ