អ៊ីរ៉ង់​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​សាជាថ្មី​

965
ចែករម្លែក

​អនុប្រធាន​អង្គការ​ថាមពល​អា​តូ​មិ​ក​អ៊ីរ៉ង់ (AEOI) លោក បេ​រូស កា​ម៉ា​ល់​វ៉ាន់ឌី (Behrouz Kamalvandi) បាន​និយាយថា អង្គការ​នេះ​នឹង​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) អំពី​ការបង្កើន​សមត្ថភាពរ​បស់​ប្រទេស​នេះ​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។​

​លោក កា​ម៉ា​ល់​វ៉ាន់ឌី បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន ISNA ថា “​លិខិត​ដែល​នឹង​ប្រគល់​ទៅ​ទីភ្នាក់ងារ IAEA និយាយថា ដំណើរការ​នៃ​ការបង្កើន​សមត្ថភាព​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម UF6 និង UF4 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​”​។

​លោក​កា​ម៉ា​ល់​វ៉ាន់ឌី បាន​បន្ថែមថា អ៊ីរ៉ង់​មាន​សមត្ថភាព​ក្នុងការ​ព​ន្លឿ​ន​ការផលិត​ម៉ាស៊ីន​បំបែក​សារធាតុ សម្រាប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។

​កាលពី​ថ្ងៃ​ចន្ទ ទី​៤ មិថុនា មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក អា​យ៉ា​តូ​ឡា អា​លី ខា​មេ​នី បាន​បញ្ជា​ឱ្យ AEOI ត្រៀមខ្លួន​ជាបន្ទាន់​ដើម្បី​សម្រេច​ឱ្យបាន​នូវ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​បរិមាណ ១៩០.០០០ SWU ក្នុង​កិច្ចព្រមព្រៀង JCPOA (​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួមគ្នា​) ឆ្នាំ ២០១៥​។​

​កិច្ចព្រមព្រៀង JCPOA ត្រូវបាន​ចុះហត្ថលេខា​ដោយ​អ៊ីរ៉ង់ សហភាព​អឺរ៉ុប ក្រុម​ប្រទេស P5+1 រួមមាន ចិន អាល្លឺម៉ង់ បារាំង រុស្ស៊ី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។ កិច្ចព្រមព្រៀង​នេះ​បាន​ចែងថា ត្រូវ​ដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​បន្តិច​ម្តងៗ ដើម្បី​ជា​ថ្នូរ​ឱ្យ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​រក្សា​ចរិត​សន្តិភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​កាលពី​ថ្ងៃទី ៨ ឧសភា ២០១៨ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានប្រកាសថា ប្រទេស​របស់លោក​នឹង​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ក្រៅពីនេះ លោក​ត្រាំ​បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​ផងដែរ​។ ចំណាត់ការ​ឯកតោភាគី​នេះ​បាន​រង​ការជំទាស់​យ៉ាង​ចាស់ដៃ​ពី​បណ្តា​ប្រទេស​ហត្ថលេខី​៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​សាជាថ្មី