អ៊ីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​នៅ​ច្រក​សមុទ្រហ័​រមូស​

1492
ចែករម្លែក

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា ខ្លួន​បាន​ចាប់​ឃាត់​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​នៅ​ច្រក​សមុទ្រហ័​រមូស ដោយសារតែ​រំលោភ​ច្បាប់​សមុទ្រ​អន្តរ​​ជាតិ​។​

​នាវា​The Stena Impero«​ត្រូវបាន​ចាប់​ឃាត់​ដោយ​ឆ្មាំ​បដិវត្តន៍​តាម​សំណើ​របស់​អង្គការ​កំពង់ផែ​សមុទ្រហ័​រមូ​សហ្កា​ន់ នៅពេល​វា​បើក​ឆ្លងកាត់​ច្រក​សមុទ្រ ដោយ​មិន​បាន​គោរព​​ច្បាប់​សមុទ្រ​អន្តរជាតិ​» នេះ​បើ​តាម​ការប្រកាស​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​កង​ឆ្មាំ​បដិវត្តន៍​។​

​វា​បាន​និយាយទៀតថា នាវា​នេះ​ត្រូវបាន​នាំ​ទៅកាន់​ឆ្នេរ​និង​ប្រគល់ឲ្យអង្គការ​កំពង់ផែ​សមុទ្រហ័​រមូ​សហ្កា​ន់​​ដើម្បី​ដំណើរការ​តាម​នីតិវិធី​ច្បាប់​និង​ធ្វើ​ការស៊ើបអង្កេត​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​បាន​និយាយថា Stena Impero​ដែល​ចុះបញ្ជី​នៅ​អង់គ្លេស ត្រូវបាន​ចាប់​ឃាត់​ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដោយសារ​វា បើក​កាត់​ច្រក​សមុទ្រ​បិទ​GPS ចូល​ច្រកចេញ​ជំនួស​ឥ្យ​ច្រកចូល និង​មិន​ស្តាប់​ការព្រមាន​។​

​ក្នុងពេល​ជាមួយគ្នា ម្ចាស់​នាវា​Stena Impero​បាន​និយាយថា នាវា​បាន​ស្ថិតក្រោម​ការវាយប្រហារ​នៅ​ច្រក​សមុទ្រហ័​រមូស​។​

រូប​ឯកសារ​បង្ហាញ​សមាជិក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ​លើ​ទូក​លឿន​ជិត​ច្រក​សមុទ្រហ័​រមូស និង​នាវា​ដឹក​ប្រេង​Stena Impero

​អាម៉េរិក ដែល​បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​បន្តបន្ទាប់​នៅក្នុង​ឈូង​សមុទ្រ​នៅ​ប៉ុន្មាន​ខែ​មកនេះ បាន​ថ្កោលទោស​វា​ថា​ជា​«​អំពើហិង្សា​»​បង្កឡើង​ដោយ​អ៊ីរ៉ង់​នៅក្នុង​​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​។​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​អាម៉េរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដើម្បី​​ការពារ​សន្តិសុខ​និង​ផលប្រយោជន៍​របស់​យើង​ទល់នឹង​អំពើ​អាក្រក់​របស់​អ៊ីរ៉ង់​»​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក ចេរេ​មី ហា​ន់ បាន​និយាយថា លោក​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការចាប់​នាវា​ដឹក​ប្រេង​ពី​សំណាក់​អាជ្ញាធរ​អ៊ីរ៉ង់​នៅក្នុង​ឈូង​ស​មុ​​ទ្រ​ពែ​ក្ស ជា​អ្វី​ដែល​អង់គ្លេស​មិន​អាច​ទទួលយកបាន​។​

​លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​អំពី​«​ផលវិបាក​ធ្ងន់ធ្ងរ »​បើ​ស្ថានភាព​នេះ​មិន​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ទេ​។​

​នាវា​ដឹក​ប្រេង​ទី​២​របស់​អង់គ្លេស​Mesdar​តែ​ដោត​ទង់​លី​បេរី​យ៉ា ក៏​ត្រូវ​បាន​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ឡើង​ត្រួតពិនិត្យ និង​បង្វែរ​ទិស​ទៅកាន់​ឆ្នេរ​អ៊ីរ៉ង់​តែ​ត្រូវបាន​ដោះលែង​វិញ​​នៅក្នុង​ថ្ងៃ​ដដែល​៕​ដោយ​៖​វាសនា​/Ha