អ៊ីរ៉ង់​ច្រានចោល​ការអះអាង​របស់​អ៊ីស្រាអែល​ថា​ខ្លួន​មាន​ឃ្លាំង​អាវុធ​បរមាណូ​សម្ងាត់​

726
ចែករម្លែក

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ទី២៧កញ្ញាបានចោទប្រកាន់អ៊ីរ៉ង់ថាមាន”ឃ្លាំងអាវុធបរមាណូសម្ងាត់”មួយនៅក្រៅរដ្ឋធានី ទោះជាមានកិច្ចព្រមព្រៀងឆ្នាំ២០១៥ជាមួយមហាអំណាចពិភពលោក ដែលមានបំណងរារាំងកុំអោយអ៊ីរ៉ង់មានសព្វាវុធនុយក្លេអ៊ែរ។ តែនៅប៉ុន្មានម៉ោងក្រោយមក អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ។

ដោយកាន់ក្រដាសផែនទីបង្ហាញតំបន់មួយជិតទីក្រុងតេអេរ៉ង់ ខណៈលោកនិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោកណេតាន់យ៉ាហ៊ូបានប្រាប់ពួកមេដឹកនាំពិភពលោកថា ពួកមន្រ្តីអ៊ីរ៉ង់បាននិងកំពុងរក្សាទុកគ្រឿងបរិក្ខានិងវត្ថុធាតុនុយក្លេអ៊ែរចំនួន៣០០តោននៅក្នុងទីតាំងមានជញ្ជាំងបិទជិតមិនអោយគេកត់សំគាល់បានមួយ។

ការបញ្ចេញប្រាប់របស់លោកណេតាន់យ៉ាហ៊ូកើតឡើងនៅពេល៤ខែបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសវត្តមាននៃអ្វីដែលខ្លួនបាននិយាយថាឯកសារស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ទម្ងន់កន្លះតោនត្រូវភ្នាក់ងារអ៊ីស្រាអែលប្រមូលបាននៅក្នុងសង្កាត់មួយជិតក្រុងតេអេរ៉ង់។អ៊ីស្រាអែលបាននិយាយថា ឃ្លាំងនោះបង្ហាញថាពួកមេដឹកនាំអ៊ីរ៉ង់លាក់បាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បង្ហាញផែនទីនៃទីតាំងឃ្លាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅចំពោះមេដឹកនាំពិភពលោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃ២៧កញ្ញា

ក្នុងការបង្ហោះសាររបស់ខ្លួន រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោកចាវ៉ាត ហ្សារីហ្វ បានថ្កោលទោសការលើកឡើងរបស់អ៊ីស្រាអែលដោយចាត់ទុកវាជា”ការសម្តែងសិល្បៈនិងសៀក”ដោយប្រទេសមួយដែលលោកបាននិយាយថា គួរបោសសម្អាតកម្មវិធីនុយក្លេអ៊ែរខ្លួនឯងនិងថា”ការចោទប្រកាន់នេះមានបំណងបន្ថយការចាប់អារម្មណ៍អំពីការពិតដែលថា អ៊ីស្រាអែលជាការគំរាមធំបំផុតចំពោះតំបន់”៕ដោយ៖វាសនា