អ៊ីរ៉ង់​ចាប់​នាវា​អ៊ីរ៉ាក់​ដែល​រត់ពន្ធ​ប្រេង​អ៊ីរ៉ង់​ទៅកាន់​បណ្តា​រដ្ឋ​អារ៉ាប់​

584
ចែករម្លែក

​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ាក់​មួយ​នៅ​ឈូង​សមុទ្រ​ដែល​មាន​ដឹក​ប្រេង​ប្រមាណ​៧​សែន​លីត្រ​ទៅកាន់​បណ្តា​រដ្ឋ​អារ៉ាប់​។​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់ នាវា​ដឹក​ប្រេង​នេះ​​ត្រូវបាន​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ស្ទាក់​និង​ឡើង​ចាប់​នៅ​ជិត​កោះ​Farsi Island​និង​ត្រូវបាន​នាំ​ទៅ​កាន់​ទីក្រុង​ប៊ូ​ស​សេ ។​

​វា​ជា​ការចាប់​នាវា​ដឹក​ប្រេង​លើក​ទី​៣​នៅក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ទេ​ពី​សំណាក់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​និង​ជានា​វាទី​២​ដែល​ត្រូវ​អ៊ីរ៉ង់​ចាប់​ពី​បទ​លួច​រត់ពន្ធ​ប្រេង​នៅក្នុង​រយៈ​​ពេល​ពីរ​សប្តាហ៍​មក​នេះ​។​

​សារព័ត៌មាន​អ៊ីរ៉ង់​បាន​អះអាង​ថា​នាវា​អ៊ីរ៉ាក់​មួយ​ត្រូវបាន​ចាប់​ដោយសារ​តែ​ដឹក​ប្រេង​រត់ពន្ធ​។​តែ​ក្រសួង​ប្រេង​របស់​អ៊ីរ៉ាក់​កាលពី​ថ្ងៃអាទិត្យ​ទី​៤​សីហា​បាន​បដិសេធថា​នាវា​នេះ​​មិន​ជា​របស់​អ៊ីរ៉ាក់​ទេ​។​

​យោង​តាម​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ នាវា​ដឹក​ប្រេង​នេះ​ត្រូវបាន​ចាប់​ឃាត់​កាលពី​ថ្ងៃ​ពុធ ។​វា​មាន​ដឹក​ប្រឹង​៧០០.០០០​លីត្រ​(​ជាង​៤.៤០០​បារ៉ែល​)​ទៅកាន់​បណ្តា​ប្រទេស​អារ៉ាប់​។​​នាវិក​បរទេស​ចំនួន​៧​នាក់​ស្ថិតនៅលើ​នាវា​នេះ និង​ពួក​គេ​ត្រូវបាន​ចាប់ខ្លួន​។​

​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍ ឧត្តមសេនីយ៍ រ៉ា​ម៉ាហ្សា​ន់ ហ្ស៊ី​រ៉ាហ៊ី ត្រូវបាន​ទូរទស្សន៍​អ៊ីរ៉ង់​ស្រង់​សម្តី​ដែល​បាន​និយាយថា នាវា​នេះ​ត្រូវបាន​ចាប់​ឃាត់​នៅ​ក្នុង​ដែនទឹក​អ៊ីរ៉ង់​និង​ដឹក​ប្រេង​​ម៉ា​ស៊ូ​ត​។​លោក​ថា «​នាវា​បរទេស​នេះ​បាន​ទទួល​ប្រេង​ពី​នាវា​ផ្សេងៗ​និង​ដឹក​វា​ទៅកាន់​បណ្តារ​ដ្ឋ​នៅ​ឈូ​ង​សមុទ្រ​ពែ​ក្ស​»​។​

​សារព័ត៌មាន​អ៊ីរ៉ង់ បាន​រាយការណ៍​កាលពី​ខែ​មុន​ថា ប្រេង​រដ្ឋ​អ៊ីរ៉ង់​ផ្គត់ផ្គង់​ប្រមាណ​៨​លាន​លីត្រ​ត្រូវបាន​គេ​លួច​រត់ពន្ធ​ជា​រៀងរាល់ថ្ងៃ​ទៅកាន់​បណ្តា​ប្រទេស ដែល​ប្រេង​មាន​តំលៃ​​ថ្លៃ​ជាង​។​

​កង​នា​វាទី​៧​របស់​អាម៉េរិក តាំង​នៅ​បា​រ៉ែ​ន បាន​និយាយថា ខ្លួន​មិន​មាន​ព័ត៌មាន​ដើម្បី​បញ្ជាក់ថា​ការចាប់​នាវា​នេះ​ពិត​ឬ​មិន​ពិត​ទេ​។​ពួក​អ្នក​តាមដាន​ផ្លូវ​សមុទ្រ​ក៏​បាន​និយាយ​​ថា​ពួកគេ​មិន​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​អំពី​ឧបទ្ទវហេតុ​នេះ​ទេ​។​

​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​ចេះតែ​កើន​ឡើង​នៅ​ប៉ុន្មាន​ខែ​មកនេះ ដោយ​កាលពី​ខែ​មុន​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​ដោត​ទង់​អង់គ្លេស​Stena Impero ​នៅក្នុង​ច្រក​សមុទ្រហ័​រមូស ដោយ​ចោទប្រកាន់​ថា​រំលោភ​ច្បាប់​សមុទ្រ​អន្តរជាតិ​។​ដោយ​ទំនង​ជា​ការ​សងសឹក ការចាប់​នាវា​នេះ​បាន​កើតឡើង​២​សប្តាហ៍​ក្រោយ​អង់គ្លេស​ចាប់​ឃាត់​​ទុក​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​Grace 1 ពី​បទ​ចោទប្រកាន់​ថា រំលោភ​ទណ្ឌកម្ម​របស់​អឺរ៉ុប​ប្រឆាំង​ស៊ី​រី ដោយសារ​នាវា​នោះ​ត្រូវ​បាន​សង្ស័យ​ថា​ដឹក​ប្រេង​ទៅកាន់​ស៊ី​រី​។​

​នាវា​ដឹក​ប្រេង​ជា​ច្រើន​ទៀត ក៏​បាន​រង​ការវាយប្រហារ​នៅ​ច្រក​សមុទ្រហ័​រមូស​ចាប់តាំងពី​ខែ​ឧសភា​។​អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ឧបទ្ទវហេតុ​ទាំងនេះ ខណៈ​រដ្ឋា​​ភិបាល​ក្រុងតេអេ​រ៉ង់​បដិសេធថា​មិន​ជាប់​ពាក់ព័ន្ធ​ទេ​៕​ដោយៈ​វាសនា​

​វា​ជា​ការចាប់​នា​វាទី​៣ ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ នៅក្នុង​រយៈពេល​មិន​ដល់​១​ខែ​មកនេះ