អ៊ីរ៉ង់​ទុកពេល​អោយ​អឺរ៉ុប​៦០​ថ្ងៃ​សំរាប់​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ ខណៈ​អាម៉េរិក​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​

486
ចែករម្លែក

​អ៊ីរ៉ង់​និយាយថា ឱកាស​ចុងក្រោយ​សំរាប់​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥ ជាមួយ​មហាអំណាច​ពិភពលោក នឹង​កន្លងផុត​នៅ​៦០​ថ្ងៃ​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក​អាប់​បា​ស ម៉ូ​សា​វី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​ថា អ៊ីរ៉ង់​នឹងមិន​ផ្តល់​កាលកំណត់​ជា​ថ្មី​ដើម្បី​សង្គ្រោះ​កិច្ច​ព្រម​​ព្រៀង​នៅត្រឹម​ខែ​កញ្ញា​។​

​មុន​នេះ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ បាន​ព្រលយ​ពាក្យ​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ អាច​ចំរើន​សារធាតុ​វិទ្យុសកម្ម​អ៊ុយ​រ៉ា​ញ៉ូម​ដល់​៥​ភាគរយ​សំរាប់​គោល​​ដៅ​សន្តិភាព នៅមុន​កាលកំណត់​ដែល​ខ្លួន​បាន​ធ្វើឡើង​ដើម្បី​អោយ​បណ្តា​មហាអំណាច​ពិភពលោក​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥​។​

​អ៊ីរ៉ង់​កំពុង​អនុវត្ត​ការ​គំរាម​កាលពី​ថ្ងៃ​៨​ឧសភា​របស់​ខ្លួន​ថា​នឹង​ផ្អាក​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ​ចាប់ពី​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​តទៅ ជា​ការឆ្លើយតប​នឹង​ការដកខ្លួន​របស់​អា​ម៉េ​​រិក​ពី​កិច្ចព្រមព្រៀង​នេះ​និង​ការចាប់ផ្តើម​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​ជាថ្មី​។​

​កិច្ចព្រមពរៀង​នេះ​កំហិត​អ៊ីរ៉ង់​អោយ​ផលិត​អ៊ុយ​រ៉ា​ញ៉ូម​ខ្ពស់​បំផុ​តត្រឹម​៣,៦៧​ភាគរយ ដែល​គ្រប់គ្រាន់​សំរាប់​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​តែ​នៅ​ទាប​ឆ្ងាយ​ពី​កំរិត​៩០​ភាគរយ​ដែល​គេ​ត្រូវការ​សំរាប់​ផលិត​សព្វាវុធ​នុយគ្លេអ៊ែរ​។​

​លោក​អាប់​បា​ស ម៉ូ​សា​វី បាន​និយា​ថា អ៊ីរ៉ង់​នឹង​បើក​ការចរចា​ជាមួយ​ដៃគូ​អឺរ៉ុប និង​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ពួកគេ​នឹង​ចាត់វិធានការ​ឆ្ពោះ​ទៅ​ការអនុវត្ត​ការសន្យា​របស់​គេ​។​

​សូមបញ្ជាក់​ថា​អ៊ីរ៉ង់​កំពុង​ដាក់​សម្ពាធ​ដៃគូ​អឺរ៉ុប​អោយ​ស្វែងរក​ផ្លូវ​សម្រាល​ផលវិបាក​បណ្តាលមកពី​ទណ្ឌកម្ម​អាម៉េរិក​និង​និង​ការបន្ធូរបន្ថយ​សេដ្ឋកិច្ច​ដូច​មានចែង​ក្នុង​កិច្ចសន្យា​​ក្នុង​កិច្ចព្រមព្រៀង ជាពិសេស​ការលក់​ចេញ​ប្រេង​។​

​មុន​នោះ​កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​អាម៉េរិក បាន​និយាយថា​«​អ៊ីរ៉ង់ យក​ល្អ​ត្រូវ​ប្រយ័ត្ន ពី​ព្រោះ​អ្នក​ចំរើន​ធាតុ​វិទ្យុសកម្ម​នេះ​ដើម្បី​ហេតុផល​មួយ​។​វា​មិន​ល្អ​ទេ យក​ល្អ​ប្រយ័ត្ន​​ខ្លួន​»​។​

​ក្នុងពេល​ជាមួយគ្នា អ្នកការទូត​កំពូល​របស់​អាម៉េរិក​លោក រដ្ឋមន្ត្រីការបរទេស​ម៉ៃ ផ​ម​ផេវ បាន​និយាយថា​អ៊ីរ៉ង់​នឹង​ប្រឈម​ទណ្ឌកម្ម​ថែម​ទៀត ចំពោះ​ការរំលោភ​កំហិត​នៃ​ការ​​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម ដូច​មាន​ក្នុង​កិច្ចព្រមព្រៀង​។​លោក​ថា «​ការពង្រីក​កម្មវិធី​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​នឹង​នាំ​ដល់​ភាព​នៅ​ឯកោ​និង​ទណ្ឌកម្ម​»៕​ដោយ​៖​វាសនា​

ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​ព្រមាន​អ៊ីរ៉ង់​ថា​កុំអោយ​រំលោភ​ការ​កំហិត​អំពី​ការ​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​