អ៊ីរ៉ង់​ងាក​មក​ធ្វើ​ការទូត ចំពេល​មាន​ភាព​តានតឹង​ខ្ពស់​ក្នុង​តំបន់​

1043
ចែករម្លែក

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ការទូត​ដើម្បី​ព្យាយាម​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ចំពេល​ដែលមាន​ភាព​តានតឹង​ខ្ពស់​បន្ទាប់ពី​ការដកខ្លួន​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​និង​ការបារម្ភ​ជាស​កល​ជុំវិញ​របាយការណ៍​នៃ​ការប៉ះទង្គិច​មិន​ធ្លាប់មាន​ពីមុនមក​ជាមួយ​អ៊ីស្រាអែល​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​ឧសភា​ថា លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ នឹង​ចាកចេញ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​សម្រាប់​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​មូ​ស្គូ និង​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ទាំង ៥ ដែល​នៅសល់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​។​

​អ៊ីរ៉ង់​ហាក់​បង្ហាញថា​ខ្លួន​មិន​ចង់​ធ្លាក់​ចូលទៅក្នុង​ជម្លោះ​ក្នុង​តំបន់​កាន់តែ​ធំ​ឡើង​ជាមួយ​អ៊ីស្រាអែល​ទេ អំឡុងពេល​នៃ​ការចរចា​ដ៏​រសើប​ទាំងនេះ​។​

​នោះ​គឺ​ទោះបីជា​មានការ​អះអាងរ​បស់​អ៊ីស្រាអែល​ថា​ខ្លួន​បាន​វាយប្រហារ​គោលដៅ​អ៊ីរ៉ង់​រាប់សិប​ក្នុងប្រទេស​ស៊ី​រី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​ផ្នែក​មួយ​នៃ “​ប្រតិបត្តិ​ការប្រជុំ​សន្លឹក​បៀ​”​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល អា​វី​ក​ឌ័​រ ឡី​បឺ​ម៉ាន់ បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី បា​សា អាល់​អាសាដ “​បណ្តេញ​អ៊ីរ៉ង់​” ចេញពី​ប្រទេស​របស់ខ្លួន​។​

​អ៊ីស្រាអែល​បាន​និយាយថា​ការវាយប្រហារ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​មី​ស៊ី​ល​រាប់សិប​ដើម​ចេញពី​ភាគខាងត្បូង​ប្រទេស​ស៊ី​រី​ដោយ​កម្លាំង​គុដ (Quds) របស់​អ៊ីរ៉ង់ ដែល​បាន​វាយប្រហារ​តំបន់​ខ្ពង់រាប​ហ្គោល​លែ​ន ដោយ​មិន​បង្ក​របួសស្នាម​អ្វី​នោះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​អ៊ីរ៉ង់​ដុត​ទង់ជាតិ​អាមេរិក កាលពី​ថ្ងៃទី ១១ ឧសភា