អ៊ីរ៉ង់​កំពុង​ប្រឹងប្រែង​ខ្លាំង​ផ្នែក​ការទូត ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អាម៉េរិក​

508
ចែករម្លែក

ខណៈដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់ខ្លួន​ជាមួយ​មហាអំណាច​ពិភពលោក​កំពុង​ហោចទៅៗ​អំឡុងពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយ​អាម៉េរិក​នោះ អ៊ីរ៉ង់​នឹង​មើលឃើញ​ការទូត​កម្រិត​ខ្ពស់​រយៈពេល​មួយ​សប្តាហ៍​ដែល​កំណត់ដោយ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទៅកាន់​ទីក្រុង​តេ​ហេ​រ៉ង់ ចាប់តាំងពី​បដិវត្តន៍​អ៊ីស្លាម​ឆ្នាំ ១៩៧៩​។​

​លោក​ស៊ីន​ហ្សូ អា​បេ​ នឹង​មកដល់​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ពុធ​ទី​១២​មិថុនា បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​អាម៉េរិក ​ដូ​ណា​ល់ ត្រាំ ដែល​វិធីសាស្ត្រ​ធ្ងន់​ដៃ​បំផុត​របស់គាត់​ចំពោះ​សាធារណរដ្ឋ​អ៊ីស្លាម បានឃើញ​អាម៉េរិក​ដាក់ទណ្ឌកម្ម​ជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​លើកលែង​ម្តង​រួចមកហើយ​តាមរយៈ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ និង​ឥឡូវ​បាន​បង្កើត​ទណ្ឌកម្ម​ថ្មី​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ឆ្ងាយ​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​ លោក​ហី​កូ ម៉ា​អាស (Heiko Maas) ក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ផងដែរ​នៅ​សប្តាហ៍​នេះ​។​

​អ្វីដែល​លោក​អា​បេ ​អាច​នឹង​សម្រេចបាន​គឺ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ដោយសារ​អ៊ីរ៉ង់​បាន​ព្រមាន​អឺរ៉ុប​រួចហើយ​ថា​ខ្លួន​នឹង​ចាប់ផ្ដើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឱ្យ​ជិត​ដល់​កម្រិត​ផលិត​អាវុធ​នុយក្លេអ៊ែរ​នៅត្រឹម​ថ្ងៃទី ៧ ខែកក្កដា ប្រសិនបើ​អឺរ៉ុប​មិនមាន​លក្ខខណ្ឌ​ថ្មី​ចំពោះ​កិច្ចព្រមព្រៀង​ទេនោះ​។ ទស្សនកិច្ច​នេះ​ក៏បាន​កើតឡើង​ផងដែរ​ខណៈពេលដែល​ប្រទេស​ជប៉ុន​កំពុង​ព្យាយាម​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយផ្ទាល់​ជាមួយ​លោក​ត្រាំ ដែល​បាន​ដំឡើង​ពន្ធ​យ៉ាង​រហ័ស​ទៅលើ​ប្រទេស​ជាច្រើន​។​

​ប៉ុន្តែ​លោក​អា​បេ ដែល​ប្រទេស​របស់គាត់​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ប្រេង​ឆៅ​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ផ្តល់​ថាមពល​ដល់​សេដ្ឋកិច្ច​របស់ខ្លួន បានទទួល​ស្គាល់​រួចមកហើយ​ចំពោះ​បញ្ហា​ប្រឈម​មួយ​នេះ​។​

​លោក​អា​បេ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែឧសភា​ជាមួយ​លោក​ត្រាំ​នៅ​ទីក្រុង​តូ​ក្យូ​ថា “​រវាង​ជប៉ុន​និង​សហរដ្ឋ​អាម៉េរិក​គួរតែមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​សម្រាល​ភាព​តានតឹង​ជុំវិញ​ប្រទេស​អ៊ីរ៉ង់ ហើយ​វា​មិនគួរ​ឈានទៅដល់​ការប៉ះទង្គិច​ប្រដាប់អាវុធ​នោះទេ​”​។​

​វិបត្តិ​បច្ចុប្បន្ន ដែល​ឃើញ​សហរដ្ឋ​អាម៉េរិក​ប្រញាប់ប្រញាល់​បញ្ជូន​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 នៅក្នុង​តំបន់​មជ្ឈិមបូព៌ា គឺមាន​ឫសគល់​ចេញពី​ការសម្រេចចិត្ត​របស់​ត្រាំ​កាលពី​ឆ្នាំមុន​ដើម្បី​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ កិច្ចព្រមព្រៀង​នោះបាន​មើលឃើញ​អ៊ីរ៉ង់​យល់ព្រម​រឹតត្បិត​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកបើកបរ​យន្តហោះ​ចម្បាំង​កំពុងនិយាយ​គ្នា​នៅលើ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln នៅ​មជ្ឈិមបូព៌ា